ភ្នំពេញៈ បន្ទាប់ពី​ការធ្លាក់ចុះ​ជាច្រើន​សប្ដាហ៍ សន្ទស្សន៍​តម្លៃ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បាន​ងើប​ឡើងវិញ​ ៥ ​ភាគរយ​នៅពេល​បិទ​ការជួញដូរ​កាលពី​ថ្ងៃ​ចន្ទ ដែល​គាំទ្រ​ដោយ​ការកើនឡើង​ភាគហ៊ុន​របស់​ធនាគារ Acleda Bank Plc (ABC) និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA)​។

យោងតាម​ទិន្នន័យ​ជួញដូរ​ប្រចាំថ្ងៃ​របស់​ CSX ចាប់ពី​ថ្ងៃ​ពុធ សប្ដាហ៍​មុន រហូត​ដល់​ពេល​បិទ​ក្នុង​ថ្ងៃ​ចន្ទ សន្ទស្សន៍​តម្លៃ​ CSX បាន​កើនឡើង​ ៥ ​ភាគរយ​ដោយ​ការកើនឡើង​តម្លៃ​ភាគហ៊ុន​មូលធនីយកម្ម​ទីផ្សារ​ឈានមុខ​របស់ ABC ដែល​បាន​កើនឡើង​ ៦ ​ភាគរយ និង​តម្លៃ​ភាគហ៊ុន​មូលធនីយកម្ម​ទីផ្សារ​ឈានមុខ​គេ​ទី​ ៣ ​របស់ PWSA កើនឡើង ៤ ​ភាគរយ​។

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PPWSA) បាន​រាយការណ៍​ថា កាលពី​ថ្ងៃទី​ ៣ ខែ​ កក្កដា ឆ្នាំ​ ២០២០ ភាគហ៊ុន​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PPWSA) មានការ​ជួញដូរ​រហូត​ដល់​ប្រហែល ៧,៩៤ ​ពាន់​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ​ជិត​ ២ ​លាន​ដុល្លារ ដែល​នេះ​ជា​កំណត់ត្រា​ជួញដូរ​ខ្ពស់បំផុត​នៃ​ភាគហ៊ុន​នេះ រាប់​ចាប់ពី​ថ្ងៃ​ជួញដូរ​លើកដំបូង​។ ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ក្នុង​នោះ​ការជួញដូរ​របស់​វិនិយោគិនរាយ​មាន​ចំនួន​ត្រឹម​ជិត​ ៦ ​លាន​រៀល​ប៉ុណ្ណោះ ក្រៅពីនេះ​គឺជា​ការជួញដូរ​តាម​ការចរចា​របស់​វិនិយោគិន​ស្ថាប័ន​។

ក្រុមហ៊ុន​បន្តថា​៖ «​ការជួញដូរ នេះ​គឺជា​ការជួញដូរ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ទូទាត់​ជា​ប្រាក់ដុល្លារ​លើកដំបូង​បំផុត​នៅ CSX និង​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ យាន់តា ស៊ីឃ្យួរីធី (​ខេមបូឌា) ភីអិលស៊ី​»​។

ក្រុមហ៊ុន​បាន​ពន្យល់​ថា ការទូទាត់​ជា​ប្រាក់​ដុល្លារ​អាមេរិក​គឺ​អាច​ត្រូវបាន​ធ្វើឡើង​សម្រាប់​ការជួញដូរ​ក្នុង​ទំហំ​ធំ​ដែល​អនុញ្ញាត​ឲ្យ​វិនិយោគិន​ជួញដូរ​ជា​ប្រាក់រៀល តែ​អាច​ទូទាត់​ជា​ប្រាក់​ដុល្លារ​អាមេរិក ដើម្បី​កាត់បន្ថយ​ហានិភ័យ​អត្រា​ប្តូរប្រាក់​។

ក្រុមហ៊ុន PWSA បាន​បន្ថែម​ថា​៖ «​អត្រា​ប្តូរប្រាក់​ដែល​ប្រើប្រាស់​សម្រាប់​កំណត់​ទឹកប្រាក់​សមមូល​ជា​ប្រាក់​ដុល្លារ​គឺជា​អត្រា​កំណត់ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ១ ​ថ្ងៃ​ធ្វើការ​មុន​ថ្ងៃ​ជួញដូរ​។ ការទូទាត់​ជា​ប្រាក់​ដុល្លារ​នេះ​អាច​ប្រើប្រាស់​បាន​សម្រាប់​ការជួញដូរ​មូលបត្រ​កម្មសិទ្ធិ​ដែល​ធ្វើឡើង​តាមរយៈ​វិធីសាស្ដ្រ​ជួញដូរ​តាម​ការចរចា (NTM) ហើយ​ក្នុង​នោះ​វិនិយោគិន​ទិញ និង​លក់​ឯកភាព​គ្នា​ក្នុង​ការទូទាត់​ជា​ប្រាក់​ដុល្លារ​អាមេរិក​»​។

លោក Jong Weon Ha ​អនុប្រធាន CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ភាពមិនច្បាស់លាស់​ដោយសារ​ជំងឺ​កូវីដ​១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ព្រមទាំង​ទីផ្សារ​ភាគហ៊ុន​ផងដែរ​»​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ការធ្លាក់​ចុះ​តម្លៃ​ ABC ជា​បន្តបន្ទាប់​ចាប់តាំងពី​តម្លៃ​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍ បន្ទាប់ពី​ការចុះបញ្ជី​ធ្លាក់​ចុះមក​នៅត្រឹម​ជិត​តម្លៃ​នៃ​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិសាធារណៈ​ជា​លើកដំបូង​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ សប្ដាហ៍​មុន​បាន​ជំរុញ​ឲ្យ​មាន​តម្រូវការ​ឡើងវិញ​។ ទំហំ​ច្រើន​បំផុត​នៃ​ការបញ្ជាទិញ​ដេញថ្លៃ​លក់រាយ​បាន​ជំរុញ​តម្លៃ​ ABC កើនឡើង​។ ម្យ៉ាងវិញ​ទៀត​ការបំបែក​កំណត់ត្រា​ការជួញដូរ​តាមរយៈ NTM របស់​ក្រុមហ៊ុន PWSA ជិត​ ២ ​លាន​ដុល្លារ​រវាង​ក្រុម​វិនិយោគិន​រាយ​ក៏​មាន​ផលប៉ះពាល់​វិជ្ជមាន​ដល់​ការជួញដូរ​លក់រាយ​ដែល​ទាញ​តម្លៃ​ឲ្យ​កើនឡើង​ ៣ ​ថ្ងៃ​ជាប់​គ្នា​ផងដែរ​»​។

លោក​បាន​ឲ្យ​ដឹងថា មាន​អ្នកឃើញ​ចំណេញ​ដែល​អាច​មើលឃើញ​ឱកាស​ក្នុងអំឡុង​ពេល​វិបត្តិ​នេះ ដោយសារ​តែ​តម្លៃ​ធ្លាក់ចុះ «​នោះ​គឺជា​មូលហេតុ​ដែល​ទីផ្សារ​ភាគហ៊ុន​ជា​កន្លែង​ដែល​ក្រុម​វិនិយោគិន​អាច​រកប្រាក់​បាន ក្នុងអំឡុង​ពេល​មិន​ច្បាស់លាស់​នេះ​»​។

លោក​បន្ថែមថា​៖ «​ក្រុម​វិនិយោគិន​គួរតែ​បត់បែន និង​ឆ្លើយតប​ចំពោះ​ការផ្លាស់ប្តូរ​ដ៏ត្រឹមត្រូវ​នេះ​។ ការណ៍​នេះ​តែងតែ​មាន​មធ្យោបាយ​រក​ដំណោះស្រាយ​។ ជា​ឧទាហរណ៍​នៅក្នុង​ស្ថានការណ៍​បែបនេះ ក្រុម​វិនិយោគិន​អាច​សម្លឹង​មើល​ការវិនិយោគ​លើ​ក្រុមហ៊ុន​ដែល​ងាយ​រងគ្រោះ​តិច​បំផុត ដូចជា​ក្រុមហ៊ុន PWSA ដែល​អាជីវកម្ម​របស់​ខ្លួន​មិនត្រូវ​បាន​រង​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​ទេ ខណៈ​ដែល​អតិថិជន​នៅតែ​ត្រូវការ​ទឹក​បរិភោគ និង​ត្រូវការ​ទឹក​ងូត​ជាដើម​»​។

គិត​ត្រឹម​ចុង​ខែ​មិថុនា​ឆ្នាំនេះ CSX ទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជី​ ១២ និង​ក្រុមហ៊ុន​ ១ ​ទៀត​នឹង​ចុះបញ្ជី​នៅ​ខែសីហា​នេះ​។ ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​ ១២ នោះ​ក្រុមហ៊ុន ៦ ​គឺជា​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ និង​ក្រុមហ៊ុន​ ៦ ​ផ្សេងទៀត​ជា​ក្រុមហ៊ុន​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន​ទាំង​ ១២ នេះ​បាន​ប្រមូល​មូលនិធិ​ដោយ​ជោគជ័យ​ប្រហែល​ ២៤០ ​លាន​ដុល្លារ​ពី​ផ្សារ​មូលធន​នេះ​។ កាលពី​ចុងខែ​មិថុនា ឆ្នាំ​ ២០២០ មូលធន​នីយកម្ម​ទីផ្សារ​របស់ CSX បាន​កើនឡើង​ដល់​ប្រហែល​ ២,៥៧ ​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​មាន​ចំនួន​ ៤,៥ ​ដង​ខ្ពស់​ជាង​កាលពី​ឆ្នាំ​មុន​៕LA