ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) នឹង​រៀបចំ​សន្និសីទ​ម៉ាក្រូ​សេដ្ឋកិច្ច​លើក​ទី​ ៧ ក្រោម​ប្រធានបទ «​ការពិភាក្សា​លើ​ម៉ូដែល​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​» ​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​ក្រុម​អ្នកស្រាវជ្រាវ ក្រុម​សេដ្ឋវិទូ និង​វិនិយោគិន​នៅក្នុង​ឧស្សាហកម្ម សម្រាប់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​នៅ​ក្រោយ​វិបត្តិ​កូវីដ​ ១៩​។

សន្និសីទ​ដែល​នឹង​រៀបចំ​ឡើង​នៅ​ក្រុងភ្នំពេញ​នៅ​ខែធ្នូ​ចុង​ឆ្នាំ​នេះ គឺ​ដើម្បី​ផ្ដល់​ពេលវេលា​សម្រាប់​សាធារណជន និង​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ក្នុង​ការចុះឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។

NBC បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ចាប់​តាំងពី​ដើមឆ្នាំ​ ២០២០ ការរីក​រាលដាល​នៃ​កូវីដ​១៩ បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ទទួល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ជាពិសេស​នៅក្នុង​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ខាងក្រៅ ដោយសារ​ការធ្លាក់ចុះ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ការវិនិយោគ​។ វិបត្តិ​សុខភាព​ពិភពលោក​ដែល​កំពុង​ក្លាយ​ជា​វិបត្តិ​សេដ្ឋកិច្ច​នេះ​បាន​ធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​ដំណើរការ​សេដ្ឋកិច្ច ទំនាក់ទំនង​រហូត​ដល់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច នៅក្នុង​និង​ក្រោយពេល​វិបត្តិ​។

NBC បន្ត​ថា​៖ «​ចំពោះ​កម្ពុជា ដោយសារ​សេដ្ឋកិច្ច​មាន​ភាពបើក​ចំហ និង​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ខាងក្រៅ រួមមាន​ការនាំចេញ​ផលិតផល​វាយនភណ្ឌ ទេសចរណ៍ សំណង់ និង​ការវិនិយោគ កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ ២០២០ ​នេះ​ក៏​ប្រឈម​នឹង​ការថមថយ ដូច​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​ដែរ​។ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​បរិបទ​ថ្មី​នៃ​សេដ្ឋកិច្ចពិភពលោក តើ​កម្ពុជា​គួរ​អនុវត្ត​ម៉ូដែល​សេដ្ឋកិច្ច​បែបណា​ដែល​អាច​មាន​ភាពធន់​ខ្លាំង​នឹង​វិបត្តិ និង​សម្រេច​បាន​ដោយ​ជោគជ័យ​នូវ​គោលដៅ​ដែល​បាន​គ្រោង​ទុក​?»​។

NBC បន្តថា​ស្ថិត​ក្នុង​បរិការណ៍​នេះ ធនាគារជាតិ​ជ្រើសរើស​យក​ប្រធានបទ​ស្រាវជ្រាវ​គោល «​ការពិភាក្សា​លើ​ម៉ូដែល​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​លើក​ទី​ ៧ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ធ្នូ ឆ្នាំ​ ២០២០»​។

គោលបំណង​សន្និសីទ​នេះ​គឺ​ដើម្បី​លើកកម្ពស់​ការស្រាវជ្រាវ​ស្ដីពី​ប្រធានបទ​ខាងលើ និង​ផ្តល់​ជា​វេទិកា​ពិភាក្សា​ជុំវិញ​ម៉ូដែល​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ដែល​អាច​ក្លាយជា​ធាតុ​ចូល​ក្នុង​ការរៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​អនាគត​របស់​កម្ពុជា​។

កាលពី​ថ្ងៃទី​ ២៩ ខែ​ឧសភា ធនាគារពិភពលោក (WB) បាន​ទម្លាក់​ការព្យាករ​របស់ខ្លួន​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ថា នឹង​ធ្លាក់ចុះ​ចន្លោះ​ពី​ -១ ទៅ ​-២,៩​ ភាគរយ​ នៅ​ឆ្នាំ​ ២០២០ ​នេះ​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ កំពុង​ប៉ះពាល់​ដល់​វិស័យ​សំខាន់ៗ​ដែល​ជា​វិស័យ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដូចជា ទេសចរណ៍ ការនាំចេញ​ផលិតផល និង​សំណង់​ដែល​បញ្ចូល​គ្នា​មាន​ចំនួន​ជាង ៧០ ​ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស និង​ជិត ៤០ ​ភាគរយ​នៃ​ការងារ​ទទួល​បាន​ប្រាក់ខែ​។

WB បង្ហាញថា ភាពក្រីក្រ​ក្នុង​ឆ្នាំ​ ២០២០ អាច​កើនឡើង​ក្នុង​ចំណោម​គ្រួសារ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​វិស័យ​សំខាន់ៗ​ទាំងនេះ ចន្លោះ​ពី ៣ ​ទៅ​ ១១ ​ពិន្ទុ​ភាគរយ​ខ្ពស់ជាង​កម្រិត​មូលដ្ឋាន ឬ​ពេល​មិនមាន​ជំងឺ​កូវីដ​ ១៩​។

លោកស្រី Inguna Dobraja នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់ WB បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំនេះ​។

លោកស្រី​ថ្លែងថា​៖ «​វិបត្តិ​ពិភពលោក​ដែល​ជំរុញ​ដោយ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ប៉ះពាល់​យ៉ាងខ្លាំង​លើ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​»​។ លោកស្រី​បន្តថា​៖ «​ធនាគារ​ពិភពលោក​បាន​ប្ដេជ្ញាចិត្ត​ថា​នឹង​ជួយ​ប្រទេស​កម្ពុជា​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ប្រកប​ដោយ​ប្រសិទ្ធភាព និង​ពង្រឹង​សេដ្ឋកិច្ច​ឲ្យ​មាន​ការស្ទុះ​ងើបឡើង​វិញ និង​រឹងមាំ​នៅ​ពេល​អនាគត​»៕ LA