កម្មវិធី​សប្តាហ៍​ម្ហូបអាហារ​អាមេរិក (US Food Week) បាន​ត្រឡប់​សាជាថ្មី​មក​កាន់​ទីក្រុង​ភ្នំពេញ ស្រប​ពេល​ដែល​ផលិតផល​ម្ហូបអាហារ​អាមេរិក​កាន់តែ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ដែល​មាន​ជីវភាព​ធូរធារ​។

កម្មវិធី​ដែល​មាន​រយៈពេល ១០ ថ្ងៃ​នេះ​នឹង​មាន​បង្ហាញ​នូវ​សាច់គោ​អាមេរិក ដំឡូងបារាំង ទំពាំងបាយជូរ​ក្រៀម​កាលីហ្វ័រ​នីញ៉ា និង​សណ្តែក​ស្ងួត សណ្តែកបាយ សណ្តែក Chickpeas ព្រមទាំង​ស្រា​មកពី​សហរដ្ឋអាមេរិក​ផងដែរ​។

បណ្តា​ប្រជាជន​កម្ពុជា និង​ក្រុម​ភ្ញៀវទេសចរ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ម្ហូបអាហារ​អាមេរិក​។ តម្លៃ​នៃ​ការ​នាំចូល​ផលិតផល​ចំណី​អាហារ​ផ្អែក​តាម​ការចង់​បាន​របស់​អតិថិជន​មក​កាន់​ប្រទេស​កម្ពុជា​បាន​កើនឡើង​ស្ទើរតែ​ ១ ​ទ្វេ​ជា​ ២ ពោល​គឺ​ពី ១០,៣ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​ ២០១៣ មក ១៩,៦ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​ ២០១៧​។

កម្មវិធី​សប្តាហ៍​ម្ហូបអាហារ​អាមេរិក​នេះ​នឹង​មាន​រួមបញ្ចូល​នូវ​សកម្មភាព​ជាច្រើន​នៅក្នុង​វិស័យ​ចំណីអាហារ​។ កត្តា​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​សហរដ្ឋអាមេរិក និង​វិស័យ​ចំណីអាហារ​នៅ​ប្រទេស​កម្ពុជា​។

ក្នុង​សុន្ទរកថា​ស្វាគមន៍​នៅពេល​បើក​កម្មវិធី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​លោក Gerald H. Smith ជា​អនុព័ន្ធ​កសិកម្ម​ជាន់ខ្ពស់​នៃ​ស្ថាន​អគ្គ​កុងស៊ុល​អាមេរិក នៅ​ទីក្រុង​ហូជីមិញ​បាន​ថ្លែង​ថា​៖ «​ប្រទេស​កម្ពុជា​កំពុងតែ​ក្លាយ​ជា​ទីផ្សារ​រីកដុះដាល​សម្រាប់​ម្ហូបអាហារ​អាមេរិក​។ ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ​ផលិតផល​ចំណី​អាហារ និង​កសិផល (​ត្រូវ​បាន​នាំចូល​) ​ច្រើន​ជាង​មុន​ទ្វេដង ហើយ​ទីផ្សារ​កំពុងតែ​​មាន​ការ​រីកចម្រើន​ជា​ខ្លាំង​»​។

លោក​បាន​បន្ត​ទៀត​ថា​បណ្តា​ផលិតផល​ដែល​មាន​ការពេញ​និយម​ខ្លាំង​គឺ​សាច់គោ​អាមេរិក និង​ដំឡូងបារាំង​ក្លាស្សេកក ក៏​ប៉ុន្តែ​ការលក់​គ្រាប់​ធញ្ញជាតិ និង​ទំពាំងបាយជូរ​ក្រៀម​កាលីហ្វ័រ​នីញ៉ា​ក៏​មាន​ការកើនឡើង​ផង​ដែរ​។

ចាប់​តាំងពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ១២ ខែ​ធ្នូ បណ្តា​ក្រុមហ៊ុន និង​អាជីវករ​នាំចូល ចុងភៅ និង​ភោជនីយដ្ឋាន​នឹង​ធ្វើការ​ជាមួយ​នឹង​គ្នា​យ៉ាង​ជិតស្និទ្ធ​ទៅ​លើ​ព្រឹត្តិការណ៍​យ៉ាង​ច្រើន​ជា​បន្តបន្ទាប់​ក្នុង​កម្មវិធី ដើម្បី​លើក​កម្ពស់​ផលិតផល​ចំណីអាហារ​អាមេរិក​។

ថ្លែង​នៅក្នុង​កម្មវិធី​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​លោក ពេជ ឬទ្ធី បាន​និយាយ​ថា សេដ្ឋកិច្ច​កម្ពុជា​ទទួល​បាន​ការ​រីកលូតលាស់​ដ៏ល្អ​ប្រពៃ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ៧ ភាគរយ​ហើយ​នេះ​គឺជា​ឱកាស​មួយ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​នានា​ឲ្យ​មក​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។

លោក ពេជ ឬទ្ធី និយាយ​ថា​៖ «​កម្ពុជា​កំពុង​តែ​ទទួល​បាន​កំណើន​ដ៏ល្អ ព្រម​ទាំង​មាន​ភ្ញៀវទេសចរ​មក​លេង​ជាច្រើន​។ ក្រុមប្រឹក្សា​សណ្តែក​អាមេរិក (US Dry Bean Council) និង​ផលិតផល (​ផលិតករ​) ដទៃ​ទៀត​គួរ​តែ​ពិចារណា​មក​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។ យើង​គឺជា​សមាជិក​របស់​អាស៊ាន និង WTO (​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​) ហើយ​មាន​ប្រជាជន​ជា​អ្នក​ប្រើប្រាស់ និង​ទទួល​ទាន​ប្រមាណ ៦៥០ លាន​នាក់​ក្នុង​តំបន់​អាស៊ាន ដូច្នេះ​ទីផ្សារ​អ្នកប្រើប្រាស់ និង​ទទួលទាន​ពិត​ជា​មាន​ទំហំ​ធំ​ណាស់​»​។

កម្មវិធី​បាន​ចាប់ផ្តើម​កាលពី​សប្តាហ៍​មុន​ជាមួយ​នឹង​សិក្ខាសាលា​បណ្តុះបណ្តាល​សម្រាប់​មេ​ចុងភៅ​ចំនួន​ ២ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​។ ​សិក្ខាសាលា​បណ្តុះបណ្តាល​ទាំង​នេះ​ត្រូវ​បាន​នាំមក​ដោយ​សហព័ន្ធ​អ្នក​ជំនាញ​ផ្នែក​សាច់​អាមេរិក និង​វិទ្យាស្ថាន​ម្ហូបអាហារ​អាមេរិក​ក្នុង​នាម​ជា​សេវាកម្ម​ឧស្សាហកម្ម​មួយ​សម្រាប់​ក្រុមហ៊ុន​ក្រុមប្រឹក្សា​សណ្តែក​អាមេរិក​។ សិក្ខាសាលា​បណ្តុះបណ្តាល​នីមួយៗ​មាន​វត្តមាន​បណ្តា​មេ​ចុងភៅ​ប្រមាណ​ពី ២០ ទៅ ២៥ នាក់ ។

នៅក្នុង​ឱកាស​បើក​កម្មវិធី ម្ហូបអាហារ និង​ស្រា​អាមេរិក​នានា​ត្រូវ​បាន​បង្ហាញ​ទៅ​ដល់​ក្រុម​អ្នក​ចូលរួម​ដោយ​ក្រុមហ៊ុន​នាំ​ចូល​ចំណី​អាហារ​អាមេរិក​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា និង​ដៃគូ​ឧស្សាហកម្ម​នៅ​អាមេរិក​ផ្សេងៗ​ទៀត​។ ក្រៅពី​នេះ​ភោជនីយដ្ឋាន​ឈាន​មុខ​គេ​ចំនួន ១៦ នៅ​ក្រុង​ភ្នំពេញ​នឹង​ធ្វើ​ការផ្សព្វផ្សាយ​ពី​ម៉ឺនុយ​របស់​ខ្លួន​ចាប់​តាំងពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៩​។

នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ (​ថ្ងៃទី ១ និង​ទី​ ២ ខែ​ធ្នូ​) ចៅក្រម​វិនិច្ឆ័យ​មកពី​អាមេរិក​មួយ​ក្រុម​នឹង​ទៅ​ភ្លក្ស​រសជាតិ​ម្ហូប​នៅ​ភោជនីយដ្ឋាន​នីមួយៗ ហើយ​វាយតម្លៃ​ទៅ​លើ​ភោជនីយដ្ឋាន​ទាំងនោះ​ទៅ​លើ​ម៉ឺនុយ​ក៏​ដូចជា​បរិយាកាស​របស់​ពួកគេ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​កម្មវិធី​ សប្តាហ៍​ម្ហូបអាហារ​អាមេរិក​នេះ​។

ការប្រកួត​ប្រជែង​ចុងភៅ​វ័យក្មេង​មួយ​ក៏​នឹង​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​ ៤ ខែ​ធ្នូ នៅ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​នៅ​អំឡុង​កម្មវិធី​ផងដែរ​។ បណ្តា​មេចុងភៅ​វ័យក្មេង​មកពី​ភោជនីយដ្ឋាន និង​សណ្ឋាគារ​នានា​នៅ​ទូទាំង​ក្រុង​ភ្នំពេញ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូលរួម និង​បង្ហាញ​ពី​ជំនាញ​បច្ចេកទេស​របស់​ពួកគាត់​ក្នុង​ការអភិវឌ្ឍ និង​រៀបចំ​ចម្អិន​ម្ហូប​ដែល​ផ្សំ​ឡើង​ពី​គ្រឿងផ្សំ​មកពី​អាមេរិក​។ លោក ហែម ស៊ីមានី ជា​ជំនួយការ​អ្នក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Lee''s Foodservices Ltd ដែល​ជា​ក្រុមហ៊ុន​នាំចេញ និង​នាំ​ចូល​ចំណី​អាហារ​ឈានមុខ​គេ​មួយ​បាន​ថ្លែងថា តម្រូវការ​ផលិតផល​ចំណីអាហារ​អាមេរិក​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​។

លោក ស៊ីមានី និយាយ​ថា​៖ «​កម្រិត​ជីវភាព​ប្រជាជន​កម្ពុជា​កំពុងតែ​មាន​ការរីកចម្រើន ហើយ​បណ្តា​អតិថិជន​ដែល​មាន​ជីវភាព​ធូរធារ ចូលចិត្ត​ម្ហូប​អាហារ​អាមេរិក​ណាស់​។ នេះ​គឺជា​តម្រូវការ​ច្រើន​ជាង​មុន​មួយ ដោយសារ​តែ​គុណភាព និង​រសជាតិ​»​។

ការិយាល័យ​កិច្ចការ​កសិកម្ម អាមេរិក​នៅ​ប្រទេស​វៀតណាម ស្ថានទូត​អាមេរិក​នៅ​កម្ពុជា និង ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា និង​អាមេរិក​ដទៃ​ទៀត​បាន​ចូលរួម​នៅ​ក្នុង​ព្រឹតិ្តការណ៍​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ១២ ខែ​ធ្នូ ខាង​មុខ​នេះ​៕