ភ្នំពេញ: គណៈកម្មការមូលបត្រកម្ពុជា (SECC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ការវិនិយោគលើវិស័យមូលបត្រនៅប្រទេសកម្ពុជា។
ការចុះហត្ថលេខានេះបានធ្វើឡើងរវាងលោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាជាមួយលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានៅទីស្តីការសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃសុក្រ។
លោក ស៊ូ សុជាតិ បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា MoU ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហការលើកកម្ពស់ និង បង្កើនការយល់ដឹងពាក់ព័ន្ធទៅនឹងវិស័យមូលបត្រដល់សហគ្រាសពាណិជ្ជកម្មឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រព្រមទាំងលើកកម្ពស់ការវិនិយោគក្នុងវិស័យមូលបត្រតាមរយៈការចូលរួមយ៉ាងសកម្មពីវិស័យឯកជនដែលជាវិនិយោគិនក្នុងស្រុកផងដែរ។
លោកថ្លែងថា៖ «ការចុះអនុស្សរណៈនេះគឺបញ្ជាក់ឲ្យឃើញថា មានសហគ្រាសពាណិជ្ជកម្មនៅកម្ពុជាច្រើនបានចាប់អារម្មណ៍លើទីផ្សារមូលបត្រកម្ពុជាតាមរយៈការត្រៀមខ្លួនចុះបញ្ជីប្រមូលទុនពីទីផ្សារ និងការជួញដូរនៅលើទីផ្សារ ព្រមទាំងបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនដែលជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជាមកលើទីផ្សារមូលបត្រកម្ពុជា»។
ជាមួយគ្នានេះលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការចុះ MoU នឹងជួយបង្កើនការយល់ដឹងពាក់ព័ន្ធវិស័យមូលបត្រដល់សមាជិករបស់ខ្លួនដែលជាសហគ្រាសពាណិជ្ជកម្មឲ្យមានលទ្ធភាពសមស្របក្នុងការរៀបចំខ្លួនការចូលរួមវិនិយោគ។
លោកបានថ្លែងថា៖ «នេះជាឱកាសសម្រាប់សមាជិកសភាពាណិជ្ជកម្មក្នុងការស្វែងរកហិរញ្ញប្បទានក្នុងទីផ្សារមូលបត្រនៅកម្ពុជាក៏ដូចជាការពង្រឹងការគ្រប់គ្រង រៀបចំ និងអនុវត្តអភិបាលកិច្ចសាជីវកម្ម»។
ដើម្បីបង្កើនការទាក់ទាញវិនិយោគ និងការជួញដូរពីសាធារណជន SECC កំពុងតែធ្វើការកែសម្រួលនូវលក្ខខណ្ឌតម្រូវសម្រាប់ការផ្តល់អាជ្ញាប័ណ្ណ និងការគ្រប់គ្រងអាជីវកម្មនៃសកម្មភាពជួញដូរឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណងគ្រប់គ្រងទីផ្សារឧបករណ៍និស្សន្ទឲ្យកាន់តែមានប្រសិទ្ធភាព និងឲ្យស្របតាមដំណើរការជាក់ស្តែងនៃទីផ្សារ។ ការកែតម្រូវនេះនឹងកាត់បន្ថយលក្ខខណ្ឌតម្រូវស្តីពីការផ្តល់អាជ្ញាប័ណ្ណ និងមូលធនសម្រាប់ក្រុមហ៊ុនជើងសានៃឧបករណ៍និស្សន្ទ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ SECC កាលពីសប្តាហ៍មុន។
ទំហំជួញដូរឧបករណ៍និស្សន្ទបានកើនឡើងដល់ ៨៤ លានដុល្លារកាលពីឆ្នាំ ២០១៨ ដល់ ២០០ លានដុល្លារកាលពីឆ្នាំ ២០១៩ ។ នេះបើយោងតាមទិន្នន័យពី SECC៕ LA