ភ្នំពេញៈ ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា (CCC) បាន​អំពាវនាវ​ឲ្យ​មាន​ការវិនិយោគ​កាន់តែ​ច្រើន​ពី​កូរ៉េខាងត្បូង​មក​កម្ពុជា ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ក្នុង​ការបង្កើត​ទំនាក់ទំនង​អាជីវកម្ម និង​ពាណិជ្ជកម្ម​ដ៏រឹងមាំ ខណៈ​ប្រទេស​ទាំង​ ២ ​កំពុង​ស្ថិត​ក្នុងការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)​។

លោក គិត ម៉េង ប្រធាន CCC កាលពី​ថ្ងៃ​អង្គារ​មាន​កិច្ចប្រជុំ​មួយ​ជាមួយ​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (KITA) ​និង​ពាណិជ្ជករ​នៅក្នុង​ព្រឹត្តិការណ៍​ក្រៅ​ជំនួប​ប្រជុំ​មួយ​នៃ​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​ ២០២០ នៅ​ទីក្រុង​សេអ៊ូល សាធារណរដ្ឋ​កូរ៉េ​ជា​កន្លែង​ដែល​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ដឹកនាំ​ក្រុម​មន្ដ្រី​ជាន់ខ្ពស់ និង​ពាណិជ្ជករ​កម្ពុជា​នៅ​ទីនោះ​។

លោក​បាន​ឲ្យ​ដឹងថា CCC និង​សមាគម​ពាណិជ្ជកម្ម​វិនិយោគ​កូរ៉េ (KITA) បានរៀបចំ​រួមគ្នា​ប្រកប​ដោយ​ជោគជ័យ​នូវ​វេទិកា​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​បាន​ដឹកនាំ​ដោយ​មេដឹកនាំ​ទាំង​ ២ ​កាលពី​ឆ្នាំមុន ខណៈ​ដែល​កម្ពុជា និង​កូរ៉េ​បាន​ដំណើរការ​ការសិក្សា​លទ្ធភាព​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) កាលពី​ថ្ងៃទី​ ២៥ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ទីក្រុង Busan ប្រទេស​កូរ៉េ​ដែល​នឹង​ជួយ​បង្កើន​ពាណិជ្ជកម្ម ការវិនិ-គ និង​ទេសចរណ៍​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ចង់​ជំរុញ KITA លើកកម្ពស់​ការវិនិយោគ​របស់​ប្រទេស​កូរ៉េ​កាន់តែច្រើន​នៅ​កម្ពុជា ឬ​ត្រូវ​ពង្រីក​ការវិនិយោគ​មកពី​បណ្ដា​ប្រទេស​ជិតខាង ដូចជា វៀតណាម មក​កម្ពុជា​»​។ លោក​បាន​បន្ថែមថា បច្ចុប្បន្ន​ក្រុមហ៊ុន​កូរ៉េ​ជាង​ ២៥០ បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​សកម្មភាព​ពាណិជ្ជកម្ម​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្ដល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​រាប់ពាន់នាក់​។

លោក Jong Weon Ha ប្រធាន​ប្រតិបត្តិការ​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ដោយ​មាន​ទំនាក់ទំនង​ល្អ​រវាង​មេដឹកនាំ​ទាំងពីរ​រវាង​ប្រជាជន និង​ប្រជាជន​ប្រទេស​ទាំង​ ២ ​មាន​ឱកាស​ច្រើន​ដើម្បី​ធ្វើឲ្យ​រីកចម្រើន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ប្រទេស​កម្ពុជា និង​កូរ៉េ​មាន​ទំនាក់ទំនង​ដ៏រឹងមាំ​ជាមួយ​គ្នា​ទៅវិញទៅមក​។ ប្រទេស​កម្ពុជា​គួរតែ​ចាប់យក​អត្ថប្រយោជន៍​នេះ​​ដើម្បី​លើកកម្ពស់​ការវិនិយោគ​ផ្ទាល់​បរទេស​មកពី​ប្រទេស​កូរ៉េ ដោយសារ​តែមាន​ក្រុម​វិនិយោគិន​កូរ៉េ​ជាច្រើន​សម្លឹង​មើល​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេសក្រៅ​។ ហើយ​ខ្ញុំ​ជឿជាក់​ថា FTA នឹង​ជា​ឧបករណ៍​ដ៏ល្អ​មួយ ដើម្បី​លើកកម្ពស់​គំនិត​ផ្តួចផ្ដើម​នេះ​»​។ លោក​បន្ថែមថា វិស័យ​ដែល​ចាប់អារម្មណ៍​បំផុត​នៅ​កម្ពុជា ចំពោះ​វិនិយោគិន​កូរ៉េ​គឺ​វិស័យ​ហិរញ្ញវត្ថុ កសិកម្ម និង​ឧស្សាហកម្ម​សេវា​ (​ភោជនីយដ្ឋាន​)​។

នៅក្នុង​កិច្ចប្រជុំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េ​ដែល​ត្រូវ​បានរៀបចំ​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ខែ​មីនា​ឆ្នាំមុន មេដឹកនាំ​ទាំងពីរ​គឺ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​លោក​ប្រធានាធិបតី​កូរ៉េ មូន ជេអ៊ីន បាន​សន្យាថា នឹង​ធ្វើការ​សហការ​គ្នា​ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២​។

លោក មូន បាន​ឲ្យ​ដឹងថា​កម្ពុជា​ជា​កន្លែង​ដែល​គួរ​ឲ្យ​​ទាក់ទាញ​សម្រាប់​ការវិនិយោគ​ផ្ទាល់​បរទេស ដោយសារ​តែ​ប្រទេស​នេះ​ជា​ទីផ្សារ​មួយ​ក្នុង​ចំណោម​ទីផ្សារ​សំខាន់ៗ​​បំផុត​ជាច្រើន​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ក្រោយ ខណៈ​ក្រុមហ៊ុន​កូរ៉េ​កំពុង​បង្កើន​ការវិនិយោគ និង​ពាណិជ្ជកម្ម​របស់​ពួកគេ​នៅទីនេះ​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុង​វេទិកា​នេះ​ក៏​បាន​ធានា​ដល់​ក្រុម​វិនិយោគិន និង​ពាណិជ្ជករ​កូរ៉េ​ថា ប្រទេស​កម្ពុជា​មាន​បរិយាកាស​វិនិយោគ និង​ពាណិជ្ជកម្ម​ល្អ​ខ្លាំងណាស់ ដោយសារ​តែ​សន្ដិភាព សន្ដិសុខ និង​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ គណនេយ្យភាព ប្រសិទ្ធភាព និង​តម្លាភាព​។

ទិន្នន័យ​បាន​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងត្បូង​ស្ថិតក្នុង​ចំណោម FDI ឈាន​មុខ​គេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ចាប់​តាំងពី​ឆ្នាំ​ ១៩៩៤ ដល់​ឆ្នាំ​ ២០១៨ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ប្រហែល​ ២១២ មកពី​ប្រទេស​កូរ៉េ​ខាងត្បូង និង​រួមបញ្ចូល​គ្នា​មាន​តម្លៃ​ ៤,៥៦ ​ពាន់​លាន​ដុល្លារ និង​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​មាន​ជាង​ ១ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។

ចាប់តាំងពី​ឆ្នាំ​ ១៩៩៦ ដល់​ឆ្នាំ​ ២០១៨ រដ្ឋាភិបាល​កូរ៉េ​បាន​វិនិយោគ​ប្រហែល​ ៦៣២ ​លាន​ដុល្លារ​លើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយ​នឹង​ការចំណាយ​ប្រហែល​ ៣០០ ​លាន​ដុល្លារ​ តាមរយៈ​ជំនួយ​ឥតសំណង​។ ចាប់​តាំងពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២៣ ប្រទេស​ កូរ៉េ​ខាងត្បូង​ គ្រោង​នឹង​ផ្ដល់​ប្រាក់​បន្ថែម​ ២០០ ​លាន​ដុល្លារ​ផ្សេង​ទៀត​ ជា​កម្ចីសម្បទាន​ដល់​ប្រទេស​ កម្ពុជា​ ជា​ការរួមចំណែក​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​នេះ​៕LA