ភ្នំពេញៈ សភាពាណិជ្ជកម្ម​អន្តរជាតិ ៩ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ពន្យារ​ពេលវេលា​កំណត់​សម្រាប់​ការប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ដែល​បច្ចុប្បន្ននេះ​កំណត់​ពេល​ត្រឹម ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២១ សម្រាប់​ឆ្នាំសារពើពន្ធ​ ២០២០ ដោយ​លើកឡើង​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​បាន​បង្ក​ផលប៉ះពាល់​ខ្លាំង​លើ​ក្រុមហ៊ុន​របស់​ពួកគេ​។

យោងតាម​លិខិត​រួម​ ១ ​ដែល​ ភ្នំពេញ​ ប៉ុស្ដិ៍​ ទទួលបាន​កាលពី​ថ្ងៃ​សុក្រ​ផ្ញើជូន​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) សភា​ពាណិជ្ជកម្ម​អន្តរជាតិ​ទាំង​ ៩ គឺ​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​ (IBC) សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AmCham) សភា​ពាណិជ្ជកម្ម​អូស្ដ្រាលី​នៅ​កម្ពុជា​ (AUSCHAM) សភា​ពាណិជ្ជកម្ម​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា​ (Britcham) សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ (EuroCham) សភាពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា សមាគម​ពាណិជ្ជកម្ម​ជប៉ុន​នៅ​កម្ពុជា (JBAC) ​សភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​នៅ​កម្ពុជា​ (MBCC) និង​សភាពាណិជ្ជកម្ម​ហ្វីលីពីន​នៅ​កម្ពុជា (PhilCham)​។ ​

លិខិត​នេះ​បានឱ្យ​ដឹងថា​៖ «​សភាពាណិជ្ជកម្ម​អន្តរជាតិ​ដែលមាន​ចុះហត្ថលេខា​នៅ​ខាងក្រោម​នេះ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហប្រតិបត្តិការ​របស់​អ្នក​ជាមួយ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ និង​សូម​ស្នើឱ្យ​ឯកឧត្តម​ពិចារណា​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​ពន្យារពេល​ការកំណត់​ពេលវេលា​សម្រាប់​ការដាក់​ជូន​ពន្ធ​ប្រចាំឆ្នាំ​លើ​ប្រាក់ចំណូល ដែល​បច្ចុប្បន្ន​កំណត់​ត្រឹម​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​ ២០២១ សម្រាប់​ឆ្នាំ​សារពើពន្ធ​ ២០២០»​។

លិខិត​នេះ​បានឱ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​ជាថ្មី​ម្ដងទៀត​បាន​ឆ្លើយតប​ភ្លាមៗ ដោយ​មាន​ការតាមដាន​យ៉ាងរហ័ស​ដោយ​មាន​ផ្ដល់​អនុសាសន៍​ឱ្យ​ស្នាក់​នៅផ្ទះ​សម្រាប់​កម្មករ​រហូតដល់ ៩០ ​ភាគរយ និង​បាន​ពង្រឹង​ការពាក់​ម៉ាស់ គម្លាត​សង្គម និង​ការកម្រិត​ការធ្វើ​ដំណើរ​ជាដើម​។

លិខិត​បន្តថា​៖ «​ជាមួយ​នឹង​កម្លាំង​ពលកម្ម ៩០ ​ភាគរយ​ ស្នាក់​នៅផ្ទះ​នេះ​បង្ហាញ​ពី​បញ្ហា​ប្រឈម​វិសាមញ្ញ​ចំពោះ​អ្នក​ជាប់ពន្ធ​ដើម្បី​បំពេញ​អាករ​លើ​ប្រាក់ចំណូល​តាម​ការកំណត់​ពេលវេលា និង​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្ទាល់ ដោយសារ​តែ​កាលៈទេសៈ​ហួស​ពី​ការគ្រប់គ្រង​របស់​អ្នក​ជាប់ពន្ធ​»​។

រដ្ឋាភិបាល​កម្ពុជា​មាន​កំណត់ត្រា​ឈានមុខ​គេ​នៃ​ការគ្រប់គ្រង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ជា​ប្រទេសមួយ​ល្អ​បំផុត​លើ​ពិភពលោក ដែល​សហគមន៍​ពាណិជ្ជកម្ម​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាងខ្លាំង​។

លិខិត​នេះ​បាន​បន្តថា​៖ «​ការរីករាលដាល​ក្នុង​សហគមន៍​ ២០ ​កុម្ភៈ​» ​បាន​បណ្ដាល​ឱ្យ​មាន​ការកើនឡើង​ការឆ្លង​វីរុស​នេះ​ទូទាំងប្រទេស និង​បង្កឱ្យ​មាន​ការបារម្ភ​យ៉ាងខ្លាំង​នៅក្នុង​ចំណោម​កម្លាំង​ពលកម្ម​ទាក់ទង​នឹង​ហានិភ័យ​ការឆ្លង​»​។

លោក Anthony Galliano ប្រធាន AmCham បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ស្នាក់​នៅផ្ទះ​ដោយសារ​តែ «​ឧប្បតិ្តហេតុ​ ២០ ​កុម្ភៈ​» នៅពេល​ថ្មីៗ ដែល​បាន​មើលឃើញ​ការកើនឡើង​ការឆ្លង​ចំនួន​ច្រើន​។ ជា​លទ្ធផល​ផ្នត់គំនិត​របស់​ប្រជាជន​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង ជាទូទៅ​គោលបំណង​សំខាន់​ជាងគេ​គឺ​ការប្រុងប្រយ័ត្ន​កាន់តែ​ច្រើន និង​ការរក្សា​សុវត្ថិភាព​។ ផលិតភាព​កម្លាំង​ពលកម្ម​បាន​ធ្លាក់ចុះ ហើយ​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​ក្នុង​សមត្ថភាព​មួយផ្នែក​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​សភាពាណិជ្ជកម្ម​ទាំងនេះ​កំពុង​ស្នើសុំ​ឱ្យ​មាន​ការពន្យារពេល​សម្រាប់​ការដាក់​ជូន​ការប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ កំណត់ពេល​វេលា​នៅ​ថ្ងៃទី​ ៣១ ខែមីនា​ដោយសារ​តែ​កត្តា​ទាំងនេះ ខណៈ​ដែល​ក្រុមហ៊ុន​ជាច្រើន បច្ចុប្បន្ន​កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ភាពតានតឹង​លើ​កម្លាំង​ពលកម្ម​របស់​ពួកគេ​ពី​ចម្ងាយ ហើយ​ធនធាន​មិនមាន​ភាពខ្លាំង​ពេញលេញ​នោះទេ​»​។

យោងតាម​លោក Anthony ពន្ធ​លើ​ប្រាក់ចំណូល​នៅក្នុង​ការដាក់​ជូន​ដែលមាន ២០ ​ទំព័រ ដើម្បី​គណនា​ពន្ធ​ប្រាក់ចំណេញ​ប្រចាំឆ្នាំ ដែលជា​ទូទៅ​ ២០ ​ភាគរយ និង​ដើម្បី​បង់ពន្ធ​បែបនោះ​។ ការដាក់​ស្នើ​នេះ រួមមាន​តារាង​តុល្យភាព ប្រាក់ចំណេញ និង​ការខាតបង់​លើ​មូលដ្ឋាន​គណនេយ្យ ប្រាក់ចំណេញ និង​ការខាតបង់​លើ​មូលដ្ឋាន​ពន្ធ ឯកសារ​ចំណូល ឯកសារ​ការចំណាយ​លើ​ការបង់​រំលស់​ជាមួយ​នឹង​បញ្ជី​ទ្រព្យសកម្ម និង​ឯកសារ​សម្រាប់​ប្រតិបត្តិការ​ភាគី​ពាក់ព័ន្ធ​។ ក្រុមហ៊ុន​ត្រូវ​តម្រូវឱ្យ​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ​ដល់​រាជរដ្ឋាភិបាល​ដែលជា​ប្រភព​មួយ​នៃ​ប្រាក់ចំណូល​ពន្ធ និង​ទម្រង់​ផ្ទាល់ខ្លួន​គឺជា​ឯកសារ​ដ៏សំខាន់​ក្នុង​ការធ្វើ​សវនកម្ម​។

លោក Tan KheeMeng អនុប្រធាន​សភាពាណិជ្ជកម្ម​ម៉ាឡេស៊ី​នៅ​កម្ពុជា​ (MBCC) ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​បាន​បណ្ដាល​ឱ្យ​ការងារ​ជាច្រើន​មាន​ភាពយឺតយ៉ាវ ដោយសារ​តែ​ការកម្រិត​លើ​ការបិទ​គណនេយ្យ​ចុងឆ្នាំ និង​ការអនុវត្ត​ការធ្វើ​សវនកម្ម​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​ដោយ​ក្រុមហ៊ុន​សវនកម្ម​ខាង​ក្រៅ​។

លោក​ថ្លែងថា​៖ «GDT គួរ​ពិចារណា និង​ផ្ដល់ឱកាស​ដកដង្ហើម​ខ្លះ ដល់​អ្នក​ជាប់ពន្ធ និង​គណនេយ្យ និង​អ្នកជំនាញ​ពន្ធ​ដែល​នឹង​ជួយ​កាត់បន្ថយ​លទ្ធភាព​ការរីករាលដាល​ជំងឺ​កូវីដ​-១៩ ក្នុង​អំឡុងពេល​ដ៏លំបាក​នេះ​»​។

យោងតាម​លិខិត​រួម​នេះ​សភាពាណិជ្ជកម្ម​អន្តរជាតិ​ក៏​បាន​ស្នើសុំ​ទៅ GDT ឱ្យមាន​ការពន្យារពេល​បណ្ដោះអាសន្ន​ក្នុង​កិច្ចប្រជុំ​ផ្ទាល់ ជាពិសេស​សម្រាប់​ការទៅ​ជួប​អ្នក​ជាប់ពន្ធ​ថ្មី​ដោយផ្ទាល់​សម្រាប់​ការចុះបញ្ជី​ពន្ធ និង​សម្រាប់​អ្នក​ជាប់ពន្ធ​បច្ចុប្បន្នកំពុង​ធ្វើ​សវនកម្ម​។

ពួកគេ​អាច​ធ្វើការ​ផ្លាស់ប្តូរ​ព័ត៌មាន​រវាង​អ្នក​ជាប់ពន្ធ ឬ​តំណាង​របស់​ពួកគេ និង​អគ្គនាយកដ្ឋាន​ពន្ធដារ​តាមរយៈ​កម្មវិធី​ផ្ញើ​សារ Telegram ឬ WhatsApp ហើយ​បើ​អាចធ្វើ​បាន​រៀបចំ​កិច្ចប្រជុំ​សវនកម្ម​សំខាន់ៗ​តាមរយៈ​កម្មវិធី​ទំនាក់ទំនង​ពាណិជ្ជកម្ម ដូចជា​កម្មវិធី Zoom ឬ Microsoft Teams៕ LA