The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា បារម្ភ​ពី​ការ​ស្នើ​ដក​ប្រព័ន្ធ GSP

សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា បារម្ភ​ពី​ការ​ស្នើ​ដក​ប្រព័ន្ធ GSP

Content image - Phnom Penh Post
សមាជិក​ព្រឹទ្ធសភា​​របស់​អាមេរិក​​ លោក Chris Coons (ស្ដាំ) លោក Ted Cruz (ឆ្វេង)។ AFP

សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា បារម្ភ​ពី​ការ​ស្នើ​ដក​ប្រព័ន្ធ GSP

ភ្នំពេញៈ សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​​ចំពោះ​ការ​ស្នើ​ «ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា​ ឆ្នាំ ​២០១៩» ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ដោយ​បាន​លើក​ឡើង​​ថា វិធានការ​នេះ​នឹង​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​រោងចក្រ​រាប់​សែន​នាក់ និង​ជីវភាព​រស់នៅ​របស់​គ្រួសារ​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​​អាមេរិក​ទៀត​​ផង​​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​ផ្ញើ​ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិក។

សមាជិក​ព្រឹទ្ធសភា​​របស់​អាមេរិក​​មួយ​ចំនួន ដូច​ជា​ព្រឹទ្ធ​សមាជិក លោក Chris Coons លោក Ted Cruz តំណាង​រាស្ដ្រ Lowenthal និង​លោក Chabot បាន​ស្នើ​ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា​នេះ​ឡើង​ ដើម្បី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​(GSP) ​ពី​កម្ពុជា​ ព្រោះ​តែ​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា៖ «ខណៈ​យើង​ដឹង​ពី​ការ​ចង់​បាន​របស់​តំណាង​រាស្ដ្រ​របស់​យើង​ក្នុង​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​វិធានការ​នយោបាយ​ក្នុង​ស្រុក ដែល​មើល​ឃើញ​ថា​​មិន​អាច​ទទួល​យក​បាន​យើង​​ជឿ​ថា ដំណោះ​ស្រាយ​នេះ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រយោជន៍​ទាំង​អស់​គ្នា»។

សភា​ពាណិជ្ជកម្ម​អាមេរិក បាន​ឲ្យ​ដឹង​​ថា ផល​ប៉ះពាល់​បឋម​នៃ​ការ​ដក GSP នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​រោងចក្រ និង​គ្រួសារ​របស់​ពួក​គេ ដែល​​ជីវភាព​ការ​រស់​នៅ​ពឹង​ផ្អែក​លើ​ពាណិជ្ជកម្ម​ដែល​បាន​គាំទ្រ​ដោយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

សភា​ពាណិជ្ជកម្ម​អាមេរិក​ បន្ត​ថា៖ «លើស​ពី​នេះ​ក្រុមហ៊ុន​​អាមេរិក ក៏​​នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​កង្វះ​ស្ថិរភាព​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា និង​ការ​ធ្លាក់ចុះ​​បន្ថែម​ទៀត​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​របស់​យើង»។

ស្មារតី​​​ច្បាប់​ពាណិជ្ជកម្ម​ឆ្នាំ ១៩៧៤ របស់​អាមេរិក​គឺ​ផ្ដល់​ឱកាស​ដល់​បណ្ដា​​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ពិភព​លោក ក្នុង​​ការ​ប្រើប្រាស់​ពាណិជ្ជកម្ម​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ពួក​គេ​រីក​ចម្រើន និង​ចេញ​ផុត​ពី​ភាព​ក្រីក្រ។

តាមរយៈ​គោល​នយោបាយ​នេះ អាមេរិក​បាន​រួម​ចំណែក​ដោយ​ផ្ទាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ដែល​មាន​ប្រាក់​ចំណូល​ទាប​រាប់​សែន​នាក់ ដែល​ម្នាក់ៗ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ប្រើប្រាស់​ប្រាក់​ខែ​របស់​ពួក​គេ ដើម្បី​ផ្គត់ផ្គង់​សមាជិក​ក្រុម​គ្រួសារ ៥ នាក់​ផ្សេង​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍។

ទំនិញ​ក្រុមហ៊ុន​អាមេរិក​ដែល​ផលិត​នៅ​ក្នុង​រោងចក្រ​នៅ​កម្ពុជា ក៏​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ផង​ដែរ។

សភា​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យ​ដឹង​ថា ទាក់ទង​នឹង​លក្ខណ​វិនិច្ឆ័យ​សិទ្ធិ​ទទួល​បាន GSP ប្រទេស ​កម្ពុជា ​បាន​ការ​​អនុលោម​តាម​យ៉ាង​ពេញ​លេញ​ចាប់​តាំង​ពី GSP ត្រូវ​បាន​ផ្ដល់​ជា​លើក​ដំបូង។ សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​កម្មករ​របស់​ប្រទេស​នេះ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ក្នុង​រយៈពេល ​១ ទសវត្សរ៍​កន្លង​មក និង​បន្ត​ធ្វើ​កំណែ​ទម្រង់​ជា​បន្ត​បន្ទាប់។

លោក កាំង ម៉ូនីកា អគ្គ​លេខាធិការ​រង​​​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​​​កម្ពុជា (GMAC) ធ្លាប់​​​ប្រាប់​ ភ្នំពេញ​ប៉ុស្ដិ៍​​ថា ប្រទេស ​កម្ពុជា ទទួល​បាន​សិទ្ធិ​រួច​ពន្ធ​ចូល​ទីផ្សារ​អាមេរិក​តាំង​ពី​ខែ ​កក្កដា ​ឆ្នាំ ២០១៦ លើ​ទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ ២៨ ​ប្រភេទ។ លោក​បន្ត​ថា តម្លៃ​នៃ​ការ​នាំចេញ​ទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​របស់​កម្ពុជា មាន​ចំនួន​ប្រហែល ៥០០ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ក្នុង​ចំណោម​នោះ ៣៥០ ​លាន​ដុល្លារ​ត្រូវ​បាន​នាំចេញ​ទៅ​ទីផ្សារ​អាមេរិក​៕LA

អត្ថបទគួរចាប់អារម្មណ៍