ភ្នំពេញៈ សភា​ពា​ណិជ្ជ​កម្ម​អឺ​រ៉ុប​ប្រ​ចាំ​នៅ​កម្ពុជា​ (EuroCham) ​បង្ហាញ​ការ​បា​រម្ភ​យ៉ាង​ខ្លាំង​ទាក់​ទង​នឹង​ នី​តិ​វិ​ធី​ដក​ការ​អនុ​​គ្រោះ​ពន្ធ​ ស្ថិត​ក្រោម​​​កិច្ច​ព្រម​​ព្រៀង​​អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អា​វុធ (EBA)​ របស់​សហ​ភាព​អឺ​រ៉ុប ​ពី​ប្រ​ទេស​​ កម្ពុជា​ ដោយ​បាន​ហៅ​វិ​ធាន​ការ​នេះ​ថា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ផល​​ប្រ​យោ​ជន៍​ពា​ណិជ្ជ​កម្ម​រយៈ​ពេល​យូរ​អង្វែង​​​របស់​ស​ហ​ភាព​អឺ​រ៉ុប​នៅ​កម្ពុជា​។ នេះ​បើ​​តាម​លិ​ខិត​ផ្ញើ​ជូន​ស្នង​ការ​ទទួល​បន្ទុក​ពា​ណិជ្ជ​កម្ម​គណៈ​កម្ម​ការ​អឺ​រ៉ុប​។

ការ​បង្ហាញ​ពី​ក្តី​បា​រម្ភ​​​នេះ​កើត​មាន​ ១ ​សប្ដាហ៍​​ បន្ទាប់​ពី​​​ស​ហ​ភាព​​អឺ​រ៉ុប បាន​ជូន​ដំ​ណឹង​ដល់​ប្រ​ទេស​​ កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​ ៥ ​ ខែ​​តុ​លា​ថា កម្ពុជា​អាច​នឹង​បាត់​បង់​​ការ​អនុ​គ្រោះ​ពន្ធ​របស់​ខ្លួន​ក្នុង​ការ​​ចូល​ទៅ​ទី​ផ្សារ​អឺ​រ៉ុប​​ប្រ​សិន​​បើ​​ប្រ​ទេស​នេះ​មិន​បាន​ធ្វើ​​ឲ្យ​មាន «​ការ​កែ​លម្អ​ ​និង​ការ​បង្ហាញ​ច្បាស់​លាស់» ចំ​ពោះ​បញ្ហា​​សិទ្ធិ​មនុស្ស​ និង​​ប្រ​ជា​ធិប​តេយ្យ​នៅ​​ក្នុង​ប្រ​ទេស​ កម្ពុ​ជា​។​

លិ​ខិត​​​លើក​ឡើង​ថា​៖ «​យើង​​ទទួល​ស្គាល់​ថា​ ពេល​នេះ​មិន​មាន​​ការ​សម្រេច​​ព្យួរ​ ឬ​ការ​ដក​ឋានៈអនុ​គ្រោះ EBA​ ពី​កម្ពុជា​នៅ​​ឡើយ​​ ហើយ​​យើង​​នៅ​តែ​សង្ឃឹម​ថា ​នឹង​មាន​ការ​​ចរ​ចា​បន្ត​​​​ដើ​ម្បី​​ស្វែង​រក​មធ្យោ​បាយ​កាន់​តែ​​ប្រ​សើរ​ ក្នុង​ការ​ដោះ​ស្រាយ​​​ក្តី​បា​រម្ភ​ របស់​សហ​ភាព​អឺ​រ៉ុប​»​​។​

ស​ភាពា​ណិ​ជ្ជ​កម្ម​អឺ​រ៉ុប​ បាន​លើក​​ឡើង​ទៀត​ថា​ វិ​ធាន​ការ​ដក​ ឬ​ព្យួរ​ EBA ពី​កម្ពុជា​ជា​ការ​គំ​រាម​កំ​ហែង​ពិត​ប្រា​កដ​មួយ​ដល់​ពា​ណិជ្ជ​កម្ម​អឺ​រ៉ុប​នៅ​កម្ពុជា​៖ ​«​ការ​ព្យួរ​ ឬ​ដាក់​ទណ្ឌ​កម្ម​​បន្ថែម នឹង​គំ​រាម​កំ​ហែង​ដោយ​ផ្ទាល់​ដល់​សមត្ថ​ភាព​ប្រ​កួត​​ប្រ​ជែង ​ផ្នែក​ធុរ​កិច្ចរ​បស់​អឺ​រ៉ុប​នៅ​​កម្ពុជា​ និង​ធ្វើ​ឲ្យ​ភាព​មាន​ប្រៀប​​ផ្នែក​ប្រ​កួត​ប្រ​ជែង​ធុរ​កិច្ច​របស់​​អឺ​រ៉ុប​នៅ​កម្ពុជា​ធ្លាក់​ចុះ​ក្នុង​​ប​រិ​បទ​មួយ​ដែល​ប្រ​ទេស​ ចិន ​​កំ​ពុង​បង្កើន​វត្ត​មាន​របស់​ខ្លួន​​ក្នុង​ប្រ​ទេស​នេះ»។

លោក លឹម ហេង​ អនុ​ប្រ​ធាន​​សភា​ពា​ណិជ្ជ​កម្ម​​កម្ពុជា​ បាន​​ឲ្យ​ដឹង​ថា​ មន្ដ្រី​រដ្ឋា​ភិ​បាល​កំ​ពុង​ស្ថិត​លើ​ដំ​ណើរ​ផ្លូវ​​ក្នុង​ការ​​ដោះ​ស្រាយ​​បញ្ហា​។ ប៉ុន្តែ​លោក​អះ​អាង​ថា ការ​​ព្យួរ​កា​រ​អនុ​គ្រោះ EBA ​​ត្រូវ​ការ​រយៈ​ពេល​យូរ​នៅ​ក្នុង​នី​តិ​វិ​​ធី​មុន​នឹង​ឈាន​ដល់​ការ​​សម្រេច​ចុង​ក្រោយ។ ​​

លោ​ក​​ថ្លែ​ងថា​៖ «​រដ្ឋា​ភិ​បាល​កម្ពុជា​​​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ចំ​ពោះ​​ការ​ងារ​លើ​បញ្ហា​នេះ​ ហើយ​​នឹង​ស្វែង​រក​មធ្យោ​បាយ​ ដើ​ម្បី​ដោះ​ស្រាយ​​ភាព​ស្មុគ​ស្មាញ​នេះ​»​។

ទោះ​យ៉ាង​នេះ​ក្តី ស​ភា​ពាណិ​ជ្ជ​កម្ម​កម្ពុជា​ មាន​ជំ​នឿ​ថា បញ្ហា​នេះ​នឹង​​មិន​កើត​ឡើង​ចំ​ពោះ​ស្ថាន​ភាព​​របស់​កម្ពុជា​នោះ​ទេ​ ដោយ​សារ​តែ​រដ្ឋា​ភិ​បាល​​កម្ពុជា​ កំ​ពុង​ស្ថិត​លើ​ផ្លូវ​ក្នុង​ការ​អនុ​វត្ត​តាម​លក្ខ​ខណ្ឌ​ ILO ​ក្នុង​វិ​ស័យ​កាត់​ដេរ​។

​​លោក​​ថ្លែង​ថា​៖ «​វា​នឹង​​មិន​មែន​ជា​ការ​បា​រម្ភ​សម្រា​ប់​កម្ពុជា​នោះ​ទេ ដោយ​​សារ​តែ​យើង​អនុ​វត្ត​តាម ILO ​រួច​ហើយ​​ និង​ការ​ពារ​អត្ថ​ប្រ​យោជន៍​របស់​កម្ម​ករ​ ដោយ​ការ​បង្កើន​​ប្រាក់​​ខែ​ និង​​លើក​កម្ពស់​ការ​លើក​ទឹក​ចិត្ត​ផ្សេង​ទៀត​»​។

លោក​បន្ត​ថា​៖ «​​បើ​វា​កើត​​ឡើង​ពិត​មែន​ ខ្ញុំ​ជឿ​ជាក់​ថា ​កម្ពុជា​ក៏​​អា​ច​​ឈរ​ដោយ​ខ្លួន​ឯង​​​ក្នុង​ចំ​ណុ​ច​ណា​មួយ»។​

លោក​​បន្ត​ថា អត្ថ​ប្រ​យោ​ជន៍​​នឹង​​មិន​បាត់​បង់​​តែ​​​​កម្ពុជា​ទេ ប៉ុ​ន្តែ​​​អឺ​រ៉ុប​ក៏​នឹង​ប៉ះ​ពាល់​ដែរ។

លោក​ ហ៊ុន ​ឡាក់​ អនុ​ប្រ​ធា​ន​​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ដែល​ជា​ផ​លិត​ផល​សំ​ខាន់​មួយ​របស់​កម្ពុ​ជា​បន្ទាប់​ពី​សម្លៀក​បំ​ពាក់​ក្នុង​ការ​នាំ​ចេ​ញ​ទៅ​ទី​ផ្សារ​​អឺ​រ៉ុប​បាន​ប្រាប់​ ភ្នំ​ពេញ ប៉ុស្តិ៍​ ក្នុង​សប្តាហ៍​​​នេះ​ថា សហ​ព័ន្ធ​​ក៏​បាន​​​ពិ​ភា​ក្សា​គ្នា​​​អំ​ពី​បញ្ហា​នេះ​ដែរ​ ដើ​ម្បី​​ស្វែង​រក​ដំ​ណោះ​ស្រាយ​ណា​មួយ ​ប្រ​សិន​បើ​វិ​ធាន​ការ​នេះ​ត្រូវ​បាន​អនុ​វត្ត​។​

​លោក​បញ្ជាក់​ថា​​៖ «​បញ្ហា​ការ​ដក​ EBA នៅ​តែ​​ស្ថិត​នៅ​លើ​​ផ្លូវ​វែង​ឆ្ងាយ​មួយ ហើយ​យើង​​មិន​រំ​ពឹង​ថា វា​នឹង​ប៉ះ​ពាល់​ដល់​ឧស្សាហ​កម្ម​កសិ​កម្ម​នោះ​ទេ ព្រោះ​វា​​មាន​សក្ដានុ​ពល​​ច្រើន​ ​ពិ​សេស​​ក្នុង​ឧស្សា​ហ​កម្ម​ស្រូវ​អង្ករ​»​៕​LA