ក្រុងឡុងដ៍ៈ បន្ទាប់ពី​ពិភាក្សា​ដេញដោល​ដ៏ជូរចត់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួចមក​នៅ​ទីបំផុត​សមាជិកសភា​របស់​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ​បានអនុម័ត​លក្ខខណ្ឌ​នៃ​ការចាកចេញ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​របស់​ពួកគេ​ពី​សហភាព​អឺរ៉ុប (Brexit)​។

សមាជិក​សភា​នៅ​សភា​ជាន់ទាប​បាន​គាំទ្រ​រួចហើយ​ដល់​ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ដែល​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​ដែល​លោកនាយក​រដ្ឋមន្ត្រី Boris Johnson សម្រេច​បាន​ជាមួយ​ទីក្រុង​ប្រ៊ុចសែល​នៅ​ឆ្នាំមុន​។

ប៉ុន្តែ​សភា​ជាន់ខ្ពស់​បាន​ធ្វើការ​ផ្លាស់ប្តូរ​តិចតួច​នៅ​សប្តាហ៍​នេះ រួមទាំង​សិទ្ធិ​របស់​ពលរដ្ឋ​សហភាព​អឺរ៉ុប និង​ជន​ភៀសខ្លួន​កុមារ​បន្ទាប់ពី​ចាកចេញ​ពី​សហភាព​អឺរ៉ុប​។

ក្នុង​ការបោះឆ្នោត​ជា​ស៊េរី​នៅ​ថ្ងៃ​ពុធ សភា​ជាន់​ទាប​ជាទី​ដែល​គណបក្ស​អភិរក្សនិយម​របស់​លោក Johnson មាន​សំឡេង​ភាគច្រើន​បាន​ច្រាន​ចោលការ​ធ្វើ​វិសោធនកម្ម​ទាំង​ ៥ និង​បាន​បញ្ជូន​ច្បាប់​នេះ​ត្រឡប់​ទៅ​សភា​ជាន់ខ្ពស់​វិញ ដែល​នៅពេល​នោះបាន​យល់​ព្រមទាំង​ស្ទាក់ស្ទើរ​ក្នុង​ការដកចេញ​វិសោធនកម្ម​ទាំងនេះ​។

ឧបសគ្គ​តែមួយគត់​ដែល​នៅសល់​ដើម្បី​ធ្វើឲ្យ​ការផ្តល់​សច្ចាប័ន​មាន​ភាព​ផ្លូវការ​គឺ​ការអនុម័ត​ដោយ​ព្រះមហាក្សត្រិយានី Elizabeth II ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​ ៣១ ខែ​មករា​។

សភា​អឺរ៉ុប​នៅតែ​ត្រូវ​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​ក្នុង​ការបោះឆ្នោត​មួយ​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​ការអនុម័ត​របស់​សភា​អង់គ្លេស​នៅ​ទីក្រុង​ឡុងដ៍ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ខណៈ​ប្រទេស​នេះ​ខិត​កាន់តែ​ឆ្ពោះទៅ​រក​ការក្លាយ​ជា​ប្រទេស​ទី​ ១ ​ដែល​ចាកចេញ​ពី​សហភាព​អឺរ៉ុប​៕ KC