ភ្នំពេញៈ ខណៈជំងឺប៉េស្តជ្រូកអា្រហ្វិក កំពុងផ្ទុះឡើងនៅក្នុងប្រទេសចិន និងរីករាលដាលនៅក្នុងតំបន់សមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា ជំរុញឲ្យក្រសួងកសិកម្មត្រួតពិនិត្យឲ្យបានដិតដល់រាល់សត្វជ្រូកនាំចូលពីបណ្ដាប្រទេសជិតខាង ដើម្បីបង្ការការឆ្លងជំងឺនេះមកកម្ពុជា។
លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថាប្រទេស ចិន បានសម្លាប់សត្វជ្រូកឆ្លងរោគ ៣៨ ០០០ ក្បាលរួចហើយ ខណៈវាក៏ជាក្តីបារម្ភដ៏ធំ សម្រាប់កសិករខ្នាតតូច និងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជាផងដែរ។
បើទោះមិនមានទិន្នន័យពីការនាំចូលជ្រូកដោយផ្ទាល់ពីចិនមកកម្ពុជាក្តី លោក ស៊្រុន ពៅ បានឲ្យដឹងថា វាងាយរីករាលដាលមកដល់កម្ពុជា តាមរយៈការនាំចូលមកពីប្រទេស វៀតណាម ដែលជាប្រទេសជិតខាងរបស់ចិន។
លោកថ្លែងថា៖«វាជាការបារម្ភដ៏ធំ សម្រាប់កសិកររបស់យើង ក្រោយពីទទួលរងដោយសារតម្លៃជ្រូកកន្លងមក ហើយពេលនេះក៏កំពុងប្រឈមនឹងបញ្ហាធំផ្សេងទៀត»។ លោកបន្តថា៖«បើជំងឺនេះ រីករាលដាល មកដល់ប្រទេសរបស់យើង ឧស្សាហកម្មជ្រូក នឹងត្រូវដួលទាំងស្រុង»។
លោក ស៊្រុន ពៅ បន្តថា ក្រសួងកសិកម្មកម្ពុជា បានអនុញ្ញាតឲ្យមានការនាំចូលជ្រូកជាផ្លូវការពីវៀតណាម ១ ២៥០ ក្បាលក្នុង១ថ្ងៃ ប៉ុន្តែជាក់ស្តែងការនាំចូលអាចកើនដល់ជាង ២ ០០០ក្បាល។
ចិន ជាប្រទេសផលិត និងប្រើប្រាស់សាច់ជ្រូកឈានមុខគេរបស់ពិភពលោក បានរាយការណ៍ករណីលើកដំបូងរបស់ខ្លួនកាលពីខែសីហា នៅក្នុងខេត្ត Liaoning ភាគខាងឦសាន។ ចាប់ពីពេលនោះមកជំងឺនេះបានរីករាលដាលដល់ភាគខាងត្បូង ដែលបណ្ដាលឲ្យមានការសម្លាប់សត្វជ្រូក ៣៨ ០០០ ក្បាល។
ជំងឺប៉េស្តជ្រូកអា្រហ្វិកមិនប៉ះពាល់ដល់មនុស្សនោះទេ ប៉ុន្តែបណ្ដាលឲ្យមានជំងឺផ្ដាសាយលើសត្វជ្រូកដែលនឹងបង្កឲ្យសត្វជ្រូកងាប់។ មកដល់ពេលនេះមិនមានថ្នាំសម្លាប់មេរោគនេះ ឬវ៉ាក់សាំងការពារនៅឡើយទេ ហើយវិធានការតែ១គត់គឺសម្លាប់សត្វដែលឆ្លងរោគចោល។
ប្រទេសនៅក្នុងតំបន់នៅសប្តាហ៍នេះបានជួបប្រជុំរយៈពេល ៣ ថ្ងៃនៅក្នុងប្រទេស ថៃ ដែលរៀបចំដោយអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ ដោយប្រមូលផ្ដុំអ្នកជំនាញខាងជំងឺសត្វ ព្រមទាំងគោលនយោបាយកសិកម្ម មកពីបណ្ដាប្រទេសចំនួន ៩ ដែលនៅជិតខាងចិន។
ក្រុមអ្នកចូលរួមនៅក្នុងកិច្ចប្រជុំនេះមានមកពី កម្ពុជា ចិន ជប៉ុន ឡាវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា ហ្វីលីពីន កូរ៉េខាងត្បូង ថៃ និងវៀតណាម។
ប៉ុន្តែ មន្ដ្រីកម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះ ជំងឺនេះមិនទាន់បានរកឃើញនៅឡើយទេ សូម្បីនៅក្នុងប្រទេសជិតខាងកម្ពុជា។
លោក សេន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅក្រសួងកសិកម្មដែលចូលរួមក្នុងកិច្ចប្រជុំនេះបានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍ថា វីរុសជំងឺប៉េស្តជ្រូកអា្រហ្វិកមិនទាន់រីករាលដាលនៅក្នុងប្រទេស ថៃ វៀតណាម និងកម្ពុជានោះទេ ប៉ុន្តែមន្ដ្រីកំពុងត្រួតពិនិត្យយ៉ាងដិតដល់លើបញ្ហានេះ។
លោកថ្លែងថា៖ «ពេលនេះយើងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេស ថៃ និងអាជ្ញាធរវៀតណាម ដែលតាមដានយ៉ាងតឹងរ៉ឹងរាល់ផលិតផលនាំចូលទាំងអស់»។
លោកបានបន្តថា៖ «យើងនឹងរៀបចំសិក្ខាសាលាជាមួយក្រុមហ៊ុនផលិតសាច់ជ្រូករបស់យើង ដើម្បីយល់ដឹងអំពីវីរុសនេះ ដើម្បីជួយការពារ»។
លោកបន្តថា៖ «បើវីរុសនេះកើតឡើងក្នុងកសិដ្ឋាន ១០០ នៃសត្វជ្រូកដែលឆ្លងរោគ នឹងត្រូវងាប់»៕LA