ភ្នំពេញៈ សមាគម​ក្រុមហ៊ុន​ផលិត​វាយនភណ្ឌ និង​សម្លៀកបំពាក់​នៅ​អាស៊ី​ចំនួន​ ៩ រួមទាំង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​បាន​អំពាវនាវ​ឱ្យមាន​ការអនុវត្ត​ការបញ្ជាទិញ​កាន់តែ​ប្រសើរ​ក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ការរីករាលដាល​ជំងឺ​កូវីដ ១៩ លើ​ផលិតកម្ម និង​ចង្វាក់​ផ្គត់ផ្គង់​។

សមាគម​ ៩ ដែល​តំណាង STAR Network ជា​បណ្ដាញ​អន្តរ​អាស៊ី​លើកដំបូង​នៃ​សមាគម​ក្រុមហ៊ុន​ក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ និង​សម្លៀកបំពាក់​បាន​ជួបជុំគ្នា​កាលពី​ថ្ងៃ​អង្គារ​ទី​ ១២ ខែ មករា ឆ្នាំ​ ២០២១ ដើម្បី​ចាប់ផ្ដើម​គំនិត​ផ្តួចផ្ដើម​ថ្មី​មួយ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៨ ខែ​មករា​។

ទិដ្ឋភាព​ជាពិសេស​អំពី​គំនិត​ផ្តួចផ្ដើម​នេះ​នឹង​លើក​ជា​សំណួរ​ជុំវិញ​ការអនុវត្ត​ការបញ្ជាទិញ ដូចជា​លក្ខខណ្ឌ​ទូទាត់ និង​ការដឹកជញ្ជូន តាម​ទស្សនៈ​របស់​ក្រុមហ៊ុន​ផលិត និង​សមាគម​ដែល​តំណាងឱ្យ​ពួកគេ​ដែល​ធ្វើឱ្យ​វា​ក្លាយជា​គំនិត​ផ្តួចផ្ដើម​ពីក្រោម​ទៅលើ​ពិតប្រាកដ​។ ស្ថាប័ន​ជា​សមាជិក​ទាំង​ ៩ រួមមាន GMAC, BGMEA, BKMEA, CNTAC, PTMA, PHMA, TMA, MGMA និង VITAS​។

លោក Miran Ali អ្នកនាំពាក្យ STAR Network បាន​បញ្ជាក់ថា​៖ «​យើង​ចង់​រួមគ្នា​ជា​សមាគម និង​ក្រុមហ៊ុន​ផលិត​នៅ​អាស៊ី ដើម្បី​ឯកភាព​គ្នា​លើ​តួនាទី​ទូទៅ​ទាក់ទង​លក្ខខណ្ឌ​ទូទាត់ និង​ការដឹកជញ្ជូន ដើម្បី​យើង​មាន​សំឡេង​កាន់តែខ្លាំង​ក្នុង​ការពិភាក្សា​លក្ខណៈ​បុគ្គល និង​សមូហភាព​ជាមួយ​យីហោ និង​អ្នកបញ្ជា​ទិញ​ដោយ​កែលម្អ​ការអនុវត្ត​ការទិញ​»​។

លោក​លើកឡើង​ថា​៖ «​តួនាទី​រួម​នេះ​នឹង​មាន​ឥទ្ធិពល​» ដែល​ប៉ាន់ប្រមាណ​ថា Network នេះ​តំណាង​ឱ្យ​ជាង ៦០ ​ភាគរយ ​នៃ​ការនាំចេញ​សម្លៀកបំពាក់​លើ​ពិភពលោក​ទាំងអស់​។

លោក ខេន លូ អគ្គលេខាធិការ GMAC បាន​ពន្យល់ថា លក្ខខណ្ឌ​ទូទាត់​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​ខុសគ្នា​ខ្លាំង​ពី​ឧស្សាហកម្ម​ផ្សេងទៀត​។ លក្ខខណ្ឌ​ឥណទាន​រយៈពេល​វែង​ដែល​មិន​គួរឱ្យ​ជឿ ជា​បញ្ហា​មួយ និង​លក្ខខណ្ឌ​នានា​ជាមួយ​នឹង​ភាពលម្អៀង​មិនល្អ​ក្នុង​ការគាំទ្រ​របស់​អ្នកទិញ គឺជា​បញ្ហា​មួយ​ផ្សេងទៀត​ដែល​បង្ក​បញ្ហា​ទាំង​លំហូរ​សាច់ប្រាក់ និង​ហានិភ័យ​ហិរញ្ញវត្ថុ​លើ​ក្រុមហ៊ុន​ផលិត​។

លោក​បន្តថា ដោយ​គាំទ្រ​ដោយ​លិខិតធានា​ឥណទាន​ (LC) ឬ​កិច្ចសន្យាលក់ លក្ខខណ្ឌ​ឥណទាន​ដែល​ក្រុមហ៊ុន​ផលិត​ត្រូវតែ​ផ្ដល់ ឬ​ត្រូវបាន​បង្ខំ​ឱ្យ​ផ្ដល់​ដល់​អ្នក​បញ្ជាទិញ​មាន​រយៈពេល​ពី​ ៣០ ​ទៅ​ ១៥០ ​ថ្ងៃ​បន្ទាប់ពី​ដឹកជញ្ជូន​។

លោក​បន្តថា យោងតាម​ការស្ទង់​មតិ​ពេល​ថ្មីៗ​នេះ​ដោយ GMAC ក្នុង​ចំណោម​សមាជិក​របស់​ខ្លួន អ្នកឆ្លើយ​សំណួរ ៤០ ​ភាគរយ​បានឱ្យ​ដឹងថា អ្នកបញ្ជា​ទិញ​កំពុង​ស្នើឱ្យ​មាន​លក្ខខណ្ឌ​ឥណទាន​រយៈពេល​កាន់តែ​វែង ក្នុង​អំឡុងពេល​វិបត្តិ​កូវីដ ​១៩​។ ដោយមាន​ចំនួន​ស្មើគ្នា​ដែរ អ្នកឆ្លើយ​សំណួរ​ជាង ៤០ ​ភាគរយ ឱ្យដឹងថា អ្នកបញ្ជា​ទិញ​របស់​ពួកគេ​ក៏​ផ្ដល់​តម្លៃ​កាន់តែ​ទាប​ដើម្បី​រក្សាបាន​ការបញ្ជាទិញ​។

លោក​ថ្លែងថា​៖ «​យើង​ទទួលស្គាល់​ថា ភាគី​នីមួយៗ​មាន​ការពិបាក​ផ្ទាល់ខ្លួន ប៉ុន្តែ​អ្នកបញ្ជា​ទិញ ពិតណាស់​ស្ថិតក្នុង​ស្ថាន​ភាព​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ មិន​ដូច​ក្រុមហ៊ុន​ផលិត​ដែល​ហិរញ្ញវត្ថុ​ខ្សោយ​បំផុត និង​ត្រូវ​ដោះស្រាយ​ដោយផ្ទាល់​ជាមួយ​នឹង​ប្រាក់​ឈ្នួល​របស់​កម្មករ​​ពួកគេ​។ មិនអាច​មាន​ការពន្យារ​ពេល​ការទូទាត់​ប្រាក់​ឈ្នួល​ក្រុមកម្មករ​នោះទេ បើ​មិន​អ៊ីចឹង​ទេ រោងចក្រ​នឹង​មាន​ការធ្វើ​កូដកម្ម​ដែល​នាំឱ្យ​ខូចខាត​មិន​ខាន​»​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ (CLC) ឱ្យដឹងថា ការអនុវត្ត​ការទូទាត់​ប្រាក់​កាន់តែ​ប្រសើរ​អាច​ជួយ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​នៃ​ឧស្សាហកម្ម​ដែល​ត្រូវបាន​ប៉ះពាល់​ដោយ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ស្រប​នឹង​ការអំពាវនាវ​របស់​សមាគម​ឱ្យ​អនុវត្តន​ការទូទាត់​ប្រាក់​ឱ្យ​បាន​ល្អ​ជា​មួយ​អ្នកបញ្ជា​ទិញ ឬ​ម្ចាស់​ប្រ៊េនដ៍ ព្រោះ​ពួកគេ​ជា​អ្នកផ្គត់ផ្គង់​នៅទីនេះ​ក៏ត្រូវ​ការប្រាក់​សម្រាប់​កម្មក​រដែរ​។ ទោះ​យ៉ាងណា​ខ្ញុំ​ក៏​លើកទឹកចិត្ត​អ្នកផ្គត់ផ្គង់​គួរតែ​មាន​ដើមទុន​បង្វិល​នៅពេល​ដែល​មាន​ការទូទាត់​យឺត​ពី​អ្នកទិញ​»​។

STAR Network បាន​ចង្អុលបង្ហាញ​ថា សមាគម​ទាំង​ ៩ នឹង​ធ្វើ​ការងារ​ជា​ក្រុម​ការងារ​ចំនួន​ ៥ ​ដែល​កំណត់​។

យោងតាម​លោក ខេន លូ រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២០ ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​របស់​កម្ពុជា​ធ្លាក់​ចុះ​ ១០ ​ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩៕LA