ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​កំពុង​សម្របសម្រួល​ជាមួយ​សម្ព័ន្ធ​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​នៅ​អឺរ៉ុប​ (EBCA) ដើម្បី​ស្នើសុំ​ទៅ​លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​ឲ្យ​ពន្យារពេល​ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ​ (EBA) ​ពី​ប្រទេស​ កម្ពុជា ដោយសារ​ការរីករាលដាល​កូវីដ​ ១៩ កំពុង​រំខាន​ដល់​ការផលិត ការនាំចេញ និង​តម្រូវការ​។

EBCA បានដាក់​លិខិត​មួយ​ទៅ​សហភាព​អឺរ៉ុប (EU) តាំងពី​ថ្ងៃទី​ ៣០ ខែមីនា ដោយ​លើកឡើង​ថា ការរីករាលដាល​កូវីដ​ ១៩ កំពុង​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន​នៅក្នុង​ពិភពសកល​ភាវូបនីយកម្ម​។

EBCA បន្តថា​៖ «​ការរំខាន​ដោយ​កូវីដ​១៩ ផ្ដល់​ហានិភ័យ​ជាច្រើន​ដល់​ការងារ​ទាំង​នៅក្នុង និង​ក្រៅ EU​។ នៅក្នុង EU ការលក់​ក្នុង​វិស័យ​របស់​យើង​បាន​ធ្លាក់ចុះ​រួចហើយ​ប្រហែល​ ៩០ ​ភាគរយ និង​ប្រហែល​ ៩០ ​ភាគរយ​នៃ​បុគ្គលិក​បច្ចុប្បន្ន​ត្រូវ​បាន​គាំទ្រ​ហិរញ្ញវត្ថុ​ដោយ​ថៅកែ​របស់​ពួកគេ​។ ការធ្លាក់ចុះ​ខ្លាំង​នៅក្នុង​ការលក់​បែបនេះ​មាន​ផលប៉ះពាល់​ចៀស​មិន​ផុត​លើ​ការបញ្ជាទិញ​ឡើយ​»​។

EBCA បាន​លើកឡើង​ថា​៖ «​ដើម្បី​លើកកម្ពស់ និង​អាច​ឲ្យ​ពួកយើង​បន្ត​ការគាំទ្រ​បុគ្គលិក​របស់​យើង និង​នៅក្នុង​ប្រទេស​ផលិតកម្ម​ជាច្រើន យើង​ចង់​ស្នើ EU និង​រដ្ឋ​ជា​សមាជិក​ត្រូវ​គាំទ្រ​ឧស្សាហកម្ម​របស់​យើង​នៅក្នុង​រយៈពេល​វែង ដោយសារ​តែ​ការងើប​ឡើង​វិញ​នឹង​ត្រូវការ​រយៈពេល​យូរ​។

ជាពិសេសយើង​ចង់​ស្នើ​ក្នុង​កម្រិត EU ត្រូវ​កាត់បន្ថយ​ជា​បណ្ដោះអាសន្ន​នូវ​ពន្ធអាករ​លើ​តម្លៃបន្ថែម (VAT) និង​តម្លៃ​ពន្ធគយ​លើ​ការនាំ​ចូលក្នុង EU លើ​សម្លៀកបំពាក់ ដើម្បី​ផ្ដល់ជំនួយ​សង្គ្រោះ​រួម​​ជាមួយ​នឹង​ចង្វាក់​ផ្គត់ផ្គង់​ទាំងមូល ដែល​រួមទាំង​នៅក្នុង​បណ្ដា​ប្រទេស​ផលិតកម្ម​នានា​ផងដែរ​»​។

ការពន្យារពេល​នៃ​ការដក EBA ពី​ប្រទេស ​កម្ពុជា ដោយសារ​តែ​កាលៈទេសៈ​ពិសេស និង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​រួចហើយ​ដល់​ឧស្សាហកម្ម​ពិភពលោក និង​សូម​ស្នើ​ឲ្យ​មាន​ការពន្យារពេល​ ៩០ ​ថ្ងៃ​ ដោយ​ស្វ័យប្រវត្ដិ​នៃ​ការទូទាត់​ពន្ធ​ផងដែរ​»​។ នេះ​បើ​យោង​តាម​ការស្នើ​របស់ EBCA​។

កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​ដក​មួយផ្នែក​នៃ​ប្រព័ន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ (EBA) ពី​កម្ពុជា​ដែល​ធ្វើឲ្យ​ប៉ះពាល់​ប្រហែល​ ១ ​ភាគ​ ៥ ​នៃ​ការនាំចេញ​របស់​កម្ពុជា​រួមមាន​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​។ វិធានការ​នេះ​បាន​ត្រូវ​រំពឹង​ថា នឹង​ធ្វើឲ្យ​កម្ពុជា​ខាតបង់​ប្រហែល ១,១ ​ពាន់​លាន​ដុល្លារ​។ ការសម្រេចចិត្ត​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី​ ១២ ខែសីហា​។

លោក ខេន លូ អគ្គលេខាធិការ GMAC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បច្ចុប្បន្ន​សមាគម​កំពុង​ធ្វើការងារ​ប្រកៀក​ស្មា​គ្នា​ជាមួយ EBCA ជុំវិញ​ការស្នើសុំ​ទៅ EU ដោយសារ​តែ​ការរីករាលដាល​កូវីដ​ ១៩ ប៉ះពាល់​ដល់​ឧស្សាហកម្ម​នេះ​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​សហការ​សម្របសម្រួល​ជាមួយ EBCA​។ យើង​សង្ឃឹមថា EU នឹង​ពិចារណា និង​យល់ព្រម​ចំពោះ​ការស្នើសុំ​នេះ​។ នៅពេល​នេះ​យើង​មិនដឹង​ពី​ស្ថានភាព​នោះទេ​។ នៅពេល​នេះ​យើង​កំពុង​​ព្យាយាម​ដោះស្រាយ​បញ្ហា​បន្ទាន់​នៃ​កូវីដ ​១៩ និង​របៀប​ក្នុង​ការបន្ត​រស់ក្នុង​រយៈពេល​ ២-៣ ​ខែក្រោយ​»​។

លោក​បន្តទៀត​ថា​៖ «​យើង​ក៏​ចង់​ស្នើសុំ EU សម្រាប់​ការពន្យារ​ពេល​ដែល​អាច​ធ្វើបាន​នៃ​កាលបរិច្ឆេទ​សម្រាប់​ការអនុវត្ត​នេះ​ផងដែរ​។ បើ​ត្រូវបាន​យល់ព្រម វា​នឹង​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​រោងចក្រ​មួយចំនួន​ដែល​ផលិត​ទំនិញ​មិន​តាម​រដូវកាល​។ ដោយសារ​វីរុស​កូរ៉ូណា អតិថិជន​ជាច្រើន​កំពុង​រៀបចំ​ជា​ដំណាក់កាល​ការនាំចេញ​នៅ​ខែ​មេសា​ដល់​ខែ​មិថុនា​ទៅ​ខែ​សីហា​តទៅ​ដែល​នឹងត្រូវ​រង​ផលប៉ះពាល់​ដោយ​បញ្ហា​ពន្ធ​។ ដូច្នេះ​ការពន្យារពេល​ការដក​នេះ​ច្បាស់​ណាស់​ជួយ​នៅក្នុង​ស្ថានការណ៍​នេះ​»​។

ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ EU បាន​កើនឡើង​ ៥,៤ ​ពាន់​លាន​អឺរ៉ូ កាលពី​ឆ្នាំ​ ២០១៨​។ ក្នុងនោះ​ចំនួន​ ៩៥,៧ ​ភាគរយ ឬ​ ៥,២ ​ពាន់​លាន​អឺរ៉ូ ក្នុង​ចំណោម ៥,៤ ​ពាន់​លាន​អឺរ៉ូ​ចូល​ទៅ​ទីផ្សារ​ EU ស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA៕ LA