ភ្នំពេញៈ សមាគមទេសចរណ៍ក្នុងស្រុករបស់ថៃ (ADT) ស្នើទៅក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃជំរុញឲ្យមានការផ្តល់ប័ណ្ណបើកបរអាស៊ាន និងគោលការណ៍ណែនាំដែលសម្រួលដល់ការធ្វើដំណើរពីកម្ពុជានិងវៀតណាមចូលទៅប្រទេសថៃដោយប្រើប្រាស់រថយន្តផ្ទាល់ខ្លួន។
សំណើនេះធ្វើឡើងក្នុងបំណងទាក់ទាញទេសចរពីក្នុងតំបន់ចូលទៅថៃកាន់តែច្រើន មុនពេលការចូលមកដល់នៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ានចុងឆ្នាំនេះ។ នេះបើតាមលោក Yutthachai Sunthornrattanavej ប្រធានសមាគមទេសចរណ៍ថៃ (ADT) ដែលបានប្រាប់កាសែតបាងកកប៉ុស្ដិ៍កាលពីថ្ងៃអង្គារ។
លោកបានជំរុញឲ្យមានកិច្ចប្រជុំរវាងក្រសួងជាមួយសភាពាណិជ្ជកម្មខេត្ត ការិយាល័យអន្តោប្រវេសន៍នៅក្នុងខេត្តតាមព្រំដែន និងមន្ដ្រីមកពីបណ្ដាប្រទេសជិតខាងដើម្បីរួមគ្នាបង្កើតគោលការណ៍សម្រាប់ការធ្វើដំណើរផ្ទាល់ខ្លួនដែលអាចជំរុញដល់ភ្ញៀវទេសចរធ្វើដំណើរទៅកាន់ប្រទេសថៃតាមរថយន្តឯកជន។
លោកបន្ថែមថា៖ «ក្រសួងត្រូវតែដាក់ចេញគោលការណ៍ជាបន្ទាន់សម្រាប់ប៉ុស្ដិ៍ត្រួតពិនិត្យតាមព្រំដែនទាំងអស់ដើម្បីអនុវត្តតាមនៅក្នុងគោលបំណងទប់ស្កាត់ការយល់ច្រឡំក្នុងចំណោមភ្ញៀវទេសចរ។
ក្នុងរយៈពេល២០ឆ្នាំកន្លងមក ទេសចរណ៍ឆ្លងកាត់ព្រំដែនបានផ្ដោតលើខេត្តភាគខាងត្បូងជាប់ព្រំប្រទល់ប្រទេសម៉ាឡេស៊ីតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះ បរិយាកាសទេសចរណ៍តាមខេត្តជាប់ព្រំដែនឡាវ មីយ៉ាន់ម៉ា និងកម្ពុជាមានសកម្មភាពរស់រវើក»។
លោក ធួន ស៊ីណាន នាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ B2B Travel បានឲ្យដឹងថា និន្នាការធ្វើដំណើរនៅបរទេសដែលប្រើប្រាស់រថយន្តផ្ទាល់ខ្លួនមានភាពពេញនិយមយ៉ាងខ្លាំងក្នុងចំណោមភ្ញៀវទេសចរនៅក្នុងតំបន់រួចទៅហើយ ជាពិសេសភ្ញៀវទេសចរថៃ វៀតណាម និងម៉ាឡេស៊ី។
លោកស្វាគមន៍ដល់គំនិតផ្ដួចផ្ដើមផ្ដល់ប័ណ្ណបើកបរអាស៊ាន ដោយលើកឡើងថា វានឹងផ្ដល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មនេះទាំងមូល ទោះបីជាភ្ញៀវទេសចរកម្ពុជាឆ្លងកាត់ព្រំដែនទៅកាន់បណ្ដាប្រទេសជិតខាងមិនទាន់ពេញនិយមនៅឡើយនោះ។
លោកបន្តថា៖ «វានឹងជំរុញឲ្យប្រជាជនកម្ពុជាកាន់តែច្រើនធ្វើដំណើរទៅប្រទេសក្រៅដោយប្រើប្រាស់រថយន្តផ្ទាល់ខ្លួនជាមួយនឹងគោលការណ៍សាមញ្ញៗកាន់តែច្រើន។ វានឹងផ្ដល់ប្រយោជន៍ដល់ឧស្សាហកម្មនេះទាំងមូល ខណៈអ្នកធ្វើដំណើរជាច្រើននឹងនៅតែត្រូវការភ្នាក់ងារទេសចរណ៍»។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៍ឯកជនរដ្ឋាភិបាល បានថ្លែងថា មានការពិភាក្សាអំពីការដាក់ចេញបែបបទតែមួយសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ព្រំដែនដោយប្រើប្រាស់រថយន្តផ្ទាល់ខ្លួនចាប់តាំងពីឆ្នាំ២០០៥ រវាងប្រទេសកម្ពុជា ថៃ និងវៀតណាម ប៉ុន្តែលទ្ធផលតិចតួចប៉ុណ្ណោះបានកើតចេញពីការពិភាក្សានេះដោយសារមានការងារចាំបាច់មួយចំនួនត្រូវបន្តដោះស្រាយ។
លោកបន្តថា៖ «យើងនៅតែស្ថិតក្នុងការពិភាក្សាសម្រាប់បែបបទរដ្ឋបាលតែមួយសម្រាប់អ្នកធ្វើដំណើរ»។
លោកបញ្ជាក់ថា ខណៈសមាហរណកម្មសេដ្ឋកិច្ចអាស៊ានកាន់តែខិតចូលមកដល់ កម្ពុជាចាំបាច់ត្រូវពង្រឹងចំណេះដឹងខាងច្បាប់ចរាចរណ៍ និងការពង្រឹងច្បាប់ក្នុងចំណោមប្រជាជនដើម្បីធានាពីសុវត្ថិភាពទេសចរឆ្លងកាត់ព្រំដែនដែលចង់ធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួនរបស់ពួកគេ៕PB