ភ្នំពេញៈ សមាគម​ធុរកិច្ច​នៃ​ប្រទេស​កម្ពុជា​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​កូរ៉េខាងត្បូង​នៅ​ក្នុងការ​ស្រូបយក​ផលិតផល​កម្ពុជា​កាន់តែ​ច្រើន​ទៀត ខណៈ​មន្ត្រី​កម្ពុជា និង​កូរ៉េ​ខាងត្បូង​នឹង​ចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ​ជា​លើកដំបូង​នៅក្នុង​ខែក្រោយ​នេះ​។

កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​បាន​ផ្តួចផ្តើម​ឲ្យ​មាន​ការចរចា​ពាណិជ្ជកម្ម​សេរី​នៅ​ខែវិច្ឆិកា​ឆ្នាំមុន​ដោយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ បន្ទាប់មក​ក្រុម​ការងារ​នៃ​ប្រទេស​ទាំង​ ២ ​បាន​សិក្សា​រួម​គ្នា​ពី​លទ្ធភាព​នៃ​ការបង្កើត FTA​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ទោះ​ជា​ប្រទេស​កម្ពុជា​ពុំទាន់​មាន​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ប្រទេស​កូរ៉េ ប៉ុន្តែ​ការចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ជា​ទីផ្សារ​ថ្មី​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​នៅពេល​អនាគត​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា អង្ករ​យើង​នឹង​មាន​ទីផ្សារ​ថ្មី​ទៀត បើសិន​ភាគី​ទាំង​ ២ ​បើក​ឲ្យ FTA ឬ​ក៏​ភាគី​កូរ៉េ​ផ្តល់​ត្រឹម​ជា​កូតា ពិសេស​សម្រាប់​ការនាំ​អង្ករ​របស់​កម្ពុជា​ក្នុង​បរិមាណ ៣ ​ទៅ​ ៥ ម៉ឺន​តោន​ក៏ដោយ​ព្រោះ​ទីផ្សារ​កូរ៉េ​ធំ បើទោះ​ជា​ពលរដ្ឋ​កូរ៉េ​មិន​ហូប​អង្ករ យើង​ក៏មាន​ពលករ​ខ្មែរ​យើង​ប្រមាណ ៥-៦ ​ម៉ឺន​នាក់ ​នឹង​ប្រើប្រាស់​ផលិតផល​របស់​យើង​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា ការចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ទាំង​ ២ ​នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។ លោក​បន្តថា​៖ «​ការចាប់ផ្តើម​នេះ​ជា​សញ្ញា​ល្អ បើ​យើង​ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ យើង​នឹង​ទាក់ទាញ​វិនិយោគិន​កូរ៉េ​កាន់តែ​ច្រើន​មក​បង្កើត​រោងចក្រ​នៅ​កម្ពុជា ផលិត​ទំនិញ​សម្រាប់​នាំចេញ​»​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភាគី​ទាំង​ ២ ​បានបញ្ចប់​ការសិក្សា​រួមគ្នា និង​ឯកភាព​គ្នា ព្រមទាំង​បំពេញ​នីតិវិធី​ផ្ទៃក្នុង​ដើម្បី​ចាប់ផ្ដើម​បើក​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​នៅ​ខែកក្កដា​ខាងមុខ​។ លោក​បន្តថា ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ការចរចា​នេះ​នឹង​ធ្វើ​ឡើង​តាមរយៈ Video Conference​។

បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​កម្ពុជា​មាន​សក្តានុពល​នាំចេញ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ពី​ស្បែក និង​ផលិតផល​កសិកម្ម ទៅកាន់​ទីផ្សារ​កូរ៉េ ខណៈ​កូរ៉េ​នឹង​នាំ​ចូលមក​កម្ពុជា​នូវ​ផលិតផល​គ្រឿងចក្រ កុំព្យូទ័រ និង បច្ចេកវិទ្យា ជាដើម​។ លើសពីនេះ FTA ក៏​នឹង​ជំរុញ​ឲ្យ​មាន​ការវិនិយោគ​បន្ថែម​នៅ​ទីផ្សារ​នៃ​ប្រទេស​ទាំង​២​។

លោក​បាន​ថ្លែងថា​៖ «​តាម​ការសិក្សា​យើង​ឃើញថា​មាន​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក យើង​មាន​សក្តានុពល​សេដ្ឋកិច្ច​រៀងៗ​ខ្លួន ប្រសិន​បើ​យើង​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា ភាពខ្លាំង​នៃ​ប្រទេស​នីមួយៗ​នឹង​ក្លាយ​ទៅ​ជា​កម្លាំងចលករ​មួយ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​គ្នា​ទៅវិញទៅមក​»​។

បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម បច្ចុប្បន្ន​មាន​ក្រុម​ការងារ​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ចំនួន ៨ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ទទួលខុសត្រូវ​លើ​ការសិក្សា និង​ចរចា​ឈាន​ទៅ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។

ប្រទេស​ចិន គឺជា​ដៃគូ​ទី​ ១ ដែល​កម្ពុជា​កំពុង​ធ្វើការ​ចរចា​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​សេរី​ជាមួយ ដោយ​ពេលនេះ​បានបញ្ចប់​ការចរចា​ជុំ​ទី​ ៣ ​រួចហើយ ហើយ​រំពឹង​ថា កិច្ចព្រមព្រៀង​នេះ​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០២០ នេះ​។

ចំណែក​ក្រុមការងារ ២ ទៀត​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ពិនិត្យ​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា-សហភាព​សេដ្ឋកិច្ច​អឺរ៉ាស៊ី (​បេឡារុស កាហ្សាក់ស្ថាន អាមេនី រុស្ស៊ី និង​កៀហ្ស៊ីស៊ីស្ថាន​)​។ ដោយឡែក​ប្រទេស​ចំនួន ៥ ទៀត​រួមមាន ចក្រភព​អង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី និង​ឥណ្ឌា រហូត​មក​ដល់​ពេលនេះ​នៅ​មិនទាន់​បាន​ចាប់ផ្តើម​ទេ​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ឆ្នាំមុន​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​សម្រេច​បាន​ជាង ១ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ កើនឡើង​ជាង ៣៦ ភាគរយ​ធៀប​នឹង ៧៥៦ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។ កម្ពុជា​បាន​នាំ​ចេញ ៣៣៥ លាន​ដុល្លារ​ទៅ​កូរ៉េ ខណៈ​នាំចូល​មក​វិញ ៦៩៦ លាន​ដុល្លារ​ក្នុង​អំឡុង​ពេលនេះ​។

កម្ពុជា​នាំចេញ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ភាគច្រើន​រួមមាន​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ទំនិញ​ធ្វើ​ដំណើរ ភេសជ្ជៈ ឧបករណ៍​អេឡិចត្រូនិក កៅស៊ូ វេជ្ជសាស្ដ្រ និង​ផលិតផល​កសិកម្ម ខណៈ​នាំចូល​មក​វិញ​នូវ​រថយន្ត ភេសជ្ជៈ ឧបករណ៍​អេឡិចត្រូនិក ឧបករណ៍​ប្រើប្រាស់​ក្នុង​គេហដ្ឋាន វេជ្ជសាស្ដ្រ និង​ផលិតផល​ប្លាស្ទិក​៕ LA