ភ្នំពេញៈ សមាគមបចេ្ចកវិទ្យាហិរញ្ញវត្ថុកម្ពុជា (CFA) និងសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃបច្ចេកវិទ្យា (CAFT) បានប្រកាសជាផ្លូវការនៃការច្របាច់បញ្ចូលគ្នា ដើម្បីក្លាយជាសមាគមដ៏រឹងមាំមួយក្នុងការផ្ដល់បច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែប្រសើរដល់សហគមន៍នៅក្នុងប្រទេសកម្ពុជា។
CFA ត្រូវបានបង្កើតឡើងចាប់តាំងពីខែសីហាឆ្នាំ ២០១៨ ហើយរហូតមកដល់ពេលនេះសមាគមនេះមានក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ៨០ ជាសមាជិកមកពីប្រទេសហ្វីលីពីន សិង្ហបុរី កោះតៃវ៉ាន់ និងថៃ។
លោក Andrew Shin ជាទីប្រឹក្សាសមាគមបានឲ្យដឹងថា ការច្របាច់បញ្ចូលគ្នារបស់សមាគមទាំង ២ នេះនឹងរួមកម្លាំងគ្នាដើម្បីកែលម្អវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដោយសារតែនៅពេលនេះអ្នកប្រើប្រាស់មានការកើនឡើង។
លោក Andrew ដែលបច្ចុប្បន្នជាប្រធានរបស់ធនាគារ PPCBank ផងនោះ បានថ្លែងថា៖ «ខ្ញុំមានសេចក្ដីរីករាយដែលបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ដ្រនៅពេលនេះនៅក្នុងយុគសម័យ Cambodia Fintech។ ខ្ញុំសង្ឃឹមថា ការច្របាច់បញ្ចូលគ្នានេះ CAFT នឹងនាំយកការផ្លាស់ប្តូរប្រកបដោយភាពច្នៃប្រឌិត និងធ្វើឲ្យមានការផ្លាស់ប្តូរដល់វិស័យហិរញ្ញវត្ថុសម្រាប់អត្ថប្រយោជន៍ប្រជាជននៅកម្ពុជា»។
លោក ប៉ែន ចិន្តា អគ្គនាយកសមាគមនេះបានចង្អុលបង្ហាញថា សមាគមដែលរួមបញ្ចូលគ្នាថ្មីនេះជាសមាគមមួយដែលមានបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេបំផុតនៅកម្ពុជា ខណៈដែលសមាជិកជាច្រើនត្រូវបានតំណាងដោយមេដឹកនាំដ៏មានឥទ្ធិពល និងនវានុវត្តន៍ត្រៀមខ្លួនរួចរាល់ក្នុងការចែករំលែកបទពិសោធ និងជំនាញដ៏មានតម្លៃ។
លោកថ្លែងថា៖ «ខ្ញុំទន្ទឹងរង់ចាំក្នុងការដឹកនាំសមាគមនេះទៅថ្ងៃអនាគត ដោយសារតែយើងបន្តក្នុងការតស៊ូមតិរបស់យើងក្នុងការរួមបញ្ចូលគ្នាជាសហគមន៍ Cambodian Fintech និងបម្រើជាសំឡេងរួមតែមួយ»។
លោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងថា ចាប់តាំងពីការរីកចម្រើននៃ Fintech នៅកម្ពុជាគឺពិតជាបង្កើតនូវសក្ដានុពលជាច្រើនដែលទាមទារឲ្យរួមបញ្ចូលគ្នាជាសំឡេងរួមតែមួយ និងកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយបណ្តាក្រុមហ៊ុននានា និងនិយតករ។
លោកស្រីបញ្ជាក់ថា៖ «សម្រាប់យុគសម័យនៃការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុគឺពិតណាស់ វាមានសក្ដានុពលខ្លាំងបំផុត ប៉ុន្តែទាមទារឲ្យមានការកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីនិយតករ និង ឧស្សាហកម្មនេះ»។
NBC នឹងដាក់ឲ្យដំណើរការកម្មវិធីទូទាត់ប្រាក់ និងការផ្ទេរប្រាក់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាម Blockchain ក្នុងរយៈពេល ២-៣ ខែខាងមុខនេះ ដោយមានឈ្មោះថា «គម្រោងបាគង» ផែនការនេះមានការគាំទ្ររួចហើយពីធនាគារ ១១ ដោយមានធនាគារជាច្រើនទៀតរំពឹងថា នឹងចូលរួមក្នុងពេលឆាប់ៗនេះ។ ចំនួនគណនីទូទាត់តាមអេឡិចត្រូនិកដ៏សកម្មនៅកម្ពុជាបានកើនឡើង ៥,២២ លានកាលពីឆ្នាំមុនកើនឡើង ៦៤ ភាគរយធៀបឆ្នាំ ២០១៨។
ការទូទាត់ចល័តតាមរយៈធនាគារ និង PSI មានភាពរីកចម្រើនដែលស្មើនឹង ២២,៩ ភាគរយនៃ GDP ឆ្នាំ ២០១៩៕LA