ភ្នំពេញៈ​ សមាគម​មគ្គុទេសក៍​អង្គរ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សេវា​ Zero-Dollar Tour មិនមែន​ជា​មូលហេតុ​ចម្បង​​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ធ្លាក់​ចុះ​នៅ​ក្នុង​ខេត្ត​សៀមរាប​នោះ​ទេ ​ខណៈ​សេវា​បែប​នេះ​ភាគ​ច្រើន​សម្រាប់​តែ​ភ្ញៀវ​ទេសចរ​ចិន​។​

ការ​អះអាង​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី ​​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថ្មីៗ​នេះ​ព្រមាន​​បិទ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម Zero-Dollar Tour​ ដោយ​ចាត់​ទុក​ថា​សេវា​នេះ ​ធ្វើ​​ឲ្យ​ប៉ះពាល់​វិស័យ​ទេសចរណ៍​​កម្ពុជា​។​

លោក​ ខៀវ ​ធី ​ប្រធាន​សមាគម​មគ្គុទេសក៍​អង្គរ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ប្រព័ន្ធ​បញ្ជាក់​Guide Direk កាល​ពី​ថ្ងៃ​សុក្រ​​​ថា ​បញ្ហា​​អាកាសធាតុ ​សណ្ដាប់​ធ្នាប់​ក្នុង​ក្រុង​​សៀមរាប ​ការ​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​​អង្គរ ​និង​នយោបាយ​ថ្នាក់ថ្នម​ចិន​ជា​​មូលហេតុ​ធ្វើ​ឲ្យ​ចំនួន​ទេសចរ​បរទេស​ថយ​ចុះ។​

លោក​ថ្លែង​​ថា​៖​ «ខ្ញុំ​គិត​ថា​ ​Zero-Dollar Tour​ ជា​ទូទៅ​គេ​ធ្វើ​​តែ​ចំពោះ​​ ភ្ញៀវ​ទេសចរ​ចិន​ យើង​គិត​​ថា ភ្ញៀវ​ចិន​​គាត់​មក​កម្ពុជា​មាន​​ចំនួន​ថេរ​ [ឬ​កើន​ឡើង]​ ប៉ុន្តែ​ភ្ញៀវ​ថយ​ចុះ​​ជប៉ុន ​កូរ៉េ​ អាមេរិកាំង​ អឺរ៉ុប​ ដែល​ពួក​គេ​អត់​ប្រើ​​​សេវា​Zero​-Dollar ​Tour​ ទេ»។ លោក​បន្ត​ទៀត​ថា៖ «ខ្ញុំ​យល់​ថា ​China ready ដែល​ជា​នយោបាយ​ថ្នាក់ថ្នម​ភ្ញៀវ​ចិន​ជា​កត្តា​មួយ​នំា​ឲ្យ​ជនជាតិ​ដទៃ​ទៀត​ច្រណែន​ ដូច​ជា​មិន​សប្បាយ​ចិត្ត គួរ​តែ​ថ្នាក់ថ្នម​ទាំង​អស់​ជនជាតិ​ណា​ក៏​ដោយ»។

កាល​ពី​​ថ្មី​នេះ​ លោក​ ថោង ​ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​ថ្លែង​ថា Zero-Dollar Tour​ កំពុង​ក្លាយ​​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ មក​ទស្សនា​ខេត្ត​សៀមរាប​ធ្លាក់​ចុះ​​។ ក្រុមហ៊ុន​ដែល​លក់​កញ្ចប់​ប្រភេទ​ Zero-Dollar ​Tour ​ជា​អ្នក​បំផ្លាញ​គោលដៅ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​។​

ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០១៩​ ភ្ញៀវ​ទេសចរ​បរទេស​ ដែល​ទិញ​សំបុត្រ​ចូល​​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ ​១,២៤ ​លាន​នាក់​ បាន​ធ្លាក់​ចុះ​ជាង​ ​៨ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូច​​គ្នា​​ពី​ឆ្នាំ ២០១៨​ ខណៈ​ចំណូល​ពី​ការ​លក់​សំបុត្រ​ធ្លាក់​ចុះ​ប្រហែល ​៩ ​ភាគរយ ​មក​នៅ ​៥៥ ​​លាន​ដុល្លារ។​

លោក ​ខៀវ ​ធី​ បាន​ឲ្យ​ដឹង​ថា ​សេវា​មគ្គុទេសក៍​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​ លោក​ថ្លែង​ថា៖​ «និយាយ​តាម​ត្រង់់​ទីផ្សារ​មគ្គុទេសក៍​ក៏​ធ្លាក់​ចុះ​ដែរ ​ដោយសារ​ចំនួន​ភ្ញៀវ​ទេសចរ​​បរទេស​​ធ្លាក់​ចុះ ​ ឆ្នាំ​នេះ​ចុះ​មែន​ទែន​»។ លោក​បន្ត​ថា មគ្គុទេសក៍​ទេសចរ​មួយ​ចំនួន​អត់​ការងារ​ធ្វើ​​ ​៤​-៥ ខែ​ហើយ​។

កញ្ញា ​តាន់ ​លម្អង ​អ្នក​គ្រប់គ្រង​ទីផ្សារ​នៃ​សណ្ឋាគារ​លំដាប់​ផ្កាយ ​៥ Angkor Howard Hotel នៅ​ខេត្ត​សៀមរាប​ បាន​ឲ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​បរទេស​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ចាប់​តាំង​ពី​ក្រោយ​ចូល​ឆ្នាំ​ចិន។​ កញ្ញា​បន្ត​ថា​​ កាល​ឆ្នាំ​មុន​សណ្ឋាគារ​នេះ ​ទទួល​ភ្ញៀវ​ស្នាក់នៅ​​ពេញ​ទំាង​ជាង​ ២០០ បន្ទប់​ តែ​​ឆ្នាំ​នេះ មាន​ភ្ញៀវ​ស្នាក់នៅ​មិន​ដល់​ ៥០ បន្ទប់​ផង​ក្នុង ​១ ថ្ងៃ។

កញ្ញា​បន្ត​ថា បើ​តាម​ការ​ត្អូញត្អែរ​របស់​ភ្ញៀវ​ថា ​មូលហេតុ​​មិន​ចង់​មក​លេង​កម្ពុជា​ កង្វះ​ជើង​ហោះហើរ​ត្រង់​ មិន​ដូច​​ប្រទេស ​វៀតណាម​ និងថៃ​។ កញ្ញា​បាន​​បន្ត​ថា៖​ «​បើ​តាម​ភ្ញៀវ​និយាយ​ថា ​ខាង​យើង​​អត់​មាន​ជើង​ហោះហើរ​ត្រង់​ដូច​វៀតណាម ​ថៃ ​មួយ​ទៀត​ការ​វាយវីសា​តាម​ព្រំដែន​​​មាន​ការ​ពិបាក​ដល់​ពួក​គាត់​ច្រើន​ដោយ​មាន​ការ​​ទាមទារ​លុយ​ក្រៅ​»។

លោក​ ធួន ​ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​ ក៏​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ​​​Zero-Dollar Tour ​កើត​មាន​នៅ​កម្ពុជា​ជាង​ ​១០ ឆ្នាំ ​មក​ហើយ ហើយ​វា​​ក៏​​បាន​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​៕LA