ភ្នំពេញ៖ សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​នៅ​ថ្ងៃ​អង្គារ ទី ២៧ នេះ បាន​ធ្វើ​ការ​អំពាវនាវ​ដល់​សាធារណជន​ទាំង​អស់​កុំ​ចាញ់​បោក​ជន​ឱកាស​និយម​មួយ​ចំនួន​ដែល​បាន​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទៅ​កាន់​អតិថិជន​ឲ្យ​បង់​ប្រាក់​តាម​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​នានា ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់ ការ​ផ្អាក​បង់​សង​មួយ​រយៈពេល ការ​រៀបចំ​ឥណទាន​ឡើង​វិញ ឬ​ការ​ផ្តល់​ជូន​ផ្សេងៗ​ទៀត​ ជា​រឿង​មិន​ពិត​ឡើយ។

«សូម​ជូន​ដំណឹង​ដល់​អតិថិជន និង​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា ក្នុង​រយៈពេល​ថ្មីៗ​នេះ មាន​ជន​ខិលខូច​មួយ​ចំនួន​បាន​ទូរស័ព្ទ​ទៅ​កាន់​អតិថិជន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដោយ​តម្រូវ​ឲ្យ​អតិថិជន​ធ្វើ​ការ​បង់​ប្រាក់​តាម​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​នានា ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់ ការ​ផ្អាក​បង់​សង​មួយ​រយៈពេល ការ​រៀបចំ​ឥណទាន​ឡើង​វិញ ឬ​ការ​ផ្តល់​ជូន​ផ្សេងៗ​ទៀត»។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​សមាគម។

សេច​ជូន​ដំណឹង​ដដែល​បាន​បន្ត​ទៀត​ថា ដើម្បី​ចៀសវាង​ការ​ចាញ់​បោក​ជន​ខិលខូច​ទាំង​នោះ សមាគម​លើក​ទឹក​ចិត្ត​ដល់​អតិថិជន និង​សាធារណជន​ធ្វើ​ការ​បង់​ប្រាក់ តាមរយៈ​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​ឥណទាន ដែល​មាន​ភ្ជាប់​ជូន​លើ​តារាង​បង់​ប្រាក់ ឬ​តាមរយៈ​ការិយាល័យ​គ្រឹះស្ថាន​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

«លោក​អ្នក​ក៏​អាច​ធ្វើ​ការ​ទូទាត់​សង​ប្រាក់​កម្ចី​តាមរយៈ​ប្រព័ន្ធ​ធនាគារ​ចល័ត (Mobile Banking) ឬ​តាមរយៈ​ម៉ាស៊ីន​ដាក់​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​ផង​ដែរ។ ក្នុង​ករណី​សង្ស័យ សូម​ទូរស័ព្ទ​ជា​បន្ទាន់​ទៅ​កាន់​គ្រឹះស្ថាន​ ដើម្បី​ធ្វើ​ការ​ផ្ទៀងផ្ទាត់ មុន​នឹង​ធ្វើ​ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ជន​ណា​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​បុគ្គលិក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​លោក​អ្នក​បាន​ខ្ចី​ប្រាក់»។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​បញ្ជាក់​របស់​សមាគម៕