ភ្នំពេញៈ កម្ពុជា​កំ​ពុង​ស្វែង​រក​ទី​ផ្សារ​ថ្មី​​សម្រាប់​ម្រេច​កំ​ពត​​ ជា​ផលិត​ផល​សម្គាល់​ភូមិ​សាស្ដ្រ (GI)​​ តែ​​មួយ​គត់​របស់​កម្ពុជា​​ដើ​ម្បី​ពង្រីក​ហួស​ពី​ទី​ផ្សារ​​ដែល​មាន​ស្រាប់​នៅ​តំ​បន់​អឺ​រ៉ុប។ នេះ​បើ​យោង​តាម​សមា​គម​លើក​កម្ពស់​​ម្រេច​កំ​ពត (KPPA)​។​

លោក ងួន ឡាយ ​ប្រ​ធាន​ KPPA បាន​ឲ្យ​ដឹង​ថា KPPA កំ​ពុង​ស្វែង​រក​​ការ​ពង្រីក​ទិស​ដៅ​ទី​ផ្សារ​ថ្មី​ទៅ​ប្រ​ទេស​ កូ​រ៉េ​ខាង​ត្បូង​ និង​​ក្រុង​ហុង​កុង ដោយ​សារ​តែ​​កំ​ណើន​ទិន្ន​ផល​ម្រេច​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​កំ​ពុង​ពិ​ភា​ក្សា​ជា​មួយ​​ប្រ​ទេស​ កូ​រ៉េ​ខាង​ត្បូង​ និង​ទី​ក្រុង​ហុង​កុង​ ដើ​ម្បី​ពង្រីក​ទិស​ដៅ​ទី​ផ្សារ​របស់​យើង​»​។​

​លោក ងួន ឡាយ ​បាន​ឲ្យ​ដឹង​ថា តំ​បន់​ដាំ​ម្រេច​ GI ​កំ​ពត​ បច្ចុ​ប្បន្ន​​មាន​​ផ្ទៃ​ដី ២៥០ ហិក​តា​នៅ​ខេត្ត​កំ​ពត និង​ខេត្ត​កែប។ ក្នុង​​​នោះ ​២០០ ហិក​តា មាន​​ចម្ការ​ម្រេច​ទុំ​ ដែល​អាច​ប្រ​មូល​ផល​បាន​។

លោក​​បន្ថែម​ថា​៖ «​ស្តុក​របស់​យើង​​ត្រូវ​បាន​រក្សា​កំ​ណើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ យើង​កំ​ពុង​ស្វែង​រក​អ្នក​ទិញ​​បន្ថែម​ទៀត​ ដើ​ម្បី​ឆ្លើយ​តប​​នឹង​ការ​ផលិត​របស់​យើង​»។

លោក​បាន​​បញ្ជាក់​ថា​ បច្ចុ​ប្បន្ន​ទី​ផ្សារ​សំ​ខាន់​ៗ​របស់​ម្រេច​កំ​ពត​ គឺ​ស​ហ​ភាព​អឺ​រ៉ុប អា​មេ​រិក ជប៉ុន និង​កា​ណា​ដា។​

បច្ចុ​ប្បន្ន​ស​មា​ជិក​របស់​ KPPA បាន​​កើន​ឡើង​ដល់​ ៤៤២ ​គ្រួ​សារ​ និង​បាន​ធ្វើ​ជា​ដៃ​គូ​ជា​មួយ​​ក្រុម​ហ៊ុន​ឯក​ជន​ ២៩ ដើ​ម្បី​នាំ​ទៅ​ទី​ផ្សារ​អន្ត​រ​ជាតិ​។​

​ម្រេច​កំ​ពត​មាន​តម្លៃ ១៥ ដុ​ល្លារ​ក្នុង​មួយ​គី​ឡូ​ក្រាម​​សម្រាប់​ម្រេច​ខ្មៅ តម្លៃ ២៥​ដុ​ល្លារ​ សម្រាប់​ម្រេច​ក្រ​ហម និង​តម្លៃ ២៨ ​ដុល្លារ​​ក្នុង​ ១ ​គី​ឡូ​ក្រាម​សម្រាប់​ម្រេច​ស​។​ វិ​ស័យ​នេះ​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​ហែល ១ ​លាន​ដុល្លារ​​ប្រ​ចាំ​ឆ្នាំ​។ នេះ​បើ​តាម​ KPPA៕ ​LA