ភ្នំពេញ៖ សមាគម​វារីវប្បកម្ម​នៅ​កម្ពុជា​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​រឹត​បន្តឹង​ការ​នាំចូល​ត្រី​ខុស​ច្បាប់ និង​ជូយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន ដើម្បី​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ត្រី​នៅ​លើ​ទីផ្សារ​ឲ្យ​វិល​មក​ស្ថានភាព​ដើម​វិញ ស្រប​ពេល​តម្លៃ​ត្រី​ហក់​ឡើង​ខ្ពស់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ចុះ​កាល​ពី​ថ្ងៃទី ១៩ ខែ​មេសា ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ តម្លៃ​ត្រី​លក់​រាយ​នៅ​លើ​ទីផ្សារ​បាន​ឡើង​តម្លៃ​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា តម្លៃ​ត្រី​លក់​រាយ​នៅ​ក្នុង​ទីផ្សារ​ឡើង​ថ្លៃ​ក្នុង​ពេល​ថ្មីៗ​នេះ​បណ្តាល​មក​ពី​ការ​ដឹក​ជញ្ជូន​ផលិតផល​ជលផល​មក​កន្លែង​ស្តុក​ចែកចាយ​នៅ​ភ្នំពេញ​កំពុង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ដែល​នាំ​ឲ្យ​មាន​ការ​យឺតយ៉ាវ។

ជាមួយ​គ្នា​នេះ​ អ្នក​ចែកចាយ​តូចៗ​ទាំង​នៅ​តាម​បណ្តា​ខេត្ត​ជុំវិញ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ​ក៏​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ស្តុក​ចែកចាយ​ផលិតផល​ជលផល​នៅ​ភ្នំពេញ ដើម្បី​ទទួល​បាន​ត្រី​គ្រប់​ប្រភេទ​ទៅ​ចែកចាយ​បន្ត​នៅ​តាម​ផ្សារ​នានា ហើយ​ការ​នាំចូល​ត្រី​ដោយ​ខុស​ច្បាប់ និង​ការ​បន្លំ​នានា មិន​អាច​ធ្វើ​បាន​ច្រើន​ដូច​កាល​ពី​មុនៗ​បាន​ទៀត​ទេ។

សមាគម​នេះ​អំពាវនាវ​ដល់​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​រឹត​បន្តឹង​ការ​នាំចូល​ត្រី​ដោយ​ខុស​ច្បាប់ និង​សូម​មេត្តា​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ត្រី ការ​ចុះ​ចាប់​ត្រី​នៅតាម​ស្រះ និង​ការ​មក​ទទួល​យក​ត្រី​ទៅ​ចែកចាយ​បន្ត​តាម​ផ្សារ​នានា ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​ត្រី​លើ​ទីផ្សារ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។

សេចក្តី​ប្រកាស​ព័ត៌មាន៖ «សមាគម​វារីវប្បកម្ម​នៅ​កម្ពុជា​នឹង​សហការ​ជួយ​អាជីវករ​ទាំង​អស់​គ្រប់​ពេលវេលា ប្រសិន​បើ​ចង់​បាន​លេខ​ទំនាក់ទំនង​អ្នក​ចិញ្ចឹម​ត្រី​ដែល​មាន​ត្រី​ក្នុង​ស្តុក​តាម​តម្រូវ​ការ​ប្រភេទ​ត្រី។

ទន្ទឹម​នឹង​នេះ សមាគម​កត់​សម្គាល់​ថា មាន​អ្នក​សារព័ត័មាន និង​អ្នក​លេង​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​មិន​ត្រឹមត្រូវ​ដែល​ថា តម្លៃ​ត្រី​ឡើង​ថ្លៃ​នេះ​បណ្តាល​មក​ពី​កម្ពុជា​កង្វះ​ត្រី​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ ដោយ​បាន​ទាមទារ​ឲ្យ​មាន​ការ​បើក​ការ​នាំចូល​ត្រី​ដោយ​ទ្រង់ទ្រាយ​ធំ​ពី​ប្រទេស​ជិត​ខាង​ថែម​ទៀត។

ប៉ុន្តែ​សមាគម​វារីវប្បកម្ម​នៅ​កម្ពុជា សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ​វារីវប្បករ​នៅ​ទូទាំង​ប្រទេស​កំពុង​កកស្ទះ​ត្រី​រាប់​ពាន់​តោន​នៅ​ក្នុង​ស្រះ​នៅ​ឡើយ​ចាប់​តាំង​ពី​ខែ មករា ឆ្នាំ ២០២១។ ចំណែក​តម្លៃ​ត្រី​លក់​ចេញ​ពី​ស្រះ គឺ​មិន​បាន​ឡើង​ថ្លៃ​ទាល់​តែ​សោះ៕