
ភ្នំពេញៈ សមាគមអភិវឌ្ឍន៍ស្ករត្នោតខេត្ត កំពង់ស្ពឺ គ្រោងចុះកិច្ចព្រមព្រៀងលក់ផលិតផលស្ករត្នោតដែលទទួលបានលិខិតបញ្ជាក់ទីតាំងភូមិសាស្រ្ត GI ជាមួយភ្នាក់ងារលើកកម្ពស់ការវិនិយោគពាណិជ្ជកម្មកូរ៉េ (KOTRA) ដើម្បីនាំចេញទៅប្រទេស កូរ៉េ។
លោក សំ សារឿន ប្រធានសមាគមអភិវឌ្ឍន៍ស្ករត្នោតខេត្ត កំពង់ស្ពឺ ប្រាប់មក ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា កិច្ចព្រមព្រៀងនេះរំពឹងថានឹងចាប់ផ្តើមនៅដើមខែ កុម្ភៈ ខាងមុខនេះ បើអាជ្ញាធរយល់ព្រមតាមសំណើសុំផ្ទៃដី ៣ ០០០ ម៉ែត្រការ៉េ នៅក្នុងភូមិចំនួន ១៦ ក្នុងស្រុក សំរោងទង និង ឧដុង្គ សម្រាប់ការសាងសង់ រោងចង្ក្រានអនាម័យក្រោមការវិនិយោគរបស់ KOTRA ។
រោងចង្ក្រានអនាម័យនេះសង់ឡើងក្នុងគោលបំណងរក្សាឲ្យបាននូវអនាម័យក្នុងដំណើរការផលិត។ កសិករនៅក្នុងភូមិនីមួយៗនឹងត្រូវប្រើប្រាស់រោងចង្ក្រាន អនាម័យនេះជារួមក្នុងការផលិតស្ករត្នោត។
លោកមានប្រសាសន៍ថា៖ «ចង្ក្រាននេះមិនខុសពីចង្ក្រានដែលកសិករធ្លាប់ប្រើនោះទេ គ្រាន់តែវាមានជញ្ជាំងនិងដំបូលដែលការពារមិនឲ្យកម្ទេចធូលី ហើរចូលក្នុងឆ្នាំងប៉ុណ្ណោះ។ ខាងក្រុមហ៊ុន កូរ៉េ នឹងទទួលទិញតែស្ករត្នោតដែលផលិតបាននៅក្នុងរោងចង្ក្រានអនាម័យនេះ»។
កិច្ចព្រមព្រៀងនេះអាចឲ្យកសិករលក់ផលិតផលស្ករត្នោត GI រហូតដល់ ៣០០ តោនទៅប្រទេសកូរ៉េក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា លោកមិនបានបង្ហើបពីតម្លៃស្ករត្នោតដែលនឹងត្រូវនាំចេញនោះទេ។ លោកបញ្ជាក់ថា៖ «តម្លៃនឹងឡើងក្នុងរង្វង់ពី ១០ ទៅ ១៥ ភាគរយជារៀងរាល់ឆ្នាំ។ រយៈពេល ៥ឆ្នាំ ទៅមុខទៀត យើងរំពឹងថា កសិករនឹងអាចមានជីវភាពប្រសើរជាងមុនតាមរយៈការផលិតស្ករត្នោត GI នេះ»។
រដូវប្រមូលផលស្ករត្នោត GI កំពង់ស្ពឺ ចាប់ផ្តើមពីខែ ធ្នូ រហូតដល់ខែ ឧសភា។ សមាគមអភិវឌ្ឍន៍ស្ករត្នោតខេត្ត កំពង់ស្ពឺ មានសមាជិកជាអ្នកផលិតស្ករត្នោត ១៤២ គ្រួសារ។ ក្រុមហ៊ុនក្នុងស្រុក ៦ កំពុងបញ្ជាទិញនិងនាំចេញស្ករត្នោត GI ទៅក្រៅប្រទេសដែលមានដូចជា ជប៉ុន អាមេរិក បារាំង និង អង់គ្លេស ជាដើម។
កសិករក្នុងខេត្ត កំពង់ស្ពឺ អាចផលិតបានស្ករ ត្នោតពី ២៥០ ទៅ ៣០០ តោនក្នុងមួយឆ្នាំៗ ខណៈតម្រូវការស្ករត្នោត GI សម្រាប់ការនាំចេញមានត្រឹម ៣៥ តោនប៉ុណ្ណោះក្នុងរដូវប្រមូលផល ឆ្នាំ ២០១៣ និង ២០១៤ នេះ។
លោក ហុង ហឿង នាយកសហគមន៍អភិវឌ្ឍន៍កសិកម្មស្ករត្នោត សាទរចំពោះកិច្ចព្រមព្រៀងនេះ ដោយនិយាយថា តាមរយៈកិច្ចព្រមព្រៀងនេះស្ករត្នោត កំពង់ស្ពឺ នឹងអាចពង្រីក ទីផ្សាររបស់ខ្លួនកាន់តែធំបន្ថែមទៀត។ លោកបន្តថា៖ «កសិករនឹងអាចរកចំណូលបានកាន់តែច្រើនពីការផលិតស្ករត្នោតដែលមានលក្ខណៈសម្គាល់ទីតាំងភូមិសាស្ត្រនេះ»។
បច្ចុប្បន្នស្ករត្នោតដែលមានត្រូវបានផលិតតាមស្តង់ដារបញ្ជាក់ទីតាំងភូមិសាស្រ្ត GI មានតម្លៃ ៥ ៥០០ រៀល ខណៈស្ករត្នោតធម្មតាមានតម្លៃពី ២៥០០ ទៅ ៣០០០ រៀល ក្នុងមួយគីឡូក្រាម។
ទោះជាយ៉ាងណា លោកថាគម្រោងផលិតស្ករត្នោតក្នុងរោងចង្ក្រានអនាម័យនេះអាចជាការ លំបាកសម្រាប់កសិករមួយចំនួន។ លោកថ្លែងថា៖ «កសិករមួយចំនួន បារម្ភថារោងចង្ក្រានអនាម័យនោះនឹងសង់នៅឆ្ងាយពីផ្ទះពួកគេពេក ដែលមិនអាចឲ្យពួកគេឆ្លៀតធ្វើការងារផ្ទះ និងចិញ្ចឹមសត្វគោ ជ្រូក មាន់ ទា ជាដើម»។
ស្ករត្នោត កំពង់ស្ពឺ បានទទួលលិខិតបញ្ជាក់ទីតាំងភូមិសាស្រ្ត GI កាលពីឆ្នាំ ២០១០ ក្រោមការទទួលស្គាល់ពីអង្គការពាណិជ្ជកម្មពិភពលោក។
សេចក្តីព្រាងច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលត្រូវបានស្នើឡើងដោយក្រសួង ពាណិជ្ជកម្ម ត្រូវបានអនុម័ត ដោយសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ហើយកាលពីថ្ងៃ ទី០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ហើយក៏បានដាក់ឆ្លងកិច្ចប្រជុំពេញអង្គរដ្ឋសភាកាលពីថ្ងៃ ទី៣០ ខែ ធ្នូ ឆ្នាំ ២០១៣។
ច្បាប់នេះមានគោលបំណងការពារកម្មសិទ្ធិ បញ្ញារបស់ផលិតករប្រតិបត្តិករ និងការពារអ្នកប្រើប្រាស់ផលិតផលដែលពាក់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញព្រមទាំងរក្សាអត្តសញ្ញាណជាតិ និងពង្រឹងចំណេះដឹង ចំណេះធ្វើតាមបែបប្រពៃណីនិងរួមចំណែកកាត់បន្ថយភាពក្រីក្រ៕