ភ្នំពេញៈ តំណាង​សមាគម​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ ព្រមទាំង​តំណាង​សភាពាណិជ្ជកម្ម​អឺរ៉ុប (EU) ប្រចាំ​នៅ​កម្ពុជា​បាន​ស្នើសុំ​ឲ្យ​គណៈកម្មការ​អឺរ៉ុប (EC) ផ្អាក​ក្នុង​រយៈពេល​ ១២ ​ខែ​លើ​ការដក​ការអនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ​ (EBA) ​ពី​កម្ពុជា ព្រោះ​ឧស្សាហកម្ម​នេះ​កំពុង​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ ដែល​ធ្វើឲ្យ​ការផលិត និង​តម្រូវការ​លើ​ពិភពលោក​ធ្លាក់ចុះ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមគ្នា​រវាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) សមាគម​ស្បែកជើង​កម្ពុជា (CFA) និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (Eurocham) បាន​ដាក់​លិខិត​មួយច្បាប់​ទៅ EC កាលពី​ថ្ងៃទី​ ២ ខែមិថុនា ដោយ​លើក​ហេតុផល​ថា ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ប៉ះពាល់​យ៉ាងខ្លាំង​លើ​ក្រុមហ៊ុន​ផលិត និង​កម្មករ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​។

លិខិត​នេះ​បាន​ឲ្យ​ដឹងថា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា ប្រហែល​ ២៥០ ត្រូវបាន​ផ្អាក​ប្រតិបត្តិការ​ស្ទើរ​ទាំងស្រុង ហើយ​កម្មករ​ជាង ១៣០ ០០០ ​នាក់ ក្នុង​វិស័យនេះ​ភាគច្រើន​ជា​ស្ដ្រី​បាន​បាត់បង់​ការងារ​ហើយ​ចំនួន​នេះ​ទំនង​ជា​នឹង​បន្ត​កើនឡើង​ច្រើន​បន្ថែមទៀត​។

លិខិត​នេះ​បន្តថា នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ ចំនួន​អ្នកបញ្ជា​ទិញ​បាន​លុបចោល​ការបញ្ជាទិញ បន្ទាប់ពី​ការបញ្ជាទិញ​ទាំងនេះ​ត្រូវ​បាន​បញ្ចប់ ឬ​ខណៈ​ដែល​ការបញ្ជាទិញ​ទាំងនេះ​កំពុង​ស្ថិត​នៅក្នុង​ដំណើរ​ការផលិត​។ គេ​ប៉ាន់ប្រមាណ​ថា ការលក់​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ ទំនងជា​នឹង​ធ្លាក់ចុះ​ពី ៥០ ​ទៅ​ ៦០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

លិខិត​នេះ​បន្តថា​៖ «​សមាគម​ដែល​ចុះហត្ថលេខា​លើ​លិខិត​នេះ​ស្នើសុំ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ឲ្យ​ផ្អាក​ការដក​អត្ថប្រយោជន៍ EBA ក្នុង​រយៈពេល​យ៉ាងហោចណាស់​ ១២ ​ខែ​ (​រហូតដល់​ខែ​សីហា ឆ្នាំ​ ២០២១) ដើម្បី​អាច​ឲ្យ​វិស័យនេះ​ស្ទុះ​ងើបឡើង​វិញ​ពី​ការខូចខាត​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩»​។

លោក វ៉ាន់ ស៊ូអៀង ប្រធាន GMAC បាន​ឲ្យ​ដឹងថា ក្នុង​បរិការណ៍​នេះ​ការអនុវត្ត​តាម​សេចក្ដី​សម្រេចចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​ថ្ងៃទី​ ១២ ខែសីហា​ខាងមុខ​ក្នុង​ការដក EBA ដោយ​ក្នុងនោះ​នឹង​ដក ២០ ​ភាគរយ​ នៃ​ការនាំចូល​សម្លៀកបំពាក់ ៣០ ​ភាគរយ​ ពី​ការនាំចូល​ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​ទាំងអស់​ដែល​នាំចូល​ពី​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​ការវាយប្រហារ​ដ៏ធំ​ដល់​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​ស្បែកជើង​កម្ពុជា​ជុំវិញ​ផលប៉ះពាល់​អវិជ្ជមាន​ដ៏ខ្លាំង​បំផុត​ដោយសារ​ជំងឺ​កូវីដ​ ១៩ នេះ​។

លោក ស៊ូអៀង ថ្លែងថា​៖ «​ប្រសិនបើ​ការដក​នេះ​នឹង​ត្រូវបាន​អនុវត្ត​ការងារ​នឹងត្រូវ​បាត់បង់​ច្រើន ឬ​នឹងមិន​ត្រឡប់​មក​វិញ​ជា​រៀងរហូត​។ EU មិនត្រូវ​ព្រងើយ​កន្តើយ​ផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​នៃ​ស្ថានការណ៍ និង​ផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​ដោយសារ​តែ​ការដក EBA ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហា​ខាងមុខ​នេះ​ទេ ខណៈ​ការខូចខាត​ដោយសារ​ការរីក​រាលដាល​ជំងឺ​ដែល​មិន​ធ្លាប់​មាន នៅតែ​កំពុង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ជាច្រើន​របស់​យើង​»​។

លោក Arnaud Darch ប្រធាន Eurocham ប្រចាំ​កម្ពុជា​ក៏​បាន​ឲ្យ​ដឹងថា ទន្ទឹម​នឹងនេះ​វីរុស​កូរ៉ូណា​កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ប្រទេស​កម្ពុជា​គឺ​ពិតណាស់​មិនអាច​ចៀស​ផុតពី​ការខូចខាត​នេះ​បានទេ​។ លោក​ថ្លែង​ថា​៖ «​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​លើ​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក ហើយ​ស្ថានការណ៍​នេះ​គឺ​មិន​ខុសពី​កម្ពុជា​ដែល​ការអភិវឌ្ឍ​របស់​ប្រទេស​នេះ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប​»​។

EU គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​របស់​កម្ពុជា​ដោយ​មាន​ចំនួន ៤៥ ​ភាគរយ​ នៃ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៨​។ ការនាំ​ចេញ​ទៅ​ទីផ្សារ​ចាយប្រាក់​អឺរ៉ូ EU បាន​កើនឡើង ៤,៩ ​ពាន់​លាន​អឺរ៉ូ​កាលពី​ឆ្នាំ​ ២០១៨ គឺ​កើនឡើង​ជិត​ ២ ​ដង​ពី​ចំនួន ២,៥ ​ពាន់​លាន​អឺរ៉ូ​ដែល​បាន​កត់ត្រា​កាលពី​ឆ្នាំ​ ២០១៣​។ ៩៥,៧ ​ភាគរយ​ ក្នុងចំណោម​ការនាំចេញ​ទាំង​នោះ​បាន​ចូលទៅ​ទីផ្សារ EU ក្រោម​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA​។ ជារួម​ប្រទេស​កម្ពុជា​គឺជា​អ្នកប្រើប្រាស់​ឈានមុខ​គេ​ទី​ ២ ដែល​ទទួល​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA បន្ទាប់ពី​ប្រទេស​បង់ក្លាដែស​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodia Investment Management បាន​ឲ្យ​ដឹងថា ដោយសារ​សេដ្ឋកិច្ច​ពិភពលោក​រង​ការខូចខាត​យ៉ាង​រហ័ស ហើយ​នៅពេល​នេះ​ភាពចលាចល​នៅ​អាមេរិក ធ្វើ​ឲ្យ​ធ្លាក់ចុះ​ជិត ៨៥ ​ភាគរយ​ ក្នុង​ការលក់រាយ​សម្លៀកបំពាក់​កាលពី​ខែមេសា​។ លោក​បន្ថែមថា​៖ «​យើង​អាច​សង្ឃឹមថា EU នឹង​យោគយល់​ចំពោះ​ផលប៉ះពាល់​ពី​ការផ្អាក​នេះ ដែល​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ប្រទេស​កម្ពុជា និង​កម្មករ​ដែល​មាន​ប្រាក់ចំណូល​ទាប​»៕LA

វីដេអូ៖