ភ្នំពេញៈ សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា (CFA) ត្រូវ​បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃ​ពុធ ដើម្បី​ជួយ​សម្រួល​ការសហការ​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រព័ន្ធ FinTech នៅ​កម្ពុជា​ក្នុង​គោលបំណង​គាំទ្រ​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម​នេះ​។

Fintech ជាការ​បញ្ចូល​គ្នា​នៃ​ពាក្យ Financial and Technology គឺជា​ឧស្សាហកម្ម​ថ្មី​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​កែលម្អ​សកម្មភាព​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​។ មាន​ទីតាំង​នៅ​មជ្ឈមណ្ឌល​ភ្នំពេញ CFA មាន​ប្រតិបត្តិករ​ដូចជា ក្រុមហ៊ុន​ទូទាត់​ឌីជីថល ធនាគារ ប្រតិបត្តិករ​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ច្នៃ​បង្កើត Fintech​។

លោក Eddie Lee អនុប្រធាន CFA បាន​ថ្លែង​ថា​កម្ពុជា​កំពុង​អនុវត្ត​ច្រើន​រួច​ហើយ​លើ Fintech ខណៈ​ធនាគារ​កណ្ដាល​កម្ពុជា​បាន​ស្វែងរក​ការប្រើប្រាស់​បច្ចេកវិទ្យា block-chain ដើម្បី​តាមដាន​ការជួញដូរ​អន្តរធនាគារ និង​ការផ្ដល់​កម្ចី​នៅ​ប្រទេស​កម្ពុជា​។

លោក Eddie លើក​ឡើង​ថា​តំណាង​របស់ CFA បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​​នៃ​ការយោគយល់​គ្នា​ជាមួយ​សមាគម Taiwan Fintech Association សមាគម Thailand Fintech Association និង​សមាគម Singapore Fintech Association ដើម្បី​បង្កើត​ការតភ្ជាប់​ជាមួយ​សមាគម​នៅក្រៅ​ប្រទេស​ផ្សេង​ទៀត​។ លោក​បន្ថែម​ថា​ការងារ​បន្ទាប់​នឹង​ចុះ​បញ្ជី CFA នៅ​បណ្ដាញ ASEAN Fintech Network​។

លោកស្រី ជា សិរី អគ្គនាយិកា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​នៅក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​របស់ CFA ថា​ការអភិវឌ្ឍ Fintech នៅ​កម្ពុជា​កំពុង​បង្កើន​ល្បឿន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​វា​បាន​ជួយ​ប្រជាជន​កាន់តែ​ច្រើន​ក្នុង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នូវ​មធ្យោបាយ​ផ្លូវការ​។ លោកស្រី​បន្ថែមថា Fintech ជួយ​ប្រជាជន​នៅ​តំបន់​ឆ្ងាយៗ​ឲ្យ​ទទួល​បាន​សេវា​ធនាគារ​កាន់តែ​ច្រើន និង​ជួយ​ពួកគេ​ឲ្យ​មាន​ឱកាស​កាន់តែ​ប្រសើរ​ក្នុង​ការ​ងើប​ចេញ​ពី​ភាពក្រីក្រ​។ លោកស្រី​លើកឡើង​ថា​៖ «​យើង​ចង់​មើល​ឃើញ​ប្រជាជន​នៅ​ក្នុង​តំបន់​ឆ្ងាយៗ ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដោយ​ងាយស្រួល តម្លៃ​ទាប ស្មើភាព និង​សុវត្ថិភាព​»៕LA