ភ្នំពេញៈ ក្រុម​សហគមន៍​អេកូទេសចរណ៍ ជួបជុំ​គ្នា​កាលពី​ម្សិលមិញ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​បង្ហាញ​អំពី​សក្ដានុពល​នៅក្នុង​សហគមន៍​របស់​ពួកគេ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ ដែល​ពួកគេ​នឹង​ចូលរួម​ការប្រកួតប្រជែង​លើ​វិស័យ​អេកូទេសចរណ៍​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​។

ក្នុង​ព្រឹត្តិការណ៍​នេះ​ក្រសួង​បាន​ជំរុញ​ឲ្យ​សហគមន៍​ទាំងអស់​ត្រូវ​ចូលរួម​ការប្រកួត​ប្រជែង​លើក​ដំបូង​លើ​សហគមន៍​អេកូទេសចរណ៍​ល្អ​បំផុត ដើម្បី​លើក​កម្ពស់​ឧស្សាហកម្ម​ទេសចរណ៍​។ នេះ​បើ​យោង​តាម​លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។

លោក​ បូរ៉ា បាន​ថ្លែង​ថា​នេះ​ជា​យុទ្ធនាការ​ដើម្បី​លើក​កម្ពស់​ទីក្រុង​ស្អាត និង​សេវា​មាន​គុណភាព​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។

លោក​បាន​ថ្លែង​ថា​៖ «​ផលិតផល​ទេសចរណ៍​គឺជា​អ្នកដើរ​តួនាទី​ដ៏សំខាន់ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ ដូច្នេះ​ការប្រកួតប្រជែង​នេះ​នឹង​ធ្វើឲ្យ​មាន​សកម្មភាព​កាន់តែ​ច្រើន​នៅ​ក្នុង​វិស័យ​ទេសចរណ៍ វា​នឹង​ធានា និង​លើក​កម្ពស់​ទេសចរណ៍​មាស​បៃតង​»​។

បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​កន្លែង​កម្សាន្ត​ ៤០០ កន្លែង ខណៈ​មាន​សហគមន៍​ទេសចរណ៍ និង​អេកូទេសចរណ៍​មាន​ចំនួន​ ៥៦ ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ទេសចរណ៍​។

លោក ទិត្យ លី ប្រធាន​អេកូទេសចរណ៍​នៅ​សហគមន៍​អារ៉ែង ដែល​បាន​បង្ហាញ​ពី​សហគមន៍​ខ្លួន​កាលពី​ម្សិលមិញ ហើយ​ក៏​នឹង​ចូលរួម​ការប្រកួតប្រជែង​របស់​សហគមន៍​អេកូទេសចរណ៍​នេះ​ជឿជាក់​ថា ការប្រកួត​ប្រជែង​នេះ​នឹង​ធ្វើឲ្យ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​មក​សហគមន៍​នេះ និង​នាំ​យក​ប្រាក់​ចំណូល​សម្រាប់​អ្នកភូមិ​៕LA