ភ្នំពេញៈ ស្រប​ពេលដែល​រដ្ឋាភិបាល​កំពុង​ប្រយុទ្ធប្រឆាំង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​កូវីដ​ ១៩ ​ដែល​កើតចេញ​ពី​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ ទៅរក​ភាព​ធម្មតា​វិញ ស្ទើរតែ​គ្រប់​វិស័យ និង​ប្រជាជន​កំពុង​ជម្នះ​បន្ត​រស់នៅក្នុង​អំឡុងពេល​ដ៏ពិបាក​បំផុត​នេះ​។ សហគមន៍​អាជីវកម្ម​មួយចំនួន​កំពុង​អំពាវនាវ​ដល់​គ្រប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យ​ផ្អាក​ការបង់​ទាំង​ប្រាក់​ដើម និង​អត្រា​ការប្រាក់​រយៈពេល​ ២-៣ ​ខែ​ ដើម្បី​ចូលរួមចំណែក​ស្រោចស្រង់​ស្ថានការណ៍​ដ៏អាក្រក់​នេះ​។

រដ្ឋាភិបាល​បានចេញ​វិធានការ​អន្តរាគមន៍​ជុំ​ទី​៨ ​រួចមក​ហើយ​ចាប់​តាំងពី​វីរុស​កូរ៉ូណា​បាន​ផ្ទុះឡើង​កាលពី​ចុងឆ្នាំ​ ២០១៩ ដើម្បី​ជួយ​ដល់​វិស័យ​ដែល​រងផលប៉ះពាល់ និង​រក្សា​ដំណើរការ​អាជីវកម្ម​ទៅមុខ​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodian Investment Management បានឱ្យដឹងថា «​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​» អាច​ពិពណ៌នា​បាន​ថា ជា​ការបំផ្លិចបំផ្លាញ ទាំង​សេដ្ឋកិច្ច និង​សង្គម និង​បាន​បង្កើន​ហានិភ័យ​សុខភាព​ប្រទេសជាតិ​យ៉ាងខ្លាំង​។ វិស័យ​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំងជាងគេ​គឺ​វិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច កាត់ដេរ និង​សំណង់​។

លោក​ថ្លែងថា​៖ «​ធនាគារ​នានា​នឹង​ត្រូវ​ប្រឈម​នឹង​ការពិបាក បើ​ពួកគេ​បន្ត​ការរៀបចំ​ឥណទាន​ឡើង​វិញ ជាមួយ​នឹង​ការពន្យារពេល​បង់ប្រាក់​បន្ថែមទៀត​សម្រាប់​អាជីវកម្ម​នៅក្នុង​ស្ថានការណ៍​ដ៏អាក្រក់​នេះ​។ ដំណោះស្រាយ​ល្អ​បំផុត គឺ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​ច្រើន​ក្នុង​ល្បឿន​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន​ដែល​នឹង​នាំឱ្យ​មានការផ្លាស់ប្តូរ​ដ៏ធំ​មួយ​ភ្លាមៗ និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការងើប​ឡើង​វិញ​»​។

លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ​និង​ជា​ប្រធាន​នាយកប្រតិបត្តិ​ក្រុមហ៊ុន Signatures of Asia Co Ltd បាន​ឱ្យ​ដឹងថា ចាប់តាំងពី​ការផ្ទុះ​ឡើង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច ខណៈ​វិស័យ​ភាគច្រើន និង​ប្រជាជន​កំពុង​ជម្នះ​ក្នុង​ការបន្ត​រស់ ជាពិសេស​ដោយសារ​ការផ្ទុះ​ឡើង​នៅពេល​ថ្មីៗ​នៃ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។

លោក​ថ្លែងថា​៖ «​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ កំពុង​ប៉ះពាល់​ដល់​ស្ទើរ​គ្រប់​វិស័យ​។ យើង​សូម​អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ (FIs) ត្រូវ​ពិចារណា​មធ្យោបាយ​ដែល​អាច​បត់បែន​បាន ដើម្បី​ជួយ​ដល់​ប្រជាជន​របស់​យើង និង​អាជីវកម្ម​ក្នុង​អំឡុងពេល​ដ៏ពិបាក​នេះ​»​។

លោក​បាន​បន្តថា ទោះបី​ជា​វិស័យ​ស្រូវ​អង្ករ​មិន​រង​ផលប៉ះពាល់​ខ្លាំង​ក៏ដោយ ប៉ុន្តែ​វិស័យនេះ​បាន​ទទួលរង​ប៉ះពាល់​ដោយសារ​តែ​កង្វះ​កុងតឺន័រ​សម្រាប់​ការនាំចេញ​បាន​ទាន់​ពេលវេលា ដែល​ប៉ះពាល់​ដល់​លំហូរ​សាច់ប្រាក់​ដែល​បណ្ដាល​ឱ្យ​មាន​ភាពយឺតយ៉ាវ​ក្នុង​ការទូទាត់​ដល់​ធនាគារ​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) បានផ្ដល់​យោបល់​ដល់​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវ​ចេញ​សេចក្ដី​ប្រកាស​ដ៏ច្បាស់លាស់​មួយ ដើម្បី​ស្វែងរក​មធ្យោបាយ​សម្រាប់ FIs ក្នុង​ការផ្អាក​ការសង​ប្រាក់​ទាំង​ប្រាក់​ដើម និង អត្រា​ការប្រាក់​ក្នុង​រយៈពេល​ ២ ​ឬ​ ៣ ​ខែ​ តាមរយៈ​ការពន្យារពេល​បន្ថែម​លើ​ការសង​ប្រាក់កម្ចី​។

លោក​លើកឡើង​ថា​៖ «​យើង​មិន​បដិសេធ​ទេ​ថា FIs ទាំងនោះ​កំពុង​រៀបចំ​ឥណទាន​ឡើងវិញ​ជូន​អតិថិជន​នោះទេ ប៉ុន្តែ​ប្រជាជន​នៅតែ​ត្រូវ​ការបង់​អត្រា​ការប្រាក់ ខណៈ​ FIs ​មួយចំនួន​ផ្សេងទៀត​ផាកពិន័យ​សម្រាប់​អ្នក​ដែល​បង់ប្រាក់​យឺតយ៉ាវ​»​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​ផ្ដល់យោបល់​ដល់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវតែ​ចែករំលែក​ការឈឺចាប់​នេះ​នៅពេល​នេះ​។ ប្រសិនបើ FIs ទាំងនោះ​អាច​ពន្យារពេលបាន​នឹង​មាន​ក្ដីសង្ឃឹម​កើតមានឡើង​សម្រាប់​ពួកយើង​ក្នុង​ការរស់​ឡើងវិញ ហើយ​វា​ក៏​អាច​ជួយ​ប្រជាជន​របស់​យើង​អាច​ដកដង្ហើម​បាន​ផងដែរ​។ ពិត​ហើយ ខ្ញុំ​ដឹងថា ធនាគារ​ជាច្រើន​ក៏ត្រូវ​ការរក​ប្រាក់ចំណេញ ប៉ុន្តែ​ធនាគារ​ទាំងនោះ​ត្រូវតែ​ដឹងថា ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន សេដ្ឋកិច្ច​របស់​យើង​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​»​។

លោក សាយ សូនី ប្រធាន​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​ប្រាសាក់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា គ្រឹះស្ថាន​របស់លោក​បន្ត​អនុវត្ត​វិធានការ​ទាំងអស់ ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​របស់​អតិថិជន​តាមរយៈ​ការបន្ត​ផ្ដល់​កម្ចី​ដល់​អតិថិជន ដែល​ត្រូវការ​ជំនួយ​ក្នុង​ការចាប់ផ្ដើម​អាជីវកម្ម​ពួកគេ​ជាថ្មី ព្រមទាំង​វិនិយោគ​ជាថ្មី​ផងដែរ​។

លោក​បញ្ជាក់​៖ «​ដោយ​មើលឃើញ​បញ្ហា​ប្រឈម​នេះ យើង​កំពុង​ធ្វើការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អតិថិជន​របស់​យើង​ថា តើ​បន្ទាប់មក​ត្រូវការ​ប្រាក់​បន្ថែម​ឬ​អត់ ឬថា​តើ​យើង​រៀបចំ​ឥណទាន​ឡើងវិញ ឬ​ពួកគេ​អាច​បង់​ផ្ដាច់ និង​ទទួលយក​កម្ចី​ថ្មី​នៅពេល​ស្ថានការណ៍​ត្រឡប់​ទៅ​រក​ភាពធម្មតា​វិញ​»​។

លោក​បន្តថា ប្រាសាក់​បាន​រៀបចំ​ឥណទាន​ឡើងវិញ​ដល់​អតិថិជន​ជាង​ ៣៤ ០០០ ​នាក់​ដែល​មាន​សាច់ប្រាក់​ ៣៤៤ ​លាន​ដុល្លារ ប្រហែល​ ១១,៥ ​ភាគរយ​នៃ​ផលបត្រ​ឥណទាន​សរុប​គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​ ២០២១​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​ពន្យល់ថា ធនាគារ​ណាមួយ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ឬ​លើ​ពិភពលោក​មាន​រចនាសម្ព័ន្ធ​មូលនិធិ​របស់​ពួកគេ​ស្រដៀង​គ្នា វា​មិនមាន​បញ្ហា​នោះទេ ប្រសិនបើ​ពួកគេ​គឺ​ធនាគារ​ក្នុង​ស្រុក ឬ​ធនាគារ​បរទេស​ដូចជា​ ១៥ ​ភាគរយ​បាន​ពី​ការបង់ប្រាក់ ១៥ ភាគរយ​បាន​ពី​បំណុល​រយៈពេល​វែង (​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឬ​ធនាគារ​អន្តរជាតិ​) និង​ ៧០ ​ភាគរយ​បាន​មកពី​ប្រាក់​សន្សំ​ក្នុងស្រុក និង​ប្រាក់​បញ្ញើ​មាន​កាលកំណត់​ថេរ​។

លោក​បន្តថា​៖ «​ប្រសិនបើ​ធនាគារ​ត្រូវ​បានស្នើ​សុំ​ឱ្យ​ពន្យារពេល​បង់ប្រាក់​ទាំង​ប្រាក់​ដើម និង​ប្រាក់​ការ តើ​នរណា​ទទួល​ខុសត្រូវ​សម្រាប់​ការសង​ប្រាក់​ការសម្រាប់​ប្រាក់​សន្សំ និង​អ្នក​ដាក់​ប្រាក់​សន្សំ (​ពួកគេ​ត្រូវការ​ធនាគារ​បង់ប្រាក់​ត្រឡប់​ទៅ​ពួកគេ​វិញ ទាំង​ប្រាក់​ការ និង​ប្រាក់​ដើម នៅពេល​ពួកគេ​ដល់ពេល​វេលា​ត្រូវ​បង់​) ហើយ​អ្នក​ដែល​ផ្ដល់​ប្រាក់កម្ចី​ដល់​ធនាគារ​តម្រូវ​ឱ្យ​ធនាគារ​សង​ត្រឡប់​វិញ​ដល់​ពួកគេ ទាំង​ប្រាក់ការ បូក​នឹង​ប្រាក់​ដើម នៅពេល​ដល់ពេល​ត្រូវ​បង់​។ ធនាគារ ឬ FI ក៏មាន​បំណុល និង​កាតព្វកិច្ច​បង់ប្រាក់​ដល់​ពួកគេ​ផងដែរ​»៕LA