
លោក កាន់ គន្ធី តំណាងក្រុមហ៊ុន CACC និងលោកស្រី ហឹម សុធា។ រូបថត ហ៊ឹន ពិសី
ភ្នំពេញៈ សហគមន៍កសិកម្មចំនួន ៦ បានចុះកិច្ចព្រមព្រៀងផលិតកម្មសរីរាង្គតាមកិច្ចសន្យាជាមួយក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ដើម្បីជួយឲ្យកសិករចៀសផុតពីបញ្ហាកង្វះទីផ្សារ និងតម្លៃ។
លោក កាន់ គន្ធី តំណាងក្រុមហ៊ុន CACC បានប្រាប់ថា លោកចង់ឃើញទីផ្សារវិស័យកសិកម្មកម្ពុជាមានភាពល្អប្រសើរជាងមុន តាមរយៈការផលិតកសិផលសរីរាង្គដែលកំពុងមានតម្រូវការខ្ពស់។ លោកបន្តថា កិច្ចសន្យានេះធ្វើឡើងជាមួយតែសហគមន៍កសិកម្មសរីរាង្គប៉ុណ្ណោះ។
លោកបន្តថា៖ «តាមរយៈកិច្ចសន្យានេះ សហគមន៍នឹងទទួលបានផលប្រយោជន៍ចម្បងមួយចំនួនដូចជា តម្លៃខ្ពស់ជាងទីផ្សារចន្លោះពី ២០-៤០ ភាគរយការផ្តល់ពូជល្អៗពីអាជ្ញាធរ និងការធានាផ្នែកទីផ្សារជាដើម»។
CACC គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេមរុ រ៉ាយ (Amru Rice) ដែលជាក្រុមហ៊ុនកែច្នៃ និងនាំចេញអង្ករធំមួយនៅកម្ពុជា។ ចាប់ពីបើកដំណើរការក្នុងឆ្នាំ ២០១៧ រហូតមកទល់បច្ចុប្បន្ន CACC បានចុះកិច្ចព្រមព្រៀង «ផលិតកម្មតាមកិច្ចសន្យា» ជាមួយសហគមន៍ផលិតស្រូវចំនួន ៨ សហគមន៍ដំឡូងមី ១០ ស្វាយចន្ទី ៧ និងម្រេចចំនួន ២។
លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលចូលរួមនៅក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា នៅពេលដែលសហគមន៍កសិកម្មនាំគ្នាចាប់ផ្តើមគិតពីការផលិតទៅតាមតម្រូវការរបស់អ្នកបញ្ជាទិញ ពួកគេនឹងទទួលបានផលចំណេញច្រើន ពិសេសតម្លៃលើទីផ្សារ។
លោកប្រាប់ទៀតថា ទិសដៅរបស់ក្រសួងកសិកម្ម គឺជំរុញឲ្យនៅគ្រប់ខេត្តមានការធ្វើពាណិជ្ជកម្មតាមកិច្ចសន្យានេះ ដោយសារតែវាមិនចាំបាច់បារម្ភពីកង្វះទីផ្សារ។ លោកបានថ្លែងថា៖ «ការចុះកិច្ចសន្យានេះគឺប្រាកដណាស់ថានឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៅដល់កសិករ ហើយយើងសង្ឃឹមថា នៅទូទាំងប្រទេសនឹងមានកិច្ចសន្យាលក់បែបនេះ»។
យោងតាមលោក ភាជ ចាប់ពីដើមឆ្នាំ ២០១៩ រហូតដល់ពេលនេះមានកិច្ចព្រមព្រៀងកសិកម្មប្រមាណ ៦០ ត្រូវបានចុះហត្ថលេខា ខណៈកាលពីឆ្នាំ ២០១៨ មានប្រមាណ ៩០។
សហគមន៍កសិកម្ម (ស្រូវ) ចំនួន ៦ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ CACC រួមមាន ៤ មកពីខេត្តកំពង់ឆ្នាំង ១ មកពីខេត្តតាកែវ និង ១ មកពីខេត្តកំពង់ស្ពឺ។
លោកស្រី ហឹម សុធា អនុប្រធានសហគមន៍ក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានសមាជិកផលិតចំនួន ២២៣ គ្រួសារជាអ្នកផលិតស្រូវសរីរាង្គបាននិយាយថា សហគមន៍របស់លោកស្រីផលិតស្រូវសរីរាង្គបានច្រើន ប៉ុន្តែប្រឈមនឹងបញ្ហាទីផ្សារ។
លោកស្រីបន្តថា៖ «ខ្ញុំសង្ឃឹមថា ក្រុមហ៊ុននេះ (CACC) នឹងអនុវត្តការប្រមូលផល និងតម្លៃសមរម្យសម្រាប់ប្រជាកសិករជាអ្នកដាំដុះ»។
របាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថាគិតត្រឹមដំណាច់ឆ្នាំ ២០១៨ ក្រសួងបានបង្កើតសហគមន៍កសិកម្ម សរុប ១ ១១៦ សហគមន៍ក្នុងនោះ ១២០ ជាសហគមន៍កំពុងត្រូវបានជំរុញឲ្យក្លាយទៅជាគំរូ និងកសិធុរកិច្ច៕ LA