ភ្នំពេញៈ សហគ្រាសធុនតូច និងមធ្យមចំនួន ៧ បានដាក់ពាក្យស្នើសុំកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចាប់តាំងពីធនាគារដែលគ្រប់គ្រងដោយរដ្ឋនេះបញ្ចេញមូលនិធិ ៥០ លានដុល្លារជាផ្លូវការសម្រាប់ផ្តល់កម្ចីដល់សហគ្រាសនៅក្នុងវិស័យកសិឧស្សាហកម្ម។
លោក កៅ ថាច់ អគ្គនាយក ARDB បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ARDB កំពុងធ្វើការពិនិត្យមើលលើពាក្យស្នើសុំរបស់សហគ្រាសធុនតូច និងមធ្យមទាំងនោះ។ លោកបន្តថា SME ទាំងនោះបានដាក់ពាក្យស្នើសុំកម្ចីក្នុងទំហំ ២០០ ០០០ ដុល្លារដូចៗគ្នា។
លោកថ្លែងថា៖ «ពួកគាត់ភាគច្រើនបានដាក់ស្នើសុំកម្ចីប្រាក់ពីធនាគារយើងតាមរយៈសមាជិករបស់ពួកគេ ខណៈសព្វថ្ងៃយើងកំពុងពិនិត្យលើសំណើទាំងនេះ ដោយយ៉ាងយូរ ២ សប្តាហ៍ទៀត ពួកគេអាចទទួលបានកម្ចីហើយ បើសិនមានឯកសារគ្រប់គ្រាន់។ ពួកគេខ្ចីប្រាក់ពីយើងដើម្បីធ្វើការពង្រីកចង្វាក់ផលិតកម្មរបស់ពួកគេ»។
ម្ចាស់សហគ្រាស SME អាចខ្ចីប្រាក់បានរហូតដល់ ៣០០ ០០០ ដុល្លារជាមួយនឹងអត្រាការប្រាក់ ៦ ភាគរយសម្រាប់ទុនបង្វិល និងអត្រាការប្រាក់ ៦,៥ ភាគរយសម្រាប់ទុនវិនិយោគក្នុង ១ ឆ្នាំដូចគ្នា។ ដោយឡែកសម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ម្ចាស់សហគ្រាស SME អាចខ្ចីប្រាក់ពីធនាគារនេះ ២០០ ០០០ ដុល្លារសម្រាប់ទុនបង្វិល និង ៣០០ ០០០ ដុល្លារសម្រាប់ទុនវិនិយោគជាមួយអត្រាការប្រាក់ ៧ ភាគរយក្នុង ១ ឆ្នាំ។
ការបង្កើតធនាគារ SME Bank នេះគឺដើម្បីគាំទ្រហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដែលមានជាង ៥០០ ០០០ ដោយរដ្ឋាភិបាលបានបញ្ចេញសហហិរញ្ញប្បទាន ១០០ លានដុល្លារ និងបានដាក់ឲ្យដំណើរការកាលពីដើមខែមេសានេះ។
របាយការណ៍សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលចេញផ្សាយកាលពីខែសីហា ឆ្នាំ ២០១៩ បានឲ្យដឹងថា សហគ្រិនស្ដ្រីរបស់ប្រទេសកម្ពុជាបន្តជួបការពិបាកដោយសារតែលទ្ធភាពទទួលបានហិរញ្ញវត្ថុនៅមានកម្រិតសម្រាប់ការពង្រីកអាជីវកម្ម។ មានតែ ៣ ភាគរយប៉ុណ្ណោះមានលទ្ធភាពបានទទួលឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។
របាយការណ៍នេះប៉ាន់ប្រមាណថា តម្រូវការឥណទានពីសហគ្រិនស្ដ្រីបច្ចុប្បន្នមានចំនួន ៤,២ ពាន់លានដុល្លារស្មើនឹងជិត ៦៣ ភាគរយនៃថវិកាជាតិសម្រាប់ឆ្នាំ ២០១៩ ដែលមានចំនួន ៦,៧ ពាន់លានដុល្លាររបស់ប្រទេសកម្ពុជា។
ការអង្កេតមួយដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងចំណោមសហគ្រាស ៧១ នៅកម្ពុជាបានរកឃើញថា ពួកគេត្រូវការជំនួយផ្នែកស្រាវជ្រាវទីផ្សារ ការអភិវឌ្ឍសេវា ការវេចខ្ចប់ ការទទួលយកបច្ចេកវិទ្យា ធនធានមនុស្ស ការទទួលបានកម្លាំងពលកម្ម ការទទួលបានហិរញ្ញវត្ថុ ការចុះបញ្ជីអាជីវកម្ម ការបង់ពន្ធ និងការកែលម្អស្ដង់ដាអនាម័យ៕