ភ្នំពេញ៖ សហគ្រិន​ខ្មែរ​ជា​អង្គភាព​មួយ​ស្ថិត​ក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) បាន​សម្រេច​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​មួយ ដើម្បី​បង្កើន​ល្បឿន​ក្នុង​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) របស់​ប្រទេសក​ម្ពុជា និង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក។

សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ១១ ខែ​ឧសភា​នេះ ភាព​ជា​ដៃគូ​ថ្មី​រវាង KE និង UNDP មាន​បំណង​គាំទ្រ​ការ​អភិវឌ្ឍ SMEs ប្រកប​ដោយ​ចីរភាព និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បម្រើ​ជា​កាតាលីករ​សម្រាប់ SMEs ដើម្បី​បង្កើន​វត្តមាន​អនឡាញ​របស់​ពួក​គេ ផ្ដល់​សេវាកម្ម​ថ្មីៗ និង​កំណត់​ការ​ឆ្ពោះ​ទៅ​រក​ទិសដៅ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ។

កាល​ពី​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០ UNDP និង​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម (MoC) បាន​រួម​គ្នា​បង្កើត​គម្រោង​ជំរុញ​ល្បឿន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​ប្រទេស​កម្ពុជា។

ភាព​ជា​ដៃគូ​រួម​នេះ មាន​គោល​បំណង​ក្នុង​ការ​បង្កើន​ឱកាស​ក្នុង​ស្រុក និង​អន្តរជាតិ​សម្រាប់ SMEs តាមរយៈ​វេទិកា​ឌីជីថល និង​បង្កើត​ការងារ​ថ្មី​ជាង ១ ០០០ កន្លែង​ ត្រឹម​ឆ្នាំ ២០២២។

នៅ​ក្នុង​គំនិត​ផ្តួចផ្ដើម​រួម​នេះ សហគ្រាស​ធុន​តូច និង​មធ្យម ១២៥ ត្រូវ​បាន​រំពឹង​ថា នឹង​ទទួល​បាន​ជំនួយ​ឥត​សំណង និង​ការ​បណ្ដុះបណ្ដាល​ផ្នែក​ពាណិជ្ជកម្ម​អេឡិចត្រូនិក​តាមរយៈ​ការ​ផ្ដល់​ហិរញ្ញប្បទាន​រួម​ពី MoC នៃ​កម្មវិធី​ការ​ធ្វើ​សមាហរណកម្ម​ក្របខ័ណ្ឌ​ចម្រុះ (EIF) របស់​រដ្ឋាភិបាល​អូស្ដ្រាលី និង UNDP ។

«ជាមួយ​នឹង​ភាព​ជា​ដៃគូ​ថ្មី​នេះ និង​ការ​ផ្ដល់​មូលនិធិ​បន្ថែម​ពី KE នៅ​ពេល​នេះ គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​បង្កើន​ល្បឿន ដើម្បី​គាំទ្រ​ដល់​ការ​បន្ថែម SMEs ចំនួន ៥០ នៅ​ក្នុង​សកម្មភាព​គម្រោង​ពីរ​នេះ»។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ។

សកម្មភាព​ទាំង​នេះ រួម​មាន​កម្មវិធី​ធុរកិច្ច​បង្កើត​ថ្មី (បំពាក់ SMEs ជាមួយ​នឹង​ជំនាញ​ចាំបាច់ និង​ការ​គាំទ្រ​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច) និង​កម្មវិធី​ផ្ដល់​ជំនួយ​ខ្នាត​តូច (គាំទ្រ​ការ​ផ្លាស់ប្តូរ​ទៅ​ជា​លក្ខណៈ​ឌីជីថល)។

លោក ឈាង វណ្ណមុនិណ្ឌ អគ្គនាយក KE បាន​កត់​សម្គាល់​ថា ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ បង្ក​ឲ្យ​មាន​អត្ថប្រយោជន៍​ដែល​មិន​ធ្លាប់​មាន​សម្រាប់​ក្រុម​អ្នក​ចេញ​គោលនយោបាយ និង​អ្នក​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​ធ្វើ​ឲ្យ SMEs បន្ត​រស់ និង​ការ​រីក​ចម្រើន​បាន។ ដោយសារ​តែ​កាលៈទេសៈ​ដ៏​ពិបាក ដែល​បាន​បណ្ដាល​មក​ពី​ជំងឺ​កូវីដ ១៩ តាមរយៈ​កម្មវិធី​ភាព​ជា​ដៃគូ​នេះ SMEs ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​នឹង​មាន​ឱកាស​ផ្សេងៗ ក្នុង​ការ​ទទួល​បាន​ជំនួយ​ដែល​ត្រូវ​បាន​ផ្ដល់​ដោយ​សហគ្រិន​ខ្មែរ។

លោក​ថ្លែង​ថា៖ «រចនាសម្ព័ន្ធ​កម្ម​វិធី​នេះ ផ្ដល់​យន្តការ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ផ្ដល់​មូលនិធិ និង​អាចប​ណ្ដុះបណ្ដាល SMEs ដើម្បី​ប្រើប្រាស់​ឌីជីថល។ អន្តរាគមន៍​បែប​នោះ នឹង​រួម​ចំណែក​ចំពោះ​ការ​បង្កើន​ល្បឿន​នៃ​យុទ្ធសាស្ដ្រ​ចតុ​កោណ​របស់​រាជរដ្ឋាភិបាល ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​ឌីជីថល»។

គួរ​ឲ្យ​កត់​សម្គាល់​ថា សម្រាប់​ភាព​ជា​ដៃគូ​នេះ ក៏​ពង្រឹង​ផង​ដែរ នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង UNDP និង KE ក្នុង​ការ​សហការ​ពី​មុន​ដូចជា កម្មវិធី Bluetribe Programme ដើម្បី​កែ​លម្អ​អេកូស៊ីស្ដែម​របស់ SME តាមរយៈ​ការ​ផ្ដល់​ការ​គាំទ្រ​បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ​ដល់ SMEs នៅ​ក្នុង​វិស័យ​អាទិភាព។

លោក Nick Beresford តំណាង​ប្រធាន UNDP បាន​ថ្លែង​ថា ដោយ​មាន​ក្រសួង​ពាណិជ្ជកម្ម UNDP ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​គាំទ្រ​ការងារ​របស់ KE ក្នុង​ការ​បន្ត​ជំរុញ​ឌីជីថល និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដោយ​ផ្អែក​លើ​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច នឹង​ផ្ដល់​ឱកាស​ដល់​សហគ្រាស​មីក្រូ និង​អាជីវកម្ម​ធុន​តូច ក្នុង​ការ​រីក​ចម្រើន​កាន់​តែ​រហ័ស ផ្ដល់​ការងារ និង​ការ​រីក​ចម្រើន​កាន់​តែ​ច្រើន និង​ធ្វើ​ដូច​នេះ ជាមួយ​នឹង​ការ​ការពារ​កាន់​តែ​ខ្លាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩។

លោក​បាន​ថ្លែង​ថា៖ «ភាព​ជា​ដៃគូ​នេះ នឹង​ពង្រឹង​សមត្ថភាព​ដែល​មាន​ស្រាប់​ទាំង​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ តាមរយៈ​ការ​ប្រមូល​ផ្ដុំ​ការ​តភ្ជាប់​បណ្ដាញ​សហគមន៍​មូលដ្ឋាន និង​អ្នក​ជំនាញ​អន្តរជាតិ»។

ជាមួយ​គ្នា​នេះ​ដែរ តាមរយៈ​កិច្ច​សហការ​នេះ វា​ក៏​នឹង​ជំរុញ​មធ្យោបាយ​នវានុវត្តន៍​នៃ​ការ​រៀបចំ​កម្មវិធី​សម្រាប់​ប្រព័ន្ធ​អេកូស៊ីស្ដែម​ទាំង​មូល តាមរយៈ​ការ​គាំទ្រ​ពី​វិស័យ​ឯកជន និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ ដើម្បី​ជួយ​សហគ្រាស​មីក្រូ​ធុនតូច និង​មធ្យម (MSMEs) និង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ៕LA