ភ្នំពេញៈ សហគ្រិន​ខ្មែរ (KE) ដែលជា​អង្គភាព​មួយ​ស្ថិតក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​កម្មវិធី​ចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា-អូស្ដ្រាលី (CAVAC) ផ្តួចផ្តើម​ជួយ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម (SMES) ឬ​ធុរកិច្ច​បង្កើត​ថ្មី​ដែល​កែច្នៃ​ផលិតផល​កសិកម្ម​តាមរយៈ​ការផ្តល់​កញ្ចប់​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​ និង​ផែនការ​អភិវឌ្ឍន៍​។

កញ្ចប់​ជំនួយ​នេះ​មាន​គោលបំណង​គាំទ្រ​ដល់​ SMEs និង​ធុរកិច្ច​បង្កើត​ថ្មី​ក្នុង​វិស័យ​កសិកម្ម​ដែល​បច្ចុប្បន្ន​កំពុង​ជួប​ការលំបាក ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​ដើម្បី​បង្កើន​តម្លៃ​កាន់តែ​ច្រើន​ដល់​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

កម្មវិធី​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​នេះ​ត្រូវ​បាន​អនុវត្ត​ឡើង​ជា​ ៤ ​ដំណាក់កាល​ធំៗ​។ នៅក្នុង​ដំណាក់កាល​ទី​១ សហគ្រិន​ខ្មែរ​នឹង​ប្រកាស​បើក​ទទួល​ពាក្យស្នើសុំ​តាមរយៈ​បណ្ដាញ​សង្គម​នានា​តាមរយៈ​ដៃគូ​សហគ្រិន​ខ្មែរ និង​បណ្ដាញ​សារព័ត៌មាន​។ ការសម្រិតសម្រាំង និង​ដាក់ពិន្ទុ​លើ​ពាក្យ​ស្នើ​ស្ថិត​នៅ​ដំណាក់កាល​ទី​២​។ ក្នុងដំណាក់កាល​ទី​៣ សហគ្រិន​ខ្មែរ​នឹង​តម្រូវ​ឱ្យ​សហគ្រិន​ជាប់​វគ្គ​ជម្រុះ​ទាំងអស់​មក​ធ្វើ​បទបង្ហាញ​ពី​គំរូ​អាជីវកម្ម​របស់​ខ្លួន រីឯ​ដំណាក់កាល​ទី​ ៤ សហគ្រិន​ខ្មែរ​ប្រកាស​បេក្ខភាព​ជយលាភី ដែល​នឹងត្រូវ​ទទួល​កញ្ចប់​ជំនួយ​។ ក្នុង​ដំណើរការ​នេះ​ជា​ឱកាស​ជួយ​ផ្សព្វផ្សាយ​ពី​គំរូ​អាជីវកម្ម ផលិតផល និង​សេវាកម្ម​របស់​អាជីវកម្ម​ខ្លួន​។

លោក ឈៀង វណ្ណមុនិណ្ឌ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ​បាន​ឱ្យ​ដឹងថា ក្នុង​នាម​ជា​អង្គភាព​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហគ្រិន​ខ្មែរ​មាន​ចក្ខុវិស័យ​ក្លាយ​ជា​វេទិកា​ជាតិ​សម្រាប់​ការផ្សព្វផ្សាយ​សកម្មភាព​សហគ្រិន​នៅ​កម្ពុជា​។

លោក វណ្ណមុនិណ្ឌ បញ្ជាក់​ថា សហគ្រិន​ខ្មែរ និង CAVAC មាន​មហិច្ឆតា និង​គោលបំណង​ដូចគ្នា​ក្នុង​ការដោះស្រាយ និង​លើកកម្ពស់​វិស័យ​កសិកម្ម ជាពិសេស​ការកែច្នៃ​កសិកម្ម​នៅក្នុង​ប្រទេស​នេះ​។

លោក វណ្ណមុនិណ្ឌ ថ្លែងថា​៖ «​សហគ្រិន​ខ្មែរ​សង្ឃឹម​ថា អង្គការ​ជាច្រើន​ផ្សេងទៀត​អាច​ប្រើប្រាស់​វេទិកា​សហគ្រិន​ខ្មែរ​ជា​វិធីសាស្ត្រ​ក្នុង​ការសម្រេច​បាន​គោលបំណង​ផ្ទាល់​របស់​ពួកគេ តាមរយៈ​ការក្លាយ​ជា​ដៃគូ​សហគ្រិន​ខ្មែរ​»៕LA