ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) ​បាន​ថ្លែងថា បញ្ហា​កង្វះ​ព័ត៌មាន​អំពី​សេវា និង​ផលិតផល​ហិរញ្ញវត្ថុ​មិន​មាន​លទ្ធភាព​ក្នុង​ការបំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​នានា និង​ខ្វះ​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺជា​ឧបសគ្គ​ចម្បង​ដែល​បាន​រារាំង​សហគ្រិន​ស្ត្រី​ក្នុង​ការទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​។

ការថ្លែង​បែបនេះ​ត្រូវធ្វើ​ឡើង​ដោយ​លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​​វេទិកា​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព ក្រោ​ម​ប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីក្នុងសម័យកាលកូវីដ១៩» ដែលប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលរៀបចំដោយអង្គការផេកកម្ពុជា (Pact Cambodia) តាមរយៈគម្រោងសហគ្រិននារីសកម្ម (WE Act) ដែលគាំទ្រថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ក្រោមកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា សហគ្រិនខ្មែរ Swisscontact និង Good Return។

លោក​បាន​ថ្លែងថា ទោះបី​ជា​កម្រិត​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក៏​ការជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅតែ​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន ជាពិសេស​ចំពោះ​ស្ត្រី​។ ទោះជា​ស្ត្រី និង​បុរស​មានលទ្ធភាព​ស្មើគ្នា​ក្នុងការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ប៉ុន្តែ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​របស់​បុរស និង​ស្ត្រី​នៅតែ​មាន​គម្លាត​គ្នា​។ ឧទាហរណ៍​នៅក្នុង​ប្រទេស​កម្ពុជា មូលនិធិ UNCDF បាន​រកឃើញ​ថា គណនី​ប្រាក់​បញ្ញើ​ប្រមាណ​ ៧០ ​ភាគរយ គឺជា​គណនី​អសកម្ម​ដែល​មាន​សមតុល្យ​តិចតួច​បំផុត​ហើយ​ភាគច្រើន​នៃ​គណនី​ទាំងនេះ​គឺជា​របស់​ស្ត្រី​។

លោក​បញ្ជាក់ថា​៖ «​មាន​ភ័ស្តុតាង​ជាច្រើន​បង្ហាញថា លទ្ធភាព​ទទួលបាន​ឥណទាន​របស់​ស្ត្រី និង​បុរស​មាន​កម្រិត​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​ទំហំ​ឥណទាន​ជា​មធ្យម​របស់​ស្ត្រី​មាន​កម្រិត​ទាប បើ​ធៀប​នឹង​ទំហំ​ឥណទាន​ជា​មធ្យម​របស់​បុរស​។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ ការជំរុញ​នវានុវត្តន៍​សេវា​ឥណទាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ការលើកកម្ពស់​សិទ្ធិ និង​បង្កើន​កិច្ចការពារ​អតិថិជន​ព្រមទាំង​បង្កើន​តម្លាភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ត្រូវបាន​កំណត់​ជា​សកម្មភាព​អាទិភាព​របស់​យើង​»​។

លោកស្រី Sabine Joukes ប្រធាន​គម្រោង​សហគ្រិន​នារី​សកម្ម​ឱ្យ​ដឹងថា អង្គការ​លោកស្រី​បាន​ធ្វើការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា​ដើម្បី​ផ្តល់​ចំណេះដឹង​ផ្នែក​សេវា​ហិរញ្ញវត្ថុ​ដល់​សហគ្រិន​ស្ត្រី និង​សិក្សា​អំពី​តម្រូវការ​របស់​ពួកគេ​។

លោកស្រី​លើកឡើង​ថា​៖ «​យើង​មាន​គោលបំណង​ក្នុង​ការផ្សារភ្ជាប់​តួអង្គ​សមាសភាព​ទាំងអស់​ដើម្បី​ពាំនាំ​ជម្រើស​ហិរញ្ញវត្ថុ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​សហគ្រិន​ស្ត្រី ហើយ​ដើម្បី​ប្រាកដ​ថា យើង​អាចបំពេញ​ចន្លោះ​ខ្វះខាត ដូចនេះ​សហគ្រិន​ស្ត្រី​មាន​ជម្រើស​ដ៏ល្អ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពួកគាត់​»​។

លោក ឈាង វណ្ណមុនិណ្ណ នាយក​ប្រតិបត្តិ​សហគ្រាស​ខ្មែរ​បាន​ឱ្យ​ដឹងថា សហគ្រិន​ខ្មែរ​បានចាប់ផ្តើម​បង្កើត​កញ្ចប់​ជំនួយ​សម្រាប់​ការចាប់ផ្តើម​ចំនួន​ ២ ​លើក​សម្រាប់​សហគ្រាស​ទើប​ចាប់ផ្តើម​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ជួប​ការលំបាក​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដោយ​មាន​អ្នកដាក់ពាក្យ​ប្រហែល ៣០០ ​មកពី​ខេត្ត​ ១៩ និង​សហគ្រាស​ចំនួន ២៧ ​បាន​ទទួល​ជំនួយ​។ ក្នុងចំណោម​សហគ្រាស​ទាំង​ ២៧ ដែល​ទើប​ចាប់ផ្តើម​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​គឺ​ ៦០ ​ភាគរយ​នៃ​សហគ្រាស​ដែល​ឈ្នះ​គ្រប់គ្រង​ដោយ​ស្ត្រី​។

លោក​ថា​៖ «​ការរាំងស្ទះ​សម្រាប់​អាជីវកម្ម​ក្នុងស្រុក​ការចាប់ផ្តើម​អាជីវកម្ម និង​ការរីកចម្រើន​របស់​សហគ្រាស​ដំណាក់កាល​ដំបូង​គឺ​ការទទួល​បាន​ហិរញ្ញប្បទាន​សមស្រប​។ ដូច្នេះ​វា​គឺជា​ការចាំបាច់​ក្នុង​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការទទួលបាន​ហិរញ្ញវត្ថុ​តាមរយៈ​កម្មវិធី​គាំទ្រ​ភាពជា​សហគ្រិន​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ភាព​ជា​ដៃគូ​ក្នុង​ចំណោម​ដៃគូ គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​វិនិយោគិន​។

បើ​យោងតាម​លោក សុវណ្ណនរៈ រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ «​បរិយាប័ន្ន​ហិរញ្ញវត្ថុ ឆ្នាំ​ ២០១៩-២០២៥» ​កាលពី​ថ្ងៃទី​ ១២ ខែ​កក្កដា ឆ្នាំ​ ២០១៩ ដោយ​បាន​កំណត់​គោលដៅ​ «​ការបង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែល​មាន​គុណភាព កាត់បន្ថយ​អត្រា​ស្ត្រី​ដែល​មិនទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ឱ្យបាន​ពាក់កណ្តាល​ពី ២៧ ​ភាគរយ មក​ ១៣ ​ភាគរយ និង​ពង្រីក​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ពី ៥៩ ​ភាគរយ ទៅ ៧០ ​ភាគរយ ត្រឹម​ឆ្នាំ​ ២០២៥ ព្រមទាំង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាល​ភាពគ្រួសារ និង​គាំទ្រ​កំណើន​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាននិង​កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ក្នុងការ​សិក្សា​លទ្ធភាព​ក្នុង​ការផ្តល់​ឥណទាន​ដោយ​មិនមាន​ទ្រព្យ​ធានា និង​រៀបចំ​យុទ្ធនាការ​ជាច្រើន​ទៀត​ក្នុងការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី និង​សហគ្រិន​ស្ត្រី​ក៏ដូចជា​កិច្ចការពារ​អតិថិជន​ដែល​ប្រើប្រាស់​ហិរញ្ញវត្ថុ​»៕