ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា CRF បាន​ត្រៀម​ប្រព័ន្ធ​ទិន្នន័យ​នាំ​ចេញ​ដើម្បី​បង្ហាញ​ទៅ​គណៈកម្មាធិការ​អឺរ៉ុប​សម្រាប់​ការចុះ​របស់​គណៈកម្មការ​នេះ​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ខែ​កក្កដា​។

ក្រុម​ការងារ​ស៊ើបអង្កេត​របស់​គណៈកម្មាធិការ​អឺរ៉ុប​នេះ និង​ចុះ​មក​ត្រួតពិនិត្យ​ទិន្នន័យ និង​អង្កេត​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​លោក មូល សារិទ្ធី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​យើង​បាន​ពិភាក្សា​ជាមួយ​នឹង​សហភាព​អឺរ៉ុប ហើយ​យើង​ត្រៀម​រៀបចំ​ទិន្នន័យ​ដើម្បី​ឆ្លើយតប និង​ត្រៀម​ក្រុមហ៊ុន​នាំ​ចេញ​មួយ​ចំនួន​សម្រាប់​ការអង្កេត​លើក​ទី​មួយ​របស់​អ្នក​អង្កេតការ​នៃ​គណៈកម្មាធិការ​»​។

គណៈកម្មាធិការ​អឺរ៉ុប​បាន​រកឃើញ​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​ការស៊ើបអង្កេត​មួយ​ថា​តើ​អង្ករ​កម្ពុជា​ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប បង្ហាញ​ពី​ការមិន​ស្មើភាព​គ្នា​ជាមួយ​កសិករ​នៅ​អឺរ៉ុប​ដែរ​ឬ​យ៉ាង​ណា​។

ការស៊ើបអង្កេត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ថ្ងៃទី​ ១៦ ខែ​មីនា​ដើម្បី​ឆ្លើយតប​នឹង​សំណើ​របស់​ប្រទេស​អ៊ីតាលី​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការចាត់ «​វិធានការការពារ​» ដែល​ភាគច្រើន​ទាមទារ​ឲ្យ​រឹតបន្តឹង​ការនាំ​ចូល ឬ អត្រាពន្ធ ដើម្បី​ហូតពន្ធ​លើ​អង្ករ​ដែល​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​។ ការ​ហូតពន្ធ​ឡើង​វិញ​លើ​អង្ករ​កម្ពុជា​អាច​មាន​ផលប៉ះពាល់​ចំពោះ​ឧស្សាហកម្ម​នេះ​។ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំ​ទៅ​មាន​ទំហំ​ស្មើ​នឹង​ ៤០ ​ភាគរយ​នៃ​ការ​នាំ​ចេញ​អង្ករ​សរុប​របស់​កម្ពុជា​។

លោក​បន្ត​ថា​៖ «​យើង​បាន​ត្រៀម​មេធាវី​អន្តរជាតិ​ដើម្បី​ការពារ​ផលប្រយោជន៍​នៃ​ការ​នាំចេញ​អង្ករ​របស់​យើង​» ​កសិករ​អ៊ីតាលី​បាន​ប្តឹង​ទាស់​ពី​ការ​នាំ​ចូល​អង្ករ​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ២០១៤ ​មក ប៉ុន្តែ​នេះ​គឺជា​លើក​ដំបូង​ដែល​ការ​ស៊ើបអង្កេត​ផ្លូវការ​មួយ​ត្រូវ​បាន​ដាក់​ដំណើរការ​ដោយ​គណៈកម្មាធិការ​អឺរ៉ុប​៕