ភ្នំពេញ: សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​ក្រុមហ៊ុន ហ្គ្រីនត្រេដ បញ្ចេញ​អង្ករ​លក់​ដំបូង​នៅ​ថ្ងៃ​នេះ​ដែល​ខ្លួន​រំពឹងថា​នឹង​រួមចំណែក​ដល់​ការទប់ស្កាត់​ការឡើង​ថ្លៃ​ស្បៀង និង​រម្ងាប់​ក្តី​ព្រួយបារម្ភ​របស់​ប្រជាជន​នៅក្នុង​ទីក្រុង​បណ្តាល​មកពី​វីរុស​កូវីដ​ ១៩ ដែល​កំពុង​រាលដាល​នៅ​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។

មន្ត្រី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អះអាងថា ក្រុមហ៊ុន​រោង​ម៉ាស៊ីន​កិនស្រូវ​ដែលជា​សមាជិក​របស់ខ្លួន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​បាន​ត្រៀម​បញ្ចេញ​អង្ករ​រាប់ពាន់​តោន​សម្រាប់​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្រុងភ្នំពេញ​ដែល​កំពុង​ទទួលរង​សម្ពាធ​ដោយ​ក្តីបារម្ភ​ចំពោះ​ការរីក​រាលដាល​នៃ​វីរុស​កូវីដ​១៩ និង ទប់ស្កាត់​ការឡើង​ថ្លៃ​អង្ករ​បង្កដោយ​អ្នក​ឆ្លៀតឱកាស​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា សមាជិក​រោង​ម៉ាស៊ីន​កិនស្រូវ​របស់​​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​គ្រោង​បញ្ចេញ​អង្ករ​ចន្លោះ​ពី ១០០ ​តោន​ទៅ ៥០០ ​តោន​សម្រាប់​លក់​ក្នុងស្រុក​ដើម្បី​រក្សា​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​អង្ករ​នៅលើ​ទីផ្សារ ខណៈ​អង្ករ​នៅក្នុង​ឃ្លាំង​របស់​សមាជិក​របស់​ខ្លួន​ទាំង​ជាង​ ៤០០ ​ទីតាំង​មាន​ចំនួន​ជាង​ ៤០ ​ម៉ឺន​តោន​។ លោក​ថ្លែងថា​៖ «​សូម​ប្រជាពលរដ្ឋ​កុំ​ព្រួយបារម្ភ និង​ភ័យ​ស្លន់ស្លោ​ពេក យើង​មាន​អង្ករ​គ្រប់គ្រាន់ មិន​ខ្វះ​នោះទេ​។ យើង​នឹង​លក់​អង្ករ​ក្នុង​តម្លៃ​សមរម្យ ហើយ​យើង​លក់​រហូត​ទាល់តែ​រដ្ឋាភិបាល​អាច​គ្រប់គ្រង​កូវីដ​ ១៩ ​បានល្អ​ប្រសើរ​»​។

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ប្រជាជន​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​នាំគ្នា​សម្រុក​ទិញ​ស្បៀងអាហារ​បម្រុង​ទុក​ពី​ផ្សារទំនើប​នានា ដែល​ជះឥទ្ធិពល​ដល់​ការឡើង​ថ្លៃទំនិញ​នៅលើ​ទីផ្សារ​។

យោងតាម​ចេញប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រុមហ៊ុន ហ្គ្រីនត្រេដ​នឹង​បើក​លក់​អង្ករ​នៅថ្ងៃនេះ​ដែល​ខ្លួន​យល់ថា​ជា​ការរួមចំណែក​ទប់ស្កាត់​ការ​ឡើងថ្លៃ​ស្បៀងអាហារ ជាពិសេស​អង្ករ​ដែលជា​តម្រូវការ​ចាំបាច់​បំផុត​ក្នុង​គ្រួសារ​។

ក្រុមហ៊ុន ហ្គ្រីនត្រេដ ដែលជា​ក្រុមហ៊ុន​រដ្ឋ​គ្រប់គ្រង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​នឹង​បើក​លក់​អង្ករ​នៅ​ស្នាក់ការ​របស់ខ្លួន​ស្ថិត​នៅ​សង្កាត់​ផ្សារកណ្តាល​ ១ និង​នៅ​ឃ្លាំង​ស្តុក​អង្ករ​ស្ថិត​សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ក្រៅពីនោះ​ក្រុមហ៊ុន​ដែលជា​សមាជិក​សហព័ន្ធ​ធំៗ ដូចជា ក្រុមហ៊ុន អេមរូរ៉ាយ មេគង្គ​អូរីហ្សា បៃតង​កម្ពុជា ខ្មែរ​ហ៊្វូតគ្រុប រោង​ម៉ាស៊ីន​វង្សប៊ុនហេង រោងម៉ាស៊ីន​អៀងហ៊ាង និង​រោង​ម៉ាស៊ីន ហាក់ សែ ក៏​ចូលរួម​ក្នុងការ​បញ្ចេញ​អង្ករ​ក្នុង​តម្លៃ​ថេរ​ដែរ​។

តាម​តម្លៃ​ដែល​ក្រុមហ៊ុន​ប្រកាស ប្រភេទ​អង្ករ​សែន​ក្រអូប​នឹងត្រូវ​លក់​ក្នុងតម្លៃ ១៥២ ០០០ ​រៀល​ក្នុង​ ១ ​បាវ​ទម្ងន់​ ៥០ គីឡូក្រាម ខណៈ​តម្លៃ​អង្ករ​ផ្សេងៗ​ទៀត​មាន​តម្លៃ​ខ្ពស់​ ឬ​ទាប​តាម​ប្រភេទ​អង្ករ​។

ការផ្អើល​ទិញ​ស្បៀង​ស្តុក​ទុក​បាន​កើតឡើង​មុន រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែល​បានប្រកាស​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ពី​វត្តមាន​ដំបូង​វីរុស​កូវីដ​ ១៩ លើ​បុរស​ជនជាតិ​ខ្មែរ​វ័យ​ ៣៨ ​ឆ្នាំ​នៅ​ខេត្តសៀមរាប​ដែល​បាន​ឆ្លង​ពី​ជនជាតិ​ជប៉ុន​។

លោក លន់ យ៉េង ក៏បាន​អះអាងថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏​គ្រោង​នឹង​បញ្ចេញ​អង្ករ​លក់​នៅ​ខេត្ត​សៀមរាប​ផង​ដែរ​។ លោក​ថ្លែងថា​៖ «​យើង​ក៏មាន​ផែន​ការលក់​អង្ករ​នៅ​ទី​នោះដែរ​»​។

លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Signatures of Asia បាន​និយាយថា ក្រុមហ៊ុន Signatures of Asia ដែលជា​ក្រុមហ៊ុន​នាំចេញ​អង្ករ​បាន​ត្រៀម​លក់​អង្ករ​ក្នុង​ពេលនេះ​ដោយ​បញ្ចេញ​អង្ករ​ប្រមាណ​ ១០០០ ​តោន​។

លោក​ថ្លែងថា​៖ «​ក្នុង​ជំហាន​ដំបូង​ក្រុមហ៊ុន​ខ្ញុំ​នឹង​ដឹក​អង្ករ​ពី​ខេត្ត​ចំនួន ២០ ​តោន​មក​ទីក្រុង​នៅ​សប្តាហ៍​នេះ​។​ប្រសិនបើ​តម្រូវការ​ខ្ពស់​យើង​នឹង​បញ្ចេញ​អង្ករ​ពី​ឃ្លាំង​បន្តបន្ទាប់​ទៀត​»​។

សាលា​រាជធានី​ភ្នំពេញ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ បន្ទាប់ពី​ពួកគេ​នាំគ្នា​សម្រុក​ទៅ​ទិញ​ស្បៀងអាហារ​ជាច្រើន​ត្រៀម​បម្រុង​ទុក​ដោយសារ​ការភ័យខ្លាច​ជំងឺ កូវីដ​ ១៩ ​ក្នុង​សប្តាហ៍​កន្លង​ទៅ​នេះ​៕