ក្រុងប៊្រុចសែលៈ មេដឹកនាំអឺរ៉ុប កាលពីថ្ងៃម្សិលមិញបានព្រមព្រៀងជាមួយចក្រភពអង់គ្លេស ដើម្បីពន្យារពេលការចាកចេញរបស់ចក្រភពនេះពីសហភាពអឺរ៉ុប (Brexit) ក្នុងរយៈពេលរហូតដល់ ៦ ខែ ដែលជួយសង្គ្រោះទ្វីបនេះពីអ្វីដែលអាចជាការចាកចេញដោយគ្មានកិច្ចព្រមព្រៀងដ៏ចលាចលនៅដំណាច់សប្តាហ៍នេះ។
កិច្ចព្រមព្រៀងដែលត្រូវសម្រេចបានក្នុងអំឡុងពេលពិភាក្សាគ្នារហូតដល់យប់ជ្រៅក្នុងទីក្រុងប៊្រុចសែលនេះ មានន័យថា ប្រសិនបើទីក្រុងឡុងដ៍នៅតែស្ថិតក្នុងសហភាពអឺរ៉ុបបន្ទាប់ពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំនេះ អ្នកបោះឆ្នោតជនជាតិអង់គ្លេសនឹងត្រូវតែចូលរួមក្នុងការបោះឆ្នោត។
លោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេសបានថ្លែងថា លោកស្រីនៅពេលនេះនឹងបន្តធ្វើការងារ ដើម្បីឲ្យកិច្ចព្រមព្រៀងដែលត្រូវបានដកចេញវិញនាពេលមុនរបស់លោកស្រី ទទួលបានការអនុម័តពីសភា ដើម្បីធានាឲ្យបាននូវការចាកចេញពីសហភាពអឺរ៉ុបដោយមានសណ្តាប់ធ្នាប់។
លោកស្រីបាននិយាយថា គោលដៅរបស់លោកស្រីគឺដើម្បីចាកចេញ «ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន»។
លោកស្រីបានពិភាក្សាជាមួយសភាអង់គ្លេសនៅថ្ងៃម្សិលមិញ មុនពេលលោកស្រីជួបជាផ្លូវការដើម្បីពិភាក្សាបន្ថែមជាមួយគណបក្សពលករ ដែលជាគណបក្សប្រឆាំងដ៏ធំរបស់អង់គ្លេស ដើម្បីព្យាយាមស្វែងរកវិធីដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ។
មេដឹកនាំរបស់ប្រទេសទាំង ២៧ ដែលជាសមាជិករបស់សហភាពអឺរ៉ុប បានជួបប្រជុំគ្នាដោយគ្មានវត្តមានរបស់លោកស្រី May ក្នុងពេលបរិភោគអាហារពេលល្ងាច ដើម្បីពិចារណា និងធ្វើសេចក្តីសម្រេចចិត្តអំពីអ្វីដែលលោក Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានហៅថាជា «ការពន្យារពេលចាកចេញប្រកបដោយភាពបត់បែនរហូតដល់ថ្ងៃទី ៣១ ខែ តុលា» មុនពេលលោកស្រីវិលត្រឡប់មកពិភាក្សាវិញដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ៕ AFP/KC