ភ្នំពេញៈ គណៈកម្មាធិការ​អឺរ៉ុប​បាន​រកឃើញ​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​ការស៊ើបអង្កេត​មួយ​ថា តើ​អង្ករ​កម្ពុជា​ដែល​ត្រូវ​បាន​នាំចេញ​ទៅ​សហភាព​អឺរ៉ុប បង្ហាញ​ពី​ភាព​មិន​ស្មើ​ចំពោះ​កសិករ​នៅ​អឺរ៉ុប​ដែរ​ឬ​យ៉ាង​ណា​?

ការស៊ើបអង្កេត​នេះ​ត្រូវ​បាន​ធ្វើឡើង​កាល​ថ្ងៃទី​ ១៦ ខែ​មីនា​ដើម្បី​ឆ្លើយតប​នឹង​សំណើ​របស់​ប្រទេស​អ៊ីតាលី​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចាត់ «​វិធានការ​ការពារ​» ដែល​ភាគច្រើន​រឹតបន្តឹង​ការនាំ​ចូល ឬ អត្រាពន្ធ ដើម្បី​ហូតពន្ធ​លើ​អង្ករ​ដែល​នាំចូល​ពី​ប្រទេស​កម្ពុជា និង​មីយ៉ាន់ម៉ា​។ នេះ​បើ​តាម​លិខិត​ជូនដំណឹង​ស្តីពី​ការស៊ើបអង្កេត​នេះ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​របាយការណ៍​ផ្លូវការ​របស់​សហភាព​អឺរ៉ុប​។

ដោយ​សំដៅលើ​គម្រោង​ដែល​បច្ចុប្បន្ន​ផ្តល់​សិទ្ធិ​ឲ្យ​កម្ពុជា​នាំ​ចេញ​ដោយ​រួច​ពន្ធ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ក្រោម​គម្រោង​អ្វី​គ្រប់​យ៉ាង​លើក​លែង​សព្វាវុធ​ (EBA) លិខិត​ជូន​ដំណឹង​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​ដោយ​បាន​សម្រេច​ថា មាន​ភ័ស្តុតាង​គ្រប់គ្រាន់ ដើម្បី​កែតម្រូវ​កិច្ច​ផ្តួចផ្តើម​នៃ​ដំណើរការ​មួយ​គណៈកម្មាធិការ​អឺរ៉ុប នឹង​ផ្តួចផ្តើម​ការស៊ើបអង្កេត​តាម​មាត្រា​ទី​ ២៤ នៃ​ច្បាប់​អនុគ្រោះ​ពន្ធ​ទូទៅ GSP »​។

ក្រោម​មាត្រា​ទី​ ២៤ នៃ​ច្បាប់ GSP នេះ​អត្រាពន្ធ​នាំចូល​អាច​នឹង​ត្រូវ​ប្រើប្រាស់​ឡើងវិញ​ចំពោះ​ផលិតផល​មួយ បើ​វា​ត្រូវ​បាន​កំណត់ថា ផលិតផល​នោះ «​ត្រូវ​បាន​នាំចូល​ក្នុង​បរិមាណ​/​តម្លៃ ដែល​បង្ក ឬ​គំរាម​កំហែង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ផលិតករ​នៅ​សហភាព​អឺរ៉ុប ឬ​ប្រកួត​ប្រជែង​ដោយ​ផ្ទាល់​នឹង​ផលិតផល​របស់​អឺរ៉ុប​»​។

ការ​ហូតពន្ធ​ឡើង​វិញ​លើ​អង្ករ​កម្ពុជា​អាច​មាន​ផលប៉ះពាល់​ចំពោះ​ឧស្សាហកម្ម​នេះ​។ ការ​នំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំ​ទៅ​មាន​ទំហំ​ស្មើ​នឹង​ ៤០ ​ភាគរយ​នៃ​ការចេញ​អង្ករ​សរុប​របស់​ប្រទេស​កម្ពុជា​។

ក្រុម​ការងារ​ស៊ើបអង្កេត​របស់​គណៈកម្មធិការ​អឺរ៉ុប​នេះ​បាន​រៀបចំ​កិច្ចប្រជុំ​លើក​ដំបូង​របស់​ខ្លួន​រួច​ហើយ​ជាមួយ​នឹង​ក្រុម​មន្ត្រី​មកពី​ក្រសួង​កសិកម្ម និង​ក្រសួង​ពាណិជ្ជកម្ម​។ នេះ​បើ​តាម​លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​។

លោក​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​យើង​កំពុង​ពិភាក្សា​ជាមួយ​នឹង​សហភាព​អឺរ៉ុប ហើយ​យើង​ពុំ​មាន​យោបល់​អ្វី​អំពី​លទ្ធផល​នៃ​កិច្ចពិភាក្សា​នេះ​នៅ​ឡើយ​»​។ លោក​បន្ត​ថា​៖ «​បើ​គ្មាន​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​ទេ​នោះ ខ្ញុំ​ជឿជាក់​ថា​ការចរចា​នឹង​មិន​មានការ​លំបាក​នោះ​ទេ ដោយសារ​ការនាំ​ចេញ​របស់​យើង​គឺ​ផ្អែក​លើ​កិច្ចព្រមព្រៀង EBA »​។

លោក​បាន​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ជា​បន្ត​ស្តីពី​កិច្ចប្រជុំ​នេះ ចំណែក​តំណាង​មកពី​ក្រសួង​ពាណិជ្ជកម្ម​ពុំ​អាច​ទាក់ទង​ស្នើសុំ​ការបំភ្លឺ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

តំណាង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ការស៊ើបអង្កេត​នេះ​គឺ​គួរ​ឲ្យ​ព្រួយបារម្ភ និង​បាន​ងឿង​ឆ្ងល់​អំពី​ភាព​ស្រប​ច្បាប់​នៃ​បណ្តឹង​របស់​ប្រទេស​អ៊ីតាលី​។

លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖ «​ប្រភេទ​អង្ករ​របស់​យើង​គឺ​ខុសពី​អង្ករ​របស់​អ៊ីតាលី ដូច្នេះ​អ្វី​ដែល​ពួកគេ​បាន​លើក​ឡើង វា​មិន​អាច​ប៉ះពាល់​ដល់​ផលិតករ​ក្នុង​ស្រុក​របស់​ពួកគេ​នោះ​ទេ​»​។ លោក​បាន​បញ្ជាក់ថា ការស៊ើបអង្កេត និង​ការសម្រេច​ជា​បន្តបន្ទាប់​មិន​គួរ​ទាក់ទង​នឹង​ស្ថានភាព​នយោបាយ​នោះ​ទេ​។

ខណៈ​កិច្ចព្រមព្រៀង EBA ជាទូទៅ​ផ្អែក​លើ​លក្ខខណ្ឌ​មួយ​ចំនួន​ទាក់ទង​នឹង​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ ឃ្លា​ជាក់លាក់​ដែល​គាំទ្រ​ការស៊ើបអង្កេត​ពី​អង្ករ​នេះ​ពុំ​បាន​បញ្ជាក់​ទេ​។

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន AMRU Rice ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​នាំ​ចេញ​ធំ​ជាង​គេ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ក្តីបារម្ភ​របស់​ប្រទេស​អ៊ីតាលី​ដោយសារ​កត្តា​ទីផ្សារ​ពិភពលោក និង​មិន​ទាក់ទង​នឹង​អង្ករ​កម្ពុជា​នោះ​ទេ​។ លោក​ថ្លែង​ថា​៖ «​ការស៊ើបអង្កេត​របស់​សហភាព​អឺរ៉ុប​គឺជា​ក្តីបារម្ភ​ខ្លាំង និង​គំរាមកំហែង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​ជីវភាព​រស់នៅ​របស់​កសិករ​»​។

លោក​បន្ត​ថា​៖ «​ការធ្លាក់ចុះ​តម្លៃ​អង្ករ​មិន​ត្រឹម​តែ​ប៉ះពាល់​ទីផ្សារ​អង្ករ​របស់​ប្រទេស​អ៊ីតាលី​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជា​បញ្ហា​របស់​ពិភពលោក​មួយ​ផង​ដែរ​»​។ លោក​បាន​បញ្ជាក់​ថា​៖ «​យើង​នាំ​ចេញ​តែ​អង្ករ​ក្រអូប ហើយ​បរិមាណ​នាំ​ចេញ​ក៏​មិន​ច្រើន​ដូច​អ្វី​ដែល​ប្រទេស​អ៊ីតាលី​កំពុង​លើក​ឡើង​នោះ​ដែរ​»​។

តាម​សហភាព​អឺរ៉ុប​ចំណែក​ទីផ្សារ​អង្ករ​របស់​កម្ពុជា​នៅ​អឺរ៉ុប​បាន​កើនឡើង​ពី​ ១៣ ​ភាគរយ​កាលពី​ ៥ ​ឆ្នាំ​មុន​ដល់​ ២១ ​ភាគរយ​កាលពី​ឆ្នាំ​មុន​។ ទន្ទឹម​នឹង​នោះ​ដែរ ចំណែក​ទីផ្សារ​អង្ករ​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ផលិតករ​អឺរ៉ុប បាន​ធ្លាក់​ចុះ​ពី​ ៥២ ​ភាគរយ​មក​នៅ​ត្រឹម ៣០ ​ភាគរយ​ក្នុង​រយៈពេល​ដូច​គ្នា​។

កសិករ​អ៊ីតាលី​បាន​ប្តឹង​ទាស់​ពី​ការ​នាំ​ចូល​អង្ករ​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ ២០១៤ ​មក ប៉ុន្តែ​នេះ​គឺជា​លើក​ដំបូង​ដែល​ការស៊ើបអង្កេត​ផ្លូវការ​មួយ​​ត្រូវ​បាន​ដាក់​ដំណើរការ​ដោយ​គណៈកម្មធិការ​អឺរ៉ុប​។

ច្បាប់​សហភាព​អឺរ៉ុប​ចែង​ថា​ការស៊ើបអង្កេត​នេះ​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​នៃ​កាលបរិច្ឆេទ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៦ ខែ​មីនា​របស់​ខ្លួន​៕ BP