ប្រ៊ុចសែលៈ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​និយាយថា គណៈកម្មការ​អឺរ៉ុប​នឹង​ស្នើ​នូវ​កញ្ចប់​សង្គ្រោះ​សេដ្ឋកិច្ច​ថ្មី​ដើម្បី​ជួយ​តំបន់​អឺរ៉ុប​ឲ្យ​ងើប​ពី​ការខូចខាត​សេដ្ឋកិច្ច​បណ្តាលមកពី​ការរីករាលដាល​វីរុស​កូរ៉ូណា​។

លោកស្រី Ursula von der Leyen បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «​ដើម្បី​ធានា​ដល់​ការងើប​ឡើងវិញ​ផ្នែក​សេដ្ឋកិច្ច គណៈកម្មការ​អឺរ៉ុប​នឹង​ស្នើការ​ផ្លាស់ប្តូរ​ក្នុង​សំណើ​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សម្រាប់​រយៈពេល​ច្រើន​ឆ្នាំ​ (MFF) ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ដោះស្រាយ​កញ្ចប់​ថវិកា​សង្គ្រោះ​វិបត្តិ​កូរ៉ូណា​»​។

MFF គឺជា​ក្របខណ្ឌ​ហិរញ្ញវត្ថុ​ច្រើន​ឆ្នាំ​គឺជា​ថវិកា​រយៈពេល​វែង​របស់​សហភាព​អឺរ៉ុប​។

លោកស្រី​បាន​និយាយថា​៖ «​កញ្ចប់​ថវិកា​សង្គ្រោះ​នោះ​នឹង​រួមបញ្ចូល​នូវ​កញ្ចប់​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​ដែល​នឹង​ធានា​សង្គតិភាព​ក្នុង​សហភាព​អឺរ៉ុប​ដែល​ត្រូវបាន​រក្សា​តាមរយៈ​សាមគ្គីភាព និង​ការទទួលខុសត្រូវ​»​។

លោកស្រី​បន្ថែមថា​៖ «​ក្នុង​ដំណាក់កាល​នេះ​ប្រធាន​គណៈកម្មការ​មិន​ច្រានចោល​គំនិត​ណាមួយ​ក្នុង​ដែន​កំណត់​នៃ​អនុសញ្ញា​នោះទេ​»​។

កាលពី​ខែ​មុន​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​បាន​បរាជ័យ​រួច​មក​ហើយ​នូវ​កិច្ចព្រមព្រៀង​លើ​ការពង្រីក​គម្រោង​ថវិកា​រយៈពេល ៧ ​ឆ្នាំ​ខាងមុខ​រាប់​ចាប់ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៧​។ ពួកគេ​អាច​មិន​យល់ព្រម​លើ​ទំហំ​ទឹកប្រាក់​ដែល​វិស័យ​នីមួយៗ​គួរ​ទទួលបាន​។

ទោះបី​ជា​ការជជែក​បាន​បន្ត​ចាប់តាំងពី​ពេលនោះ​មក ការរីករាលដាល​នៃ​វីរុសឆ្លង​បាន​រីក​រាលដាល​កាន់តែច្រើន​ពាសពេញ​តំបន់​អឺរ៉ុប ដោយ​មកដល់​ពេល​នេះ​អ្នក​ឆ្លង​នៅ​អឺរ៉ុប​មាន ២/៣ ​នៃ​ចំនួន​អ្នក​ឆ្លង​នៅ​ទូទាំង​សកលលោក និង​អ្នក​ស្លាប់មាន​ចំនួន ២១ ៣៣៤​ ​នាក់​ នៃ​ចំនួន​អ្នកស្លាប់ ៣០ ០០៣​នាក់​។

ការរាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ផ្លាស់ប្តូរ​ទស្សនវិស័យ​នៃ​អ្នកដឹកនាំ​នយោបាយ​ជាច្រើន ដោយ​តំបន់​អឺរ៉ុប​ទាំងមូល​ប្រឈម​ការមើលឃើញ​នៃ​ការរអិល​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​នៅ​ចុង​ឆ្នាំនេះ​។

ប៉ុន្តែ​អ្នកដឹកនាំ​សហភាព​អឺរ៉ុប​ទាំង​ ២៧ ​ប្រទេស​មិនបាន​យល់ស្រប​ចំពោះ​ការឆ្លើយតប​សេដ្ឋកិច្ច​ល្អ​បំផុត​ទៅ​នឹង​ការខូចខាត​បណ្តាល​មកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុងអំឡុងពេល​ប្រជុំ Video-conference កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឡើយ​។

ពួកគេ​បាន​សុំ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​នាំមក​នូវ​សំណើ​នៅ​ខែក្រោយ​។

លោកស្រី von der Leyen បាន​បន្តថា​៖ «​គណៈកម្មការ​អឺរ៉ុប​នឹង​ចូលរួម​ក្នុង​ការពិភាក្សា​ទាំងនេះ ហើយ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជួយ​ប្រសិនបើ​ទទួល​បាន​ការគាំទ្រ​ដោយ​ក្រុម​ប្រទេស​ចាយប្រាក់​អឺរ៉ូ​»​។

លោកស្រី​បញ្ជាក់​៖ «​ស្របគ្នា​នេះ​គណៈកម្មការ​កំពុង​ធ្វើការងារ​លើ​គម្រោង​សម្រាប់​ដំណាក់កាល​ងើប​ឡើងវិញ​នៅក្នុង​អនុសញ្ញា​ដែល​មាន​ស្រាប់​»​។

អ៊ីតាលី អេស្ប៉ាញ និង​បារាំង​ដែល​ជា​ប្រទេស​ទទួលរង​ខ្លាំង​បំផុត​រហូតមក​ដល់ពេលនេះ​។ ​ការរីករាលដាល​ឆាប់រហ័ស​នៃ​ជំងឺ​កូវីដ​ ១៩ កំពុង​ជំរុញ​សហភាព​អឺរ៉ុប​ឲ្យ​ស្វែងរក​មធ្យោបាយ​ដើម្បី​ចែករំលែក​បន្ទុក​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ជាង​នេះ​។

ប៉ុន្តែ​ប្រទេស​ ហូឡង់ និង​ប្រទេស ​អាល្លឺម៉ង់​ មិន​បាន​អើពើ​នោះឡើយ ដោយ​ភ័យខ្លាច​ថា អ្នកជិតខាង​របស់ខ្លួន​នៅ​ភាគខាងត្បូង​ដែល​ចាយ​ធំ​នឹង​ធ្វើ​អាជីវកម្ម​ពី​វិបត្តិ​នេះ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការដាក់​បញ្ចូល​បំណុល​រដ្ឋាភិបាល​តំបន់​ចាយប្រាក់​អឺរ៉ូ​បន្ថែមទៀត​៕ RR