ភ្នំពេញៈ សហភាព​អឺរ៉ុប​បាន​ផ្តល់​ថវិកា​ចំនួន ៥,៣ លាន​អឺរ៉ូ​ សម្រាប់​គម្រោង​ថ្មី​ចំនួន​ ២ ដើម្បី​ជំរុញ​ការស្តារ​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា ដែល​ជា​គម្រោង​ជំរុញ​ការប្រើប្រាស់ និង​ផលិត​ប្រភព​ថាមពល​មាន​និរន្តរភាព និង​ដាក់​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​តាម​មាគ៌ា​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​កំណើន​បៃតង​សកល​ (GGGI) ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​។

មូលនិធិ​នេះ​ត្រូវបាន​ផ្តល់​ដោយ​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ឆែក​សម្រាប់​គម្រោង «Switch to Solar» ក្នុង​រយៈពេល ៤ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០២៤ ដែល​អនុវត្ត​ដោយ​អង្គការ People In Need (PIN) និង​ដៃគូ ដើម្បី​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​ក្នុង​តំបន់​ជនបទ​នៅ​កម្ពុជា​។

ប្រជាជន​ប្រមាណ ១,១៤ លាន​នាក់​ នៅ​ទូទាំង​ខេត្ត​ចំនួន ៦ និង​ស្រុក ១៥ តាម​តំបន់​បឹង​ទន្លេសាប​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ឱកាស​សេដ្ឋកិច្ច​កាន់តែ​ច្រើន​នៅ​ថ្នាក់មូលដ្ឋាន​ដែល​បរិស្ថាន​ធម្មជាតិ​កាន់តែ​មាន​និរន្តរភាព និង​បានទទួល​ផលិតផល និង​សេវាកម្ម​ដែល​មិន​ប៉ះពាល់​បរិស្ថាន​ពី​គោលដៅ​សហគ្រាស​ខ្នាតតូច​បំផុត តូច និង​មធ្យម​។

លោក Jerus D''Silva ប្រធាន​កម្មវិធី​ទទួលបន្ទុក​ការពង្រឹង​អំណាច​សេដ្ឋកិច្ច​ថាមពលបៃតង និង​កាកសំណល់​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា បច្ចុប្បន្ន​ថាមពល​សូឡា​គឺជា​ផ្នែក​មួយ​នៃ​ភាពងាយស្រួល​បំផុត​ក្នុង​ការអនុវត្ត និង​រីកចម្រើន​លឿន​បំផុត​នៃ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ​។

លោក​បន្តថា ថាមពល​អគ្គិសនី​គឺជា​មូលដ្ឋានគ្រឹះ​នៃ​អ្វីៗ​គ្រប់យ៉ាង​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​ដែល​ទាមទារ​ឲ្យ​មាន​ការផ្តោត​ការយកចិត្ត​ទុកដាក់​កាន់តែច្រើន​ដើម្បី​កសាង​សេដ្ឋកិច្ច​ឲ្យ​ដំណើរការ​ល្អ និង​ប្រកប​ដោយ​និរន្តរភាព​។

លោក​និយាយថា​៖ «​ខ្ញុំ​ជឿថា គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​ដល់​ការពង្រឹង​អំណាច​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​»​។

លទ្ធផល​រំពឹងទុក​សំខាន់ៗ​ពី​គម្រោង​នេះ​គឺ​គំរូ​អាជីវកម្ម និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ត្រូវបាន​រៀបចំ និង​លើកកម្ពស់ និង​ពង្រឹងសមត្ថភាព​របស់​អ្នកផ្តល់​បច្ចេកវិទ្យា​ថាមពល​សូឡា​ក្នុង​តំបន់ ព្រម​ទាំង​គោលដៅ​សហគ្រាស​ខ្នាតតូច​បំផុត តូច និង​មធ្យម និង​អ្នកប្រើប្រាស់​ជាច្រើន​បាន​បង្កើន​ចំណេះ និង​ទទួល​បាន​ឧបករណ៍​ថាមពល​សូឡា​។

គម្រោង​ដែល​ផ្តល់​ថវិកា​ដោយ​សហគមន៍​អឺរ៉ុប​ទី​ ២ ​គឺ​ «​ការលើកកម្ពស់​ការអនុវត្ត​ថាមពល​ប្រកប​ដោយ​និរន្តរភាព​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​» ដែល​គម្រោង​នេះ​នឹង​លើកកម្ពស់​ការអនុវត្ត​ថាមពល​ស្អាត រួមទាំង​ប្រសិទ្ធភាព​ថាមពល ប៉ុន្តែ​គម្រោង​នេះ​ក៏​លើក​កម្ពស់​ប្រសិទ្ធភាព​ថាមពល​សូឡា​លើ​ដំបូលផ្ទះ និង​ថាមពល​ដុត​អុស​ផង​ដែរ​។

លោកស្រី Karolien Casaer-Diez តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ GGGI បាន​អះអាង​ថា គម្រោង​ម៉ូដែល​សេដ្ឋកិច្ច​របស់ GGGI ដែល​បង្កើន​ប្រសិទ្ធភាព​ថាមពល ២០ ​ភាគរយ​នៅក្នុង​វិស័យ​កាត់ដេរ​នឹង​នាំឲ្យ​មាន​ការកើនឡើង ៣១ ​ភាគរយ ​នៃ​ផលិតភាព​ថាមពល​នៅ​ឆ្នាំ​ ២០៣០ និង​ចៀសវាង​ចំណាយ​លើ​ថាមពល ២ ​ពាន់​លាន​ដុល្លារ​។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​និយាយ​ថា​៖ «​ខ្ញុំ​រីករាយ​ដែល​សហភាព​អឺរ៉ុប​បាន​ចូលរួម​គម្រោង​ទាំងនេះ​ចំពោះ​ភាពប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​បៃតង និង​អាជីវកម្ម​ជនបទ​ក្នុង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប រួម​បញ្ជូល​ទាំង​វិស័យ​កាត់ដេរ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩»៕ LA