ក្រុង​វ៉ាស៊ីនតោនៈ លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​អាមេរិក បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង បាន​ព្រមព្រៀង​គ្នា​ឈប់​ហូត​ពន្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជ​កម្ម​អាមេរិក​ជាមួយ​ប្រទេស​ចិន។​

លោក Mnuchin បាន​ប្រាប់ទីភ្នាក់​ងារ​ព័ត៌មាន Fox News កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «​យើង​មាន​ការ​វិវឌ្ឍ​​ច្រើន​ហើយ ហើយ​យើង​បាន​ព្រមព្រៀង​គ្នា​លើ​ក្របខណ្ឌការ​ងារមួយ»។ លោក​បាន​បញ្ជាក់​ថា​៖ «​ដូច្នេះ​នៅ​ពេល​នេះ យើង​បាន​ព្រមព្រៀង​គ្នា​ផ្អាក​អត្រា​ពន្ធ ទន្ទឹម​នឹង​នោះដែរ​យើង​ព្យាយាម​អនុវត្ត​ក្របខណ្ឌការ​ងារ​នេះ»។​

កាល​ពីថ្ងៃ​អាទិត្យ​ផង​ដែរ លោក Liu He ឧបនាយក​រដ្ឋមន្ត្រី​ចិន ដែល​បាន​ដឹកនាំ​ប្រតិភូជាន់​ខ្ពស់​ទៅ​សហរដ្ឋ​អាមេរិក​កាល​ពី​សប្តាហ៍​មុន​នេះ បាន​បញ្ជាក់​ថា​៖ «​ភាគី​ទាំង​ពីរ បានឈាន​ដល់​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​មិន​ប្រយុទ្ធគ្នាក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ឡើយ ហើយ​នឹង​បញ្ចប់​ការ​ដំឡើង​ពន្ធ​លើ​គ្នា​ទៅ​វិញ​ទៅ​មក»។​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Xinhua។

ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​​​រវាង​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នេះ កើត​ឡើង​​បន្ទាប់ពី​មានភាព​តាន​តឹង​កាន់តែ​ខ្លាំង​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ដែល​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ភ័យ​ខ្លាច​ពី​ការ​កើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ដែ​លអាច​បង្កការ​ខូច​ខាត​ខ្លាំង​មួយ។​

ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​រវាង​អាមេរិក និង​ចិន​នេះ បាន​ជំរុ​ញឲ្យមានក្តី​បារម្ភ​ក្នុង​ប្រទេស​មួយ​ចំនួន ដែល​នៅ​តែ​បន្ត​ប្រឈម​នឹង​អត្រា​ពន្ធ​របស់​អាមេរិក​ដែល​អាច​កើត​មាន ដោយ​ប្រទេស​បារាំង​បាន​លើក​ឡើង​ថា ស្ថានភាព​នេះ អាច​ធ្វើ​ឲ្យ ​«អឺរ៉ុប​ខាត​បង់»។​

លោក Mnuchin បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​ផង​ដែរ​ពីការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ តាម​រយៈ​ដែល​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង «ធានា​ថា យើង​មាន​លទ្ធភាព​ស្មើ​គ្នា​ដើម្បី​ប្រកួត​ប្រជែង»​ ក្នុង​ទីផ្សារ​ដ៏ធំ​របស់​ខ្លួន៕ AFP/BP