ភ្នំពេញៈ សាជីវកម្ម​ធានា​ឥណទាន​ដែលជា​គម្រោង​របស់​រាជរដ្ឋាភិបាល​ដោយ​ផ្តួចផ្តើម​ដំបូង​ជាមួយ​ទុន​ប្រមាណ​ ២០០ ​លាន​ដុល្លារ​ នឹងត្រូវ​បានបង្ហាញ​ជា​បន្តបន្ទាប់​ក្នុងអំឡុងពេល​វិបត្តិ​កូវីដ​ ១៩​ ដើម្បី​ជំរុញ​ការផ្តល់​កម្ចី​ដល់​ប្រតិបត្តិករ​អាជីវកម្ម ទំនងជា​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំក្រោយ ខណៈ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​អំពាវនាវ​ម្ចាស់​អាជីវកម្ម​ដាក់ពាក្យ​ស្នើសុំ​កម្ចី​ដើម្បី​បាន​ប្រភព​ទុន​បន្ថែមទៀត​។ នេះ​បើ​យោងតាម​អ្នក​ស្ថិតក្នុង​វិស័យ​ហិរញ្ញវត្ថុ​។

លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC) បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា តាម​អ្វីដែល​លោក​បាន​ដឹង ​និង​ជជែក​ពិភាក្សា​ក្នុងពេល​កន្លង​មក​នេះ សាជីវកម្ម​ធានា​ឥណទាន​គម្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១​។

លោក​បាន​អះអាងថា សាជីវកម្ម​ធានា​ឥណទាន​នឹង​ក្លាយជា​ប្រភព​ទុន​បន្ថែមទៀត​សម្រាប់​សហគ្រាស​ធុនតូច និង​មធ្យម​ដែល​ពុំមាន​ទ្រព្យ​ធានា​គ្រប់គ្រាន់ ដើម្បី​ជួយ​ធានា​ពួកគេ​បន្ថែម​ទំហំ​នៃ​ទ្រព្យ​ធានា​។

លោក​បន្តថា ការបង្កើត​សាជីវកម្ម​ធានា​ឥណទាន​របស់​រដ្ឋាភិបាល​នេះ​គឺជា​ការគាំទ្រ​មួយ​ថ្មី​ទៀត​ទៅលើ​វិស័យ​ឯកជន ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​ទទួល និង​ប្រើប្រាស់​ឥណទាន​ទៅតាម​តម្រូវការ​ស្រប​នឹង​ប្រភេទ​អាជីវកម្ម​របស់​ពួកគាត់​។

លោក​ថ្លែងថា​៖ «​យើង​សង្កេតឃើញ​កន្លងមក សហគ្រាស​ធុន​តូច និង​មធ្យម ភាគច្រើន​ដាក់ពាក្យ​ស្នើសុំ​ខ្ចីប្រាក់​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​របស់គាត់​ពុំ​មាន​ទ្រព្យ​ធានា​គ្រប់គ្រាន់​នោះទេ ដែល​នេះ​ធ្វើឱ្យ​គាត់​មិនអាច​ប្រើប្រាស់​ឥណទាន​ពេញលេញ​ទៅតាម​តម្រូវការ​របស់គាត់​»​។

មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម និង ក្រុមហ៊ុន​ធុរកិច្ច​ដែលមាន​បញ្ហា​ប្រឈម​ក្នុង​ការទទួល​បាន​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សម្រាប់​ពង្រីក និង​និរន្តរភាព​អាជីវកម្ម​ក្នុង​អំឡុងពេល​ការរីករាលដាល​កូវីដ​ ១៩ ​ឱ្យ​ដាក់​ពាក្យសុំ​កម្ចី​ជាថ្មី បន្ទាប់ពី​រដ្ឋាភិបាល​បាន​បង្កើត​សាជីវកម្ម​ធានា​ឥណទាន​ដែលជា​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី ដែល​ទើប​បង្កើត​ជាមួយ​នឹង​ទុន​ចុះបញ្ជី​ចំនួន ២០០ ​លាន​ដុល្លារ​។

ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្តីពី​ការបង្កើត​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​នៅ​ទីស្តីការ​ក្រសួង​កាលពីដើម​សប្តាហ៍​នេះ​។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​សាជីវកម្ម​ធានា​ឥណទាន​នេះ​ថា នឹង​ជួយ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​អាច​ស្តារ​អាជីវកម្ម​ឡើងវិញ​។

លោក សីលវ៉ា បន្តថា សាជីវកម្ម​ធានា​ឥណទាន​នេះ​ដែល​ចុះបញ្ជី​មូលធន​ចំនួន ២០០ ​លាន​ដុល្លារ​ សម្រាប់​ផ្តល់​ជា​កម្ចី​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ពិសេស​វិស័យ​អាទិភាព រួមមាន កសិកម្ម កម្មន្តសាល ឧស្សាហកម្ម និង​សេវាកម្ម ដែល​វិស័យ​ទាំងនេះ​កំពុង​រង​ផលប៉ះពាល់​អាជីវកម្ម​ក្នុងអំឡុង​ពេលនេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់​ដែល ជួប​បញ្ហា​ពិបាក​ទទួល​ហិរញ្ញប្បទាន​ពី​ធនាគារពាណិជ្ជ​ទាំងអស់​នាពេល​កន្លងមក សូម​អញ្ជើញ​មក​ធ្វើការ​ស្នើសុំ​កម្ចី​ជាថ្មី​នៅតាម​ធនាគារពាណិជ្ជ​ទាំងនេះ​ចាប់ពី​ពេល​នេះ​តទៅ​»​។

លោក​អះអាង​ថា ក្នុង​រយៈពេល​ខ្លី​ (២០២១-២០២៣) ​ទឹកប្រាក់​ដែល SMEs១ ​ស្ថាប័ន​អាច​ខ្ចី​ខ្ពស់បំផុត​ត្រឹម ៥០ ​ម៉ឺន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​យុទ្ធសាស្ត្រ​យើង​ធ្វើយ៉ាងណា​ជួយ​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​អាច​ដំណើរការ​អាជីវកម្មរ​បស់​ពួកគេ​បាន​ទៅដោយ​រលូន​នៅក្នុង​អំឡុងពេល​មាន​វិបត្តិ​នេះ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យដឹងថា សាជីវកម្ម​ឥណទាន​កម្ពុជា​នឹង​ទម្លុះ​របាំង​ដែល​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការផ្តល់​ហិរញ្ញប្បទាន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ផ្តល់ឱកាស​ថ្មីៗ​ដល់​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការពង្រីក​វិសាលភាព​មូលដ្ឋាន​អតិថិជន​របស់ខ្លួន​។

បើតាម​លោក រស់ ស៊ីលវ៉ា ដើម្បី​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ស្វែងរក​ហិរញ្ញប្បទាន​បន្ថែមទៀត​ពី​ដៃគូ​ហិរញ្ញវត្ថុ​អន្តរជាតិ​ដោយ​លោក​អះអាងថា ធនាគារ​ពិភពលោក​ (WB) ​គ្រោង​នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រហែល ១០០ លាន​ដុល្លារ​ ដល់​រដ្ឋាភិបាល​សម្រាប់​ជា​ទុន​បន្ថែមទៀត​។

សាជីវកម្ម​នេះ​ត្រូវបាន​បង្កើតឡើង​ជា​ក្រុមហ៊ុន​រដ្ឋ​ដោយ​អនុក្រឹត្យ​លេខ ១៤០ អនក្រ.បក ​ចុះ​ថ្ងៃទី​ ១ កញ្ញា ឆ្នាំ​ ២០២០ និង​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃទី​ ១៣ វិច្ឆិកា​ឆ្នាំនេះ​៕ LA