ភ្នំពេញៈ​ សារមន្ទីរ​ស្តីពី​ប្រវត្តិ​​សេដ្ឋកិច្ច និង​​រូបិយវត្ថុ​ ដំបូង​គេ​នៅ​កម្ពុជា​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​​ភ្នំពេញ​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​បង្ហាញ​​សាវតារ​ និង​ភ័ស្តុតាង​នានា​ពី​ការ​វិវឌ្ឍ​នៃ​វិស័យ​សេដ្ឋកិច្ច​ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​ខ្មែរ​​តាំង​ពី​សតវត្សរ៍ទី១ នៃ​​​សម័យ​កាល​ហ្វូណន​រហូត​ដល់​​បច្ចុប្បន្ន។

សារមន្ទីរ​នេះ​ត្រូវ​បាន​កសាង​ឡើង​​ដោយ​​​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ហើយ​​ដំណើរការ​ដោយ​ប្រើ​ឈ្មោះ​ថា សារមន្ទីរ​​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ «​ព្រះ​ស្រី​ឦសានវរ្ម័ន​» ​ដែល​ជា​​ឈ្មោះ​ផ្តល់​ឲ្យ​ដោយ​​​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។

ព្រះ​ស្រី​ឦសានវរ្ម័ន គឺ​ជា​ព្រះ​មហា​វីរក្សត្រ​ដ៏​ឆ្នើម​មួយ​ព្រះអង្គ សោយរាជ្យ​ពី​ឆ្នាំ ៦១១ ដល់​ឆ្នាំ ​៦៣៧ ក្នុង​សម័យ​ចេនឡា ដែល​មាន​រាជធានី​នៅ​ឦសានបុរៈ (បច្ចុប្បន្ន​ហៅ​ថា​ សំបូរ​ព្រៃគុក) ហើយ​ព្រះអង្គ​បាន​បោះ​កាស​មាស​ដំបូង​​គេ​មួយ​ប្រភេទ​សម្រាប់​បង្ហាញ​ពី​ឫទ្ធានុភាព និង​អធិបតេយ្យ លើ​បូរណភាព​ទឹក​ដី​របស់​ព្រះអង្គ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ លោក​ ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា។

លោក​ ចាន់តូ លើក​ឡើង​ថា សារមន្ទីរ​នេះ​ មាន​ពិព័រណ៍​ចំនួន ១២ ដំណាក់​កាល ដោយ​ដំណាក់​កាល​ទី​១ ដល់​ទី​៨ បង្ហាញ​ពី​ប្រវត្តិ​នៃ​ព្រឹត្តិការណ៍​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ជាតិ ចាប់​ពី​សតវត្សរ៍​ទី​១ រហូត​ដល់​បច្ចុប្បន្ន ស្រប​ពេល​ដែល​​ដំណាក់​កាល​ទី៩ ដល់​ទី១២ បង្ហាញ​ពី​តួនាទី​រូបិយវត្ថុ​ និង​ប្រព័ន្ធ​ធនាគារ​ និង​ហិរញ្ញវត្ថុ ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​ជាតិ។

លោក​ថ្លែង​ថា​៖​ «សារមន្ទីរ​សេដ្ឋកិច្ច និង​​រូបិយវត្ថុ ព្រះ​ស្រី​ឦសានវរ្ម័ន​ នេះ​នឹង​រួម​ចំណែក​យ៉ាង​សំខាន់​​ដល់​ការ​ស្វែង​យល់​ពី​ប្រវត្តិ​រឿងរ៉ាវ​នៃ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ខ្មែរ ដែល​មិន​សូវ​មាន​ឯកសារ​ប្រវត្តិសាស្ដ្រ​បាន​លើក​យក​មក​បង្ហាញ​ឲ្យ​បាន​ក្បោះក្បាយ»។​

សារមន្ទីរ​នេះ​មាន​ទីតាំង​នៅ​ជាប់​អគារ​​ផ្សារ​មូលបត្រ​កម្ពុជា​។​ ដើម្បី​សាងសង់​សារមន្ទីរ​នេះ​ឡើង​ លោក ចាន់តូ បាន​​បញ្ជាក់​ថា​ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​សហការ​​ជា​មួយ​សេដ្ឋវិទូ ប្រវត្តិវិទូ និង​បុរាណវិទូ ព្រម​ទាំង​ក្រុមហ៊ុន​សាងសង់​ដែល​មាន​បទ​ពិសោធ និងបណ្ដា​ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ «​ព្រះ​ស្រី​ឦសានវរ្ម័ន​» កាល​ពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​រៀបរាប់​ពី​សារៈសំខាន់​នៃ​​តួនាទី​រូបិយវត្ថុ​ជាតិ សម្រាប់​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ជាតិ និង​បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការ​ចរាចរ​រូបិយប័ណ្ណ​នៅ​កម្ពុជា​នា​ពេល​កន្លង​មក។

យោង​តាម​លោក​ ហ៊ុន សែន​ កម្ពុជា​ធ្លាប់​បាន​​ប្រើប្រាស់​រូបិយវត្ថុ​មាន​ប្រភព​ពី​តំបន់​ផ្សេងៗ តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​បរទេស​តាំង​ពី​សតវត្សរ៍​ទី១ នៅ​សម័យ​នគរ​ភ្នំ រហូត​មក​ដល់​សម័យ​អង្គរ ប៉ុន្តែ​កម្ពុជា​ពុំ​បាន​បោះ​ពុម្ព​រូបិយវត្ថុ​ជាតិ​នោះ​ទេ។​

ទាល់​តែ​មក​ដល់​​ដើម​សតវត្សរ៍​ទី​១៦ «ព្រះ​ស្រី​ជេដ្ឋារាជរាមានាធិបតី» ហៅ «សេ្ដចកន» បាន​ក្លាយ​​ជា​ព្រះរាជា​ដំបូង​គេ​បង្អស់​នៅ​​​កម្ពុជា​ដែល​បាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ​​គឺ «ប្រាក់​ស្លឹង» ដើម្បី​​ពង្រឹង​អំណាច​ផ្នែក​សេដ្ឋកិច្ច នយោបាយ និងអធិបតេយ្យ​ជាតិ។

ស្រប​ពេល​កម្ពុជា​បាន​ឆ្លង​កាត់​ដំណាក់​​កាល​ជា​ច្រើន​រាប់​ទាំង​សង្រ្គាម​ស៊ីវិល ស្ថានភាព​សេដ្ឋកិច្ច​ និង​រូបិយប័ណ្ណ​ជាតិ​បាន​រង​ផល​ប៉ះពាល់​ជា​បន្ត​បន្ទាប់។ នៅ​ពេល​​កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត នៅ​ឆ្នាំ​ ១៩៧៥ ​ប្រាក់​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​ និង​​ប្រព័ន្ធ​សេដ្ឋកិច្ច ​​ត្រូវ​បាន​លុប​បំបាត់​ចោល​ទាំង​ស្រុង​។​

លោក​បន្ត​ថា​៖ «​ប្រវត្តិ​រូបិយវត្ថុ​កម្ពុជា និង​ទំនាក់ទំនង​រូបិយវត្ថុ​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​គឺ [មាន​សារៈសំខាន់​] ក្នុង​​​ការ​ធានា​នូវ​អធិបតេយ្យជាតិ​បូរណភាព​ទឹក​ដី ជា​ពិសេស​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ប្រកប​ដោយ​ចីរភាព»។

លោក​បន្ត​ថា​ ដើម្បី​ឲ្យ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ចូលរួម​ចំណែក​កាន់​តែ​សកម្ម​ក្នុង​ការ​ពង្រឹង​ចំណេះ​ដឹង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ទាក់ទង​នឹង​ប្រវត្តិ​រូបិយវត្ថុ​​គ្រប់​សម័យ​កាល និង​ដើម្បី​លើក​​ស្ទួយ​ប្រាក់​រៀល​កម្ពុជា ​​ធនាគារ​ជាតិ​​នៃ​កម្ពុជា និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ត្រូវ​បន្ត​ប្រមែប្រមូល​នូវ​រាល់​វត្ថុតាង​ដែល​​ពាក់ព័ន្ធ​នឹង​រូបិយវត្ថុ​នានា​សម្រាប់​ដាក់​តាំង​បង្ហាញ​​នៅ​ក្នុង​សារមន្ទីរ៕ LA