ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​កាលបរិច្ឆេទ​ពេលវេលា​សម្រាប់​រថយន្តក្រុង​ចំនួន ៦០ គ្រឿង​ដែល​នឹង​ដឹកជញ្ជូន​អ្នក​ដំណើរ​ទៅ​កាន់​ខេត្ត​មួយ​ចំនួន​ចាប់ពី​ថ្ងៃទី​ ១២ មេសា ដោយ​ពុំ​មាន​ការលក់​សំបុត្រ​នោះ​ទេ គឺ​ផ្អែក​ការមក​ដល់​មុន​របស់​អ្នក​ដំណើរ​។

រដ្ឋាភិបាល​នឹង​កំណត់​រថយន្តក្រុង ​១០ គ្រឿង​សម្រាប់​ផ្លូវជាតិ​នីមួយៗ​គឺ​ផ្លូវជាតិ​លេខ​ ១ លេខ ៣ លេខ ៤ និង​លេខ​ ៦ ខណៈ​ផ្លូវជាតិ​លេខ ៥ នឹង​មាន​រថយន្ត​ក្រុង​រត់​ចំនួន​ ២០ ​គ្រឿង​។ នេះ​បើ​យោង​តាម​លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជធានី​។

លោក​បន្ត​ថា​រថយន្តក្រុង​ទាំង​នេះ​នឹង​បើក​ទា្វរ​ទទួល​អ្នកដំណើរ​នៅ​តាម​ចំណុច​ចេញ​ដំណើរ​នីមួយៗ​នៅ​ម៉ោង ៥ ​ព្រឹក​ហើយ​រថយន្តក្រុង​មួយ​គ្រឿង​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ពី​ ៤០ ទៅ ៥០ នាក់​។

រថយន្តក្រុង​ទាំង​នោះ​នឹង​ចាកចេញ​ពី​ចំណុច​ផ្សេងៗ​នៅ​ជាយក្រុង​ភ្នំពេញ ហើយ​នឹង​ឈប់​នៅ​តាម​សាលាខេត្ត​នីមួយៗ​ដែល​ពួកគេ​ឆ្លង​កាត់​។ នេះ​បើ​យោង​តាម​លោក ម៉េត មាសភក្ដី​។

លោក​ថ្លែង​៖ «​យើង​បង្កើត​រថយន្តក្រុង ដោយ​ផ្អែក​តាម​តម្រូវការ និង​ចម្ងាយ​»​។ លោក​បន្ត​ថា​៖ «​ប្រសិន​បើ​ចម្ងាយ​មិន​ឆ្ងាយ យើង​អាច​ផ្ដល់​ការធ្វើ​ដំណើរ​ ២ ឬ​ ៣ ​ដង​ក្នុង​មួយ​ថ្ងៃ​»​។

ការសម្រេច​ចិត្ត​ក្នុង​ការ​ដាក់​សេវា​រថយន្ត​មិន​គិត​ប្រាក់​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ការអំពាវនាវ​ជាច្រើន​ឆ្នាំ​មក​ហើយ​កុំ​ឲ្យ​រថយន្ត​ឈ្មួល​ដំឡើង​ថ្លៃ​សំបុត្រ​ពេល​មាន​បុណ្យ​ជាតិ​ធំៗ ដែល​ការអំពាវនាវ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ដ្រី​កត់សម្គាល់​ថា​មិន​មាន​ប្រសិទ្ធភាព​។

ទីតាំង​ចេញ​ដំណើរ​ត្រូវ​បាន​កំណត់​ដូច​ខាងក្រោមៈ នៅ​ជិត​ក្រុមហ៊ុន​ចែកចាយ​រថយន្ត Mercedes នៅ​មហាវិថី ហ៊ុន សែន សម្រាប់​ផ្លូវជាតិ​លេខ​ ១ នៅ​ជិត​រង្វង់​មូល​ចោមចៅ​សម្រាប់​ផ្លូវជាតិ​លេខ​ ៣ នៅ​ផ្លូវ​ប្រសព្វ​កប់​ស្រូវ​នឹង​ផ្លូវជាតិ​សម្រាប់​ផ្លូវជាតិ​លេខ​ ៤ នៅ​ជិត​ឧទ្យាន​សេរីភាព នៅ​ខណ្ឌ ឫស្សីកែវ សម្រាប់​ផ្លូវជាតិ​លេខ​ ៥ និង​នៅ​ជិត​រង្វង់​មូល​នៅ​ស្ពាន​ជ្រោយចង្វារ​នៅ​ជិត​ទីក្រុង​រណប​ជ្រោយចង្វារ សម្រាប់​ផ្លូវជាតិ​លេខ​ ៦៕ LA