ពានរង្វាន់ PIEoneer Awards ដែល​រៀបចំ​ឡើង​ដោយ​អ្នក​ឯកទេស​ផ្នែក​អប់រំ​អន្តរជាតិ (PIE) ជា​ក្រុមហ៊ុន​សកល​មួយ​ដែល​ផ្តល់​ជូន​នូវ​សេវាកម្ម​សម្រាប់​អ្នកឯកទេស​ខាង​វិស័យ​អប់រំ​អន្ដរជាតិ ប្រារព្ធ​ពិធី​អបអរ​ការច្នៃប្រឌិត​ និង​សមិទ្ធិផល​នានា​ក្នុង​វិស័យ​អប់រំ​អន្តរជាតិ​ដែល​គ្របដណ្ដប់ ១៤ ​ប្រភេទ​ខុសៗ​គ្នា​នៅ​ឆ្នាំ​នេះ​។

មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្ដុះបណ្ដាល (​សាលា​អេស៊ីអ៊ី​) ​ជា​សាលា​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​ឈាន​មុខ​មួយ​មកពី​ប្រទេស​កម្ពុជា​ដែល​បាន​ជាប់​ក្នុង​ចំណោម​សាលា​កំពូល​ទាំង​បួន​នៅ​ទូទាំង​ពិភពលោក​សម្រាប់​វគ្គ​ចុង​ក្រោយ​សម្រាប់​ពានរង្វាន់​ស្ថាប័ន​អប់រំ​ភាសា​សម្រាប់​ឆ្នាំ ២០១៨​។

ពិធី​ប្រគល់​ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ឡុងដ៍​នៅ​ថ្ងៃទី ៧ ​ខែ​កញ្ញា​ឆ្នាំ ២០១៨​។

ស្ថាប័ន​ដែល​ជា​គូប្រជែង​បី​ផ្សេង​ទៀត​រួមមាន​មជ្ឈមណ្ឌល​សិក្សា​ភាសា​អង់គ្លេស (​ចក្រភព​អង់គ្លេស​) CIEE Global Navigator High School Summer Abroad (​សហរដ្ឋអាមេរិក​) និង MalacaInstituto (​អេស្ប៉ាញ​) -ហើយ​ពាន​រង្វាន់​នេះ​បាន​ទៅ​លើ​ប្រទេស​អេស្ប៉ាញ​។

ការទទួល​ស្គាល់​ជា​អន្តរជាតិ​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ស្ថិត​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ការ​ផ្តល់​ការបង្រៀន​ភាសា​អង់គ្លេស​ហើយ​ក៏​បង្ហាញ​អំពី​វិធីសាស្ត្រ​បង្រៀន​ថ្នាក់​ពិភពលោក​របស់ ACE និង​ភាពជោគជ័យ​ក្នុង​ការ​អប់រំ​ភាសា​ផង​ដែរ​។

ACE ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩២ ​ដោយ​ស្ថាប័ន IDP Education ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល​ភាសា​សម្រាប់​កងកម្លាំង​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ជា​លើក​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​បន្ទាប់ពី​សង្គ្រាម​។ ACE មាន​ប្រវត្តិ​ជោគជ័យ​ខ្លាំង​នៅ​កម្ពុជា​ដោយ​រួមចំណែក​ផ្ដល់​នូវ​ជំនាញ​ភាសា​អង់គ្លេស​ដល់​និស្សិត​ខ្មែរ​ជាង ៣ ​ជំនាន់​ដែល​បច្ចុប្បន្ន​ពួកគេ​ភាគច្រើន​ប្រើប្រាស់​ភាសា​ជា​រៀងរាល់​ថ្ងៃ​សម្រាប់​អាជីវកម្ម​អប់រំ​និង​ទំនាក់ទំនង​ទូទៅ​។

"​វា​គឺជា​កិត្តិយស​ណាស់​ដែល ACE ជា​សាលា​តែ​មួយ​គត់​មកពី​អាស៊ី​ដែល​ទទួល​បាន​ពានរង្វាន់​អន្ដរជាតិ​នេះ​។ ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​គណកម្មការ​ដាក់​ពិន្ទុ​ដែល​បាន​ទទួល​ស្គាល់​នូវ​ការប្តេជ្ញាចិត្ត​ និង​ការខិតខំ​ប្រឹងប្រែង​របស់ ACE ដើម្បី​ភាពប្រសើរ​ឡើង​ក្នុង​ការ​បង្រៀន​ភាសា​ និង​កម្មវិធី PIE សម្រាប់​ការរៀបចំ​កម្មវិធី​ពានរង្វាន់ PIEoneer ​ដើម្បី​អបអរសាទរ​ស្នាដៃ​ក្នុង​ការ​អប់រំ​អន្ដរជាតិ "​។ នេះ​ជា​ប្រសាសន៍​របស់​លោក​ ម៉ៅ​ស្រេង ​នាយក​ប្រចាំ​ប្រទេស​នៃ IDP Education ​ខណៈ​ពេល​តំណាង​ឱ្យ ACE ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​នៅ​ទីក្រុង​ឡុងដ៍​។

នាយក​សាលា ACE លោក Ashley Irving ​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​សមត្ថភាព​របស់ ACE ក្នុង​ការ​ទទួល​យក​នូវ​ប្រព័ន្ធ​រៀនសូត្រ​ និង​បច្ចេកវិទ្យា​ដើម្បី​ជួយ​សិស្ស​ឱ្យ​បង្កើន​ល្បឿន​នៃ​ការរៀន​ភាសា​របស់​ពួកគេ​។ គួរកត់សម្គាល់​ផង​ដែរ​ថា សាលា អេស៊ីអ៊ី មាន​ប្រាំ​ទីតាំង (៤ នៅ​ភ្នំពេញ និង ១ ទីតាំង​នៅ​ខេត្ដ​សៀមរាប​) ដែល​មាន​សិស្ស​ច្រើន​ជាង ២០ សញ្ជាតិ​មក​សិក្សា​នៅ​សាលា​របស់​ខ្លួន​។

"​សាលា​នេះ​មិន​ត្រឹម​តែ​បង្រៀន​ភាសា​អង់គ្លេស​ដល់​សិស្ស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​កម្មវិធី​សិក្សា​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ការអភិវឌ្ឍ​ជំនាញ​ទន់​ដូចជា​ការគិត​ត្រិះរិះ​បែប​ស៊ីជម្រៅ​ការនិយាយ​ជា​សាធារណៈ​ការពិភាក្សា​ការគ្រប់គ្រង​ព័ត៌មាន​ និង​បច្ចេកវិទ្យា​ការយល់ដឹង​អំពី​វប្បធម៌​ការទំនាក់ទំនង​ជំនាញ​ទំនាក់ទំនង​ និង​ចំណេះដឹង ទូទៅ​ជាដើម​" នេះ​បើ​តាម​ការបញ្ជាក់​បន្ថែម​ពី​លោក Ashley Irving នាយក​សាលា​អេស៊ីអ៊ី​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ​ជួនណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​មានប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ខួប​ទី ២៥ ឆ្នាំ​របស់​សាលា អេស៊ីអ៊ី នៅ​ប្រទេស​កម្ពុជា​ថា "ACE បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​អប់រំ​ដោយ​ផ្តល់​នូវ​កម្មវិធី​ភាសា​អង់គ្លេស​ល្អៗ​ដល់​និស្សិត​កម្ពុជា​ជាច្រើន​" ។

"​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដែល​បាន​ឮ​ថា ACE ស្ថិត​នៅ​ក្នុង​ចំណោម​ស្ថាប័ន​កំពូល​ទាំង​បួន​នៅ​ទូទាំង​ពិភពលោក​សម្រាប់​ពាន​រង្វាន់​នៅ​ទីក្រុង​ឡុង នេះ​។ តាំង​នាម​ឲ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស ខ្ញុំ​សូម​អបអរសាទរ​ដល់ ACE សម្រាប់​ភាពជោគជ័យ​របស់​ខ្លួន​នៅក្នុង​ការបង្រៀន​ដល់​សិស្សានុសិស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ និង​លទ្ធផល​ទៅ​លើ​គុណភាព​នៃ​ធនធាន​មនុស្ស​ក្នុង​រយៈពេល ២៦ ​ឆ្នាំ​កន្លង​មក​" នេះ​ជា​ការ​លើកទ្បើង​របស់​លោក​ជំទាវ​បណ្ឌិត​ សឿង ​រ័ត្នឆវី ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស ។

គួរ​រំលឹក​ផង​ដែរ​ថា​ពាន​រង្វាន់ PIEoneer Awards គឺជា​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ដើម្បី​ទទួល​ស្គាល់​ និង​ជម្រុញ​ការផ្តល់​សេវាកម្ម​ដ៏ល្អ​ឥតខ្ចោះ​ និង​ការច្នៃប្រឌិត​ក្នុង​វិស័យ​អប់រំ​អន្តរជាតិ​ដែល​មាន​ការចាត់តាំង​មកពី​ជុំវិញ​ពិភពលោក​ពី​ប្រភេទ​ពានរង្វាន់​ផ្សេងៗ​គ្នា​។

លោក Amy Baker អ្នក​បង្កើត​ពានរង្វាន់ PIEoneer Awards និង​ជា​នាយក​គ្រប់គ្រង PIE បាន​និយាយ​ថា "​ខ្ញុំ​ពិតជា​មាន​ការ​ស្ងើច​សរសើរ​ដែល ACE ​គឺជា​សាលា​ភាសា​អង់គ្លេស​ដំបូង​គេ​បង្អស់​នៅ​អាស៊ី​ដែល​បាន​ជាប់​ជា​ស្ថាប័ន​កំពូល​ទាំង 4 សម្រាប់​ស្ថាប័ន​អប់រំ​ភាសា​ប្រចាំ​ឆ្នាំ​។