ភ្នំពេញៈ ក្រ​សួង​អប់​រំ​ យុវ​ជន និង​កី​ឡា កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​​មុន​បាន​រៀប​ចំ​សិ​ក្ខា​សា​លា​​មួយ​ក្នុង​គោល​បំ​ណង​ជំ​រុញ​​សហ​គ្រិន​ភាព​​​ក្នុង​​ចំ​ណោម​យុវ​ជន​​ ដើ​ម្បី​បំ​ផុស​គំ​និត​ពួក​គេ​​ឲ្យ​យល់​​ដឹង​ពី​ស​ហ​គ្រិន​ភាព​ និង​​ការ​កំ​ណត់​គោល​ដៅ​សម្រាប់​ជី​វិត​​នៅ​ពេល​អនា​គត។​

សិ​ក្ខា​សា​លា​ស្តី​ពី ​«ស​ហ​គ្រិន​នៅ​កម្ពុជា» ​​​​​​ត្រូវ​បាន​​រៀប​ចំ​ឡើង​​​​នៅ​គ្រប់​​មន្ទីរ​​អប់​រំ យុវ​ជន​ និង​កី​ឡា​​ទាំង ​២៥ ​រាជ​ធា​នី​ខេត្ត​ ដោយ​​​​រួម​ស​ហ​ការ​​ដោយ​​​អង្គ​ការ​​អន្តរ​ជាតិ​នៃ​ការ​ងារ (ILO) និង​អង្គ​ការ United Nations Volunteers (UNV)។​

នៅ​ក្នុង​សិ​ក្ខា​សា​លា​នេះ មាន​ការ​​ចាក់​បញ្ចាំង​វី​ដេ​អូ​ខ្លី​ៗ​ស្តី​ពី​​​បទ​ពិ​សោធ​​ធ្វើ​ជំ​នួញ និង​ផែន​ការ​ជី​វិត​​ដល់​អ្នក​ចូល​រួម ហើយ​ក្រោយ​មក​ យុវ​ជន​បាន​ពិ​ភា​ក្សា​ដេញ​ដោល​គ្នា​ទាក់​ទង​នឹង​ខ្លឹម​សារ​​វី​ដេ​អូ​ទាំង​នោះ។

អ្នក​ស្រី ស៊ូ សុ​ជា​តា អ្នក​សម្រប​សម្រួល​គម្រោង​របស់​​អង្គ​ការ​អន្តរ​ជាតិ​នៃ​ការ​ងារ បាន​ឲ្យ​ដឹង​​ថា ​ សិក្ខា​សា​លា​លើក​ដំ​បូង​នេះ បាន​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​​​​ក្នុង​​ការ​ជួយ​តម្រង់​ទិស​​​​​យុវ​ជន​ខ្មែរ​​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ដែល​បា​ន​​ចូល​រួម​ស្តាប់ និង​ពិ​ភា​ក្សា​គ្នា​ ដើ​ម្បី​​​​រៀន​សូត្រ​ពី​ការ​រៀប​ចំ​ផែន​ការ​​អនា​គត​របស់​ខ្លួន។​

អ្នក​ស្រី​មាន​ប្រ​សាសន៍​ថា៖ ​«សិក្ខា​សា​លា​​​​​នេះ​​បើក​ឱ​កាស​ឲ្យ​យុវ​ជន​ ទាំង​ក្នុង​សា​លា​ និង​ក្រៅ​សា​លា​​បាន​ពិ​ភា​ក្សា​​គ្នា​លើ​ប្រ​ធាន​បទ​មួយ​ចំ​នួន​ដូច​ជា តើ​អ្វី​ទៅ​ជា​ស​ហ​គ្រិន​ភាព? តើ​អ្វី​ខ្លះ​ជា​សក្តា​នុ​ពល​ដែល​ខ្លួន​​​មាន​​ពី​កំ​ណើត? តើ​ការ​ងារ​បែប​ណា​ដែល​ស័ក្តិ​សម​សម្រាប់​ខ្លួន? តើ​ត្រូវ​រៀប​ចំ​ខ្លួន​បែប​ណា​ដើ​ម្បី​អាច​ក្លាយ​ជា​សហ​គ្រិន​​នា​ពេល​អនា​គត​?»។

ប៉ុន្តែ​អ្នក​ស្រី​បាន​សង្កេត​ឃើញ​ថា ​ហាក់​​មិន​សូវ​​​​​មាន​ការ​ចូល​​រួម​ពី​​យុវ​ជន​​ក្រៅ​សា​លា​​ឡើយ ​ដែល​​អាច​បណ្តាល មក​ពី​ការ​​​ផ្សព្វ​ផ្សាយ​មិន​បាន​ទូ​លំ​ទូ​លា​យ​ ឬ​ទី​តាំង​សិ​ក្ខា​សា​លា​ស្ថិត​នៅ​ឆ្ងាយ​​ពី​អ្នក​ទាំ​ង​នោះ។

អ្នក​ស្រី​​​ថ្លែង​​ថា៖ ​«តាម​ផែន​ការ​​យើង​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ពី​អ្នក​នៅ​ក្រៅ​សា​លា​ឲ្យ​បាន​​ច្រើន ដើ​ម្បី​​បណ្តុះ​គំ​និត​ពួក​គេ​ឲ្យ​មាន​ភាព​ជា​សហ​គ្រិន ឬ​ចាប់​យក​ជំ​នាញ​​ណា​មួយ​ច្បាស់​លាស់​សម្រាប់​​​​​ជី​វិត»​។

លោក តាំង សុ​ផា​ណា​រ័ត្ន ប្រ​ធាន​នា​យក​ដ្ឋាន​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​យុវ​ជន នៃ​ក្រ​សួង​អប់​រំ យុវ​ជន និង​កី​ឡា បាន​ប្រាប់​ថា សិក្ខា​សា​លា​នេះ​​បាន​​​ផ្តល់​ជា​គំ​និត​ឲ្យ​យុវ​ជន​ចេះ​បង្កើត​មុខ​របរ​ដោយ​ខ្លួន​ឯង មាន​បំ​ណិន​ជី​វិត ដោយ​មិន​រំ​ពឹង​តែ​លើ​ការ​ធ្វើ​ការ​ងារ​ឲ្យ​គេ​នោះ​ទេ​។ ការ​បណ្តុះ​គំ​និត​ជា​មុន​ស្តី​ពី​​​សហ​គ្រិន​​ភាព នឹង​ធ្វើ​ឲ្យ​យុ​វជន​​​ងាយ​ទទួល​បាន​ជោគ​ជ័យ​នៅ​ពេល​បញ្ចប់​ការ​សិក្សា។​

លោក​បន្ត​ថា៖​ «​​យើង​ចង់​ឲ្យ​យុវ​ជន​ខ្មែរ​ចេះ​បង្កើត​មុខ​របរ​ដោយ​ខ្លួន​ឯង​ ទៅ​តាម​សក្តា​នុ​ពល​ដែល​ខ្លួន​មាន​»។

កញ្ញា ស៊ីង យ៉ុង​ឈីង សិស្ស​ថ្នាក់​ទី​ ១១ នៃ​វិទ្យា​ល័យ​ជម្ពូ​វ័ន​នៅ​ក្រុង​ភ្នំ​ពេញ​ដែល​បាន​ចូល​រួម​ក្នុង​សិ​ក្ខា​សា​លា​នេះ​​បាន​ថ្លែង​​ថា នេះ​ជា​ការ​ផ្ទេរ​​​​បទ​ពិ​សោធ​​​ល្អ​ៗ​ពី​អ្នក​ទទួល​ជោគ​ជ័យ​ក្នុង​នាម​ជា​​​​សហ​គ្រិន​ និង​អ្នក​ដឹក​នាំ​តាម​ក្រុម​ហ៊ុន​​​មួយ​​ចំ​នួន​ដល់​​យុវ​ជន​ជំ​នាន់​ក្រោយ​​។

កញ្ញា យ៉ុង​ឈីង បាន​បញ្ជាក់​ថា៖​ «​ស​ហ​គ្រិន​ភាព​ជោគ​ជ័យ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ដឹង ចង់​ឮ ព្រោះ​នៅ​​ពេល​អនា​គត​​ខ្ញុំ​ក៏​​ចង់​ក្លាយ​ជា​​អ្នក​ជោគ​ជ័យ​ក្នុង​ការ​ងារ​ឌី​ហ្សាញ​ដែរ​»។

យុវ​សិស្ស​ថ្នាក់​ទី ១២ ​នៃ​វិ​ទ្យា​ល័យ​វត្ត​ភ្នំ លោក​ ឡាយ សុ​ភ័ក្រ្តា បាន​ប្រាប់​ថា បច្ចុ​ប្បន្ន​​មាន​យុវ​ជន​មួយ​ចំ​នួន​កំ​ពុង​​សប្បាយ​ភ្លេច​ខ្លួន​​ ដោយ​មិន​បាន​គិត​គូរ​ពី​មុខ​ជំ​នាញ ​ឬ​អា​ជីព​សម្រាប់​​ថ្ងៃ​អនា​គត​ទេ។

យុវ​សិស្ស​រូប​នេះ​បាន​ថ្លែង​ថា​ សិក្ខា​សា​លា​នេះ​​​​បាន​ជួយ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ដែល​ប្រ​ឡង​ធ្លាក់​ឲ្យ​មាន​ភាព​រឹង​មាំ និង​គិត​ពី​ការ​បង្កើត​មុខ​របរ​ផង​ដែរ​៕ LA