ភ្នំពេញ: ប្រទេស​កម្ពុជា និង​សិង្ហបុរី​ កំពុង​សិក្សា​រួមគ្នា​លើ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​សម្រាប់​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ថ្លៃដើម​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ដើម្បី​ជំរុញ​ការនាំចេញ​។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រួមជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា និង​សិង្ហបុរី​រួម​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន YCH និង​ក្រុមហ៊ុន IA កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​ធ្វើការ​ពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​នេះ​ក្នុង​គោលបំណង​ពិភាក្សា​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​សំដៅ​ឱ្យ​កិច្ចព្រមព្រៀង​នេះ​មាន​ខ្លឹមសារ​ជា​គតិយុត្ត​គ្រប់​ជ្រុងជ្រោយ​អាច​ទទួល​យក​បាន​ពី​គ្រប់ភាគី​។

លោក​ ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ថា​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​គឺជា​មជ្ឈមណ្ឌល​ដ៏មាន​សក្ដានុពល​ក្នុង​ការលើក​ស្ទួយ​វិស័យ​ដឹកជញ្ជូន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់ និង​សកលលោក​ទាំង​តម្លៃ និង​សេវាកម្ម​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន និង​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។

លោក​បាន​ថ្លែង​បន្តទៀត​ថា​៖ «​ដើម្បី​ជំរុញ​ឱ្យ​គម្រោង​នេះ​មាន​ដំណើរការ​កាន់តែ​រលូន និង​ឆ្ពោះ​ទៅ​មុខ​តាម​ផែនការ ក្រសួង​កំពុង​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍ ហើយ​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ ដើម្បី​ទទួល​បាន​ការណែនាំ​ និង​ចង្អុលបង្ហាញ​បន្ថែម​មុន​ចាប់ផ្តើម​កិច្ចប្រជុំ​លើក​ក្រោយ​»​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារកម្ម​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាង​មក​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​មុន​ថា ការសិក្សា​លទ្ធភាព​បឋម​ (pre-feasibility study) ​ការបង្កើត​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ភ្នំពេញ​ឡូជីស្ទិក​បង្ហាញ​ពី​លទ្ធផល​វិជ្ជមាន​ដែល​អាច​ធ្វើ​ពាណិជ្ជកម្ម​បាន​។

គម្រោង​ភ្នំពេញ​ឡូជីស្ទីក​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​លើ​ផ្ទៃដី ៩៨ ហិកតា​ដែល​ជា​ទីតាំង​យុទ្ធសាស្ដ្រ​មួយ​​តភ្ជាប់​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខ្សែ​ផ្លូវដែក​ភាគ​ខាងជើង​ក្រុង​ប៉ោយប៉ែត​ភ្ជាប់​ទៅនឹង​ព្រំដែន​ថៃ​។

វា​ជា​ទីតាំង​នៅ​ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ផ្លូវជាតិ​លេខ ៤ និង​ផ្លូវជាតិ​លេខ ៣ ព្រមទាំង​ទីតាំង​ស្ដុក​ទំនិញ​នៅ​ស្ថានីយ​រថភ្លើង និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ថា សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​នេះ​គឺ​ដើម្បី​រៀបចំ​កិច្ចព្រមព្រៀង នេះ​ឱ្យ​មាន​សង្គតភាព ស្រប​តាម​បរិបទ​ច្បាប់ សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​អនាគត ហើយ​លោក​ក៏​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ចំពោះ​កិច្ច​ធ្វើការងារ​នេះ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​វិនិយោគ ដើម្បី​ជំរុញ​ឱ្យ​គម្រោង​នេះ​ដំណើរការ​រលូន​ស្រប​តាម​កាលវិភាគ ដែល​បាន​គ្រោងទុក​៕