ក្រុងសិង្ហបុរីៈ ប្រទេសសិង្ហបុរីនៅសប្តាហ៍ក្រោយនឹងចាប់ផ្តើមដាក់ដំណើរការសាកល្បងជាសាធារណៈនូវរថយន្តក្រុងគ្មានអ្នកបើកបរដែលអាចត្រូវបានកក់តាមរយៈកម្មវិធី (App) ដែលជាផ្នែកមួយនៃមហិច្ឆតាក្នុងការដាក់ដំណើរការរថយន្តស្វ័យបើកបរនៅទូទាំងបុរីរដ្ឋមួយនេះ។
ដោយមានការរៀបចំបានយ៉ាងល្អ និងមានបំពាក់បច្ចេកវិទ្យាខ្ពស់ ប្រទេសសិង្ហបុរីបានក្លាយជាទីតាំងមួយសម្រាប់រថយន្តស្វ័យបើកបរ ដោយអភិវឌ្ឍបច្ចេកវិទ្យាដែលបង្កើតឡើងនៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ និងអញ្ជើញក្រុមហ៊ុនបរទេសឲ្យមកធ្វើតេស្តបច្ចេកវិទ្យារបស់ខ្លួន។
ក្រុមហ៊ុន ST Engineering ដែលជាក្រុមហ៊ុនគ្រប់គ្រងគម្រោងនេះបានឲ្យដឹងថា រថយន្តក្រុងមីនីដែលគ្មានអ្នកបើកបរចំនួន ៤ គ្រឿងនឹងធ្វើដំណើរតាមផ្លូវដែលមានចម្ងាយ ៥,៧ គីឡូម៉ែត្រនៅលើកោះរមណីយដ្ឋានសេនតូសាចាប់ពីខែ ២៦ ខែសីហាដល់ថ្ងៃទី ១៥ ខែវិច្ឆិកាសម្រាប់ការសាកល្បងជាសាធារណៈ។
អ្នកធ្វើដំណើរអាចប្រើប្រាស់ App នៅលើទូរស័ព្ទដៃរបស់ខ្លួន ដើម្បីកក់រថយន្តក្រុងមីនីនេះ ដែលនឹងធ្វើដំណើរទៅយក និងដឹកពួកគេទៅកាន់ទិសដៅដែលបានជ្រើសរើសដូចជា ក្លិបវាយកូនគោល តំបន់ឆ្នេរ និងបន្ទាយប្រវត្តិសាស្ត្រជាដើម។
អ្នកដំណើរដែលគ្មានទូរស័ព្ទដៃអាចកក់រថយន្តក្រុងមីនីនេះពីរោងរង់ចាំតូចៗនៅតាមដងផ្លូវដោយផ្តល់សេវាឥតគិតថ្លៃដែលប្រតិបត្តិការនៅថ្ងៃធ្វើការសម្រាប់រយៈពេល ៥ ម៉ោង។ រថយន្តក្រុងទាំងនេះនឹងមានអ្នកបើកបរម្នាក់ ដើម្បីគ្រប់គ្រងរថយន្ត ប្រសិនបើចាំបាច់។
ក្នុងព្រឹត្តិការណ៍ដាក់បង្ហាញជាផ្លូវការមួយដែលធ្វើឡើងកាលពីថ្ងៃអង្គារ រថយន្តចំនួន ២ គ្រឿងបានធ្វើដំណើរឆ្លងកាត់រង្វង់មូលមួយដោយជួបការលំបាកតិចតួច ហើយបានឈប់នៅចំណុចផ្លូវប្រសព្វនៅលើផ្លូវធំ ដើម្បីឲ្យរថយន្តតូចឆ្លងកាត់ផ្លូវ។
រថយន្តទាំងនេះអាចប្រតិបត្តិការក្នុងពេលមានភ្លៀងធ្លាក់មធ្យម ប៉ុន្តែឈប់ដំណើរការនៅពេលភ្លៀងធ្លាក់ខ្លាំងដែលជាអាកាសធាតុសាមញ្ញក្នុងទីក្រុងអាស៊ីអាគ្នេយ៍ដែលស្ថិតក្នុងតំបន់ត្រូពិកនេះ។
លោក Vincent Chong ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន ST Engineering ថ្លែងថារថយន្តក្រុងមីនីទាំងនេះត្រូវបានបំពាក់ «បច្ចេកវិទ្យាពហុសេនស័រទំនើប» និង «ត្រូវបានផលិតឡើងដើម្បីប្រតិបត្តិការក្នុងបរិយាកាសទីក្រុងស្មុគស្មាញ»៕ KC