សិង្ហបុរីៈ ធនាគារកណ្តាល​សិង្ហបុរី​បាន​បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ​កាលពី​ថ្ងៃ​ចន្ទ នៅពេល​ប្រទេស​ដែល​គេ​ដឹងថា​រីកចម្រើន​ដោយសារ​ពាណិជ្ជកម្ម​សកលលោក​មួយ​នេះ​កំពុងមាន​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​កាន់តែ​ជ្រៅ​ដោយសារ​ការរីក​រាលដាល​វីរុស​កូរ៉ូណា​។

ការបន្ទន់​គោលនយោបាយ​នេះ​បន្ថែម​លើ​ការសម្រេច​ដែល​បាន​ធ្វើឡើង​ដោយ​ប្រទេស​ជាច្រើន​ទៀត និង​បន្ទាប់ពី​ទិន្នន័យ​កាលពី​សប្តាហ៍​មុន​បាន​បង្ហាញថា ទីក្រុង​រដ្ឋ​មួយ​នេះ​ទទួលរង​នូវ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដ៏រហ័ស​ក្នុង​ត្រីមាស​ដំបូង​នេះ ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​មក​។

អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី (MAS) បាន​និយាយថា ខ្លួន​បាន​កែសម្រួល​គោលនយោបាយ​រូបិយវត្ថុ​ដែល​ប្រាក់​ដុល្លារ​សិង្ហបុរី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ដោះដូរ​ធៀប​ទៅនឹង​រូបិយប័ណ្ណ​នៃ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​អង្គភាព​មូលដ្ឋាន​ចុះខ្សោយ​ជាង​មុន​។

ជំនួស​ឲ្យ​ការប្រើប្រាស់​អត្រា​ការប្រាក់​ប្រទេស​សិង្ហបុរី​ដែល​ពឹង​ផ្អែកលើ​វិស័យ​ពាណិជ្ជកម្ម​នោះ​រៀបចំ​គោលនយោបាយ​រូបិយវត្ថុ ដោយ​អនុញ្ញាត​ឲ្យ​ប្រាក់​ដុល្លារ​ខ្លួនឯង​ឡើងថ្លៃ ឬ​ធ្លាក់​ថ្លៃធៀប​នឹង​រូបិយប័ណ្ណ​នៃ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន​។

ធនាគារកណ្តាល​សិង្ហបុរី​បាន​ឲ្យ​ដឹងថា​៖ «​ភាពមិនប្រាកដ​ប្រជា​ចម្បងៗ​នៅតែមាន​។ ការងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល​នឹង​អាស្រ័យ​លើ​កម្រិត​នៃ​មេរោគ​រាតត្បាត​ និង​ប្រសិទ្ធភាព​នៃ​ការឆ្លើយតប​ផ្នែក​នយោបាយ​»​។

MAS ត្រូវបាន​គេ​សន្មត​ថា​នឹង​ចេញ​សេចក្តីថ្លែងការណ៍​គោលនយោបាយ​បន្ទាប់​របស់ខ្លួន​នៅក្នុង​ខែមេសា ប៉ុន្តែ​បាន​នាំ​វា​ឆ្ពោះទៅមុខ នៅពេល​ដែល​ប្រទេស​នេះ​រង​ផលប៉ះពាល់​ពី​ឥទ្ធិពល​សេដ្ឋកិច្ច​នៃ​វីរុស​។

សិង្ហបុរី​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដែលមាន​សេដ្ឋកិច្ច​បើកចំហ​ខ្លាំង​បំផុត​របស់​ពិភពលោក ហើយ​ជាធម្មតា​ទទួលរង​ការ​វាយប្រហារ​ខ្លាំង​បំផុត និង​មុនគេ​បំផុត អំឡុង​ពេល​ការភ័យខ្លាច​ពិភពលោក​ម្តងៗ​។

យោងតាម​ការព្យាករ​មុន​ត្រីមាស​ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​កន្លង​ទៅដោយ​ក្រសួងពាណិជ្ជកម្ម​សិង្ហបុរី ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ​បាន​ធ្លាក់ចុះ ២,២ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ ១ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែលជា​ការធ្លាក់ចុះ​អាក្រក់​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០០៩​។

ក្រសួង​នេះ​បាន​ទម្លាក់​នូវ​ការព្យាករ​កំណើន​របស់ខ្លួន​ដោយ​រំពឹងថា GDP របស់​ប្រទេស​នេះ​នឹង​ធ្លាក់ចុះ​រហូតដល់​ ៤ ​ភាគរយ​ក្នុងឆ្នាំនេះ​។

លោក Song Seng Wun អ្នកសេដ្ឋកិច្ច​តំបន់​នៃ​ធនាគារឯកជន CIMB បាន​និយាយថា ជាមួយ​តម្រូវការ​ធ្លាក់ចុះ​ដែល​បណ្តាលមកពី​ការបិទ​អាជីវកម្ម ការបញ្ឈប់​ការធ្វើដំណើរ​តាមផ្លូវ​អាកាស និង​វិធានការ​ដទៃទៀត​ដើម្បី​ទប់ស្កាត់​វីរុស ការកែសម្រួល​គោលនយោបាយ​របស់​សិង្ហបុរី​កាន់តែ​បញ្ជាក់​ឲ្យ​ឃើញ​ពី​បរិយាកាស​សេដ្ឋកិច្ច​បច្ចុប្បន្ន​ជាង​ការគាំទ្រ​ចំពោះ​ការនាំចេញ​។

លោក​និយាយថា​៖ «​អ្នក​មិន​អាចមាន​ដុល្លារ​សិង្ហបុរី​ដ៏រឹងមាំ​បានទេ​ពេល​សេដ្ឋកិច្ច​តំបន់ និង​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ​កាន់តែ​ជ្រៅ​»៕ RR