
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ រូបថត ហុង មិនា
ភ្នំពេញៈ ទេសចរណ៍ជាវិស័យអាទិភាពមួយ ដែលបានចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជានូវចំណូលរាប់ពាន់លានដុល្លារក្នុង ១ ឆ្នាំ។ ខណៈចំនួនភ្ញៀវទេសចរបរទេសនៅតែបន្តកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ ដែលភាគច្រើនត្រូវបានជំរុញដោយភ្ញៀវទេសចរចិន អ្នកនៅក្នុងវិស័យនេះចាត់ទុកថា វាផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមាន។
អ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ បានសាកសួរ លោកស្រី ឆាយ ស៊ីវលីន ប្រធានក្រុមហ៊ុនទេសចរណ៍ ស៊ីអេសអិល និងជា ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដើម្បីពិភាក្សាពីដំណើរវិវឌ្ឍន៍នៃវិស័យទេសចរណ៍នៅកម្ពុជា ពិសេសក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះដែលកំពុងបង្ហាញនៃភ្ញៀវចិន។
លោកស្រីចាប់ផ្តើមអាជីពក្នុងវិស័យទេសចរណ៍ពីពេលណាមក? លោកស្រីយល់ឃើញបែបណាចំពោះវិស័យទេសចរណ៍នៅកម្ពុជាពេលនេះ?
ខ្ញុំបានចាប់ផ្តើមការងារក្នុងវិស័យទេសចរណ៍រយៈពេលជិត ២០ ឆ្នាំមកហើយ។ ជាមួយនឹងបទពិសោធជិត ២ ទសវត្សរ៍នេះខ្ញុំអាចនិយាយបានថាវិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើនលឿនគួរឲ្យកត់សម្គាល់។
ការរីកចម្រើននេះ គឺដោយសាររដ្ឋាភិបាលកម្ពុជាមានគោលនយោយល្អស្របពេលដែលវិស័យរដ្ឋ និងឯកជនមានកិច្ចសហប្រតិបត្តិការគ្នាល្អផងដែរ។ ជាមួយគ្នានេះកម្ពុជាក៏មានរមណីយដ្ឋានជាច្រើនដូចជា ប្រាង្គប្រាសាទ ឆ្នេរសមុទ្រស្រស់ស្អាត បឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ តំបន់អេកូទេសចរណ៍ និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អដែលត្រូវបានថែរក្សាដ៏ល្អទៀតផង។
តើអ្វីដែលលោកស្រីបានកត់សម្គាល់ពីវិស័យទេសចរណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ?
ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះភាគច្រើននៃភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរមកកម្ពុជាគឺជាជនជាតិចិន និងតាមពីក្រោយដោយ ភ្ញៀវវៀតណាម បន្ទាប់មក ឡាវ កូរ៉េ និងថៃ ដោយជាមធ្យមពួកគេស្នាក់នៅរយៈពេល ៥ ថ្ងៃ និង ចំណាយប្រហែល ៥៥០-៦០០ ដុល្លារ។
ភ្ញៀវទេសចរចិននិយមចូលចិត្តធ្វើដំណើរមកកម្ពុជាដោយសារកម្ពុជា និងចិនមានទំនាក់ទំនងល្អប្រជាជនខ្មែរមានភាពរួសរាយរាក់ទាក់ មានសន្តិសុខល្អប្រសើរមានការភ្ជាប់ជើងហោះហើរត្រង់ និងទេសចរណ៍នៅកម្ពុជាមានភាពចម្រុះ និងសម្បូរបែប។ បច្ចុប្បន្នខេត្តព្រះសីហនុជាកន្លែងដែលភ្ញៀវ ជនជាតិចិននិយមចូលចិត្តទៅច្រើនជាងគេក្រៅពីនោះមានដូចជាខេត្ត កំពត សៀមរាប និងបាត់ដំបងជាដើម។
តើការមកដល់ដ៏ច្រើននៃ អ្នកទេសចរចិនបានផ្តល់អ្វីខ្លះសម្រាប់កម្ពុជា?
ការមកដល់យ៉ាងច្រើននៃចំនួនភ្ញៀវទេសចរចិនបានផ្តល់ឱកាសធំៗចំនួន ២ សម្រាប់កម្ពុជាគឺការបង្កើតការងារថ្មីៗ និងប្រាក់ចំណូលដល់សេដ្ឋកិច្ចកម្ពុជា។ ជនជាតិចិនមានទម្លាប់ខុសពីពួកអឺរ៉ុបដោយពួកគេទៅកន្លែងណាគឺចូលចិត្តប្រមូលផ្តុំគ្នា និងបើកសេវាកម្មចម្រុះរបស់ខ្លួន (មិនប្រើប្រាស់សេវាកម្មក្នុងស្រុក) ដូចជាភោជនីយដ្ឋាននិងសណ្ឋាគារជាដើម។
ការបើកដំណើរការ និងប្រើប្រាស់សេវាកម្មដោយផ្ទាល់របស់ជនជាតិចិនបានធ្វើឲ្យមានផលវិជ្ជមាន និងអវិជ្ជមានសម្រាប់កម្ពុជា។
ផលវិជ្ជមាន មានដូចជាឱកាសការងារ សេវាកម្មមានជម្រើសដល់ភ្ញៀវទេសចរដែលធ្វើឲ្យពួកគេមានអារម្មណ៍ដូចនៅផ្ទះ ឬស្រុកកំណើតរបស់ខ្លួនផ្ទាល់។
ចំណែកផលអវិជ្ជមានមានដូចជា ធ្វើឲ្យតម្លៃអចលនទ្រព្យឡើងថ្លៃខ្ពស់ ដែលធ្វើឲ្យប្រជាជនខ្មែរគ្មានលទ្ធភាពទិញ ឬ ជួល និងចំណូលពីភ្ញៀវទេសចរចិនត្រូវបានត្រឡប់ទៅជនជាតិចិន ដែលចូលមកវិនិយោគទៅលើសេវាកម្មទាំងអស់នោះ។
តើកម្ពុជាគួរធ្វើអ្វីខ្លះទៀតដើម្បីបង្កើនភាពទាក់ទាញ?
ដើម្បីឲ្យកាន់តែមានភាព ទាក់ទាញសម្រាប់ភ្ញៀវទេសចរកម្ពុជាគួរធ្វើការវិនិយោគបន្ថែមទៅលើការបណ្តុះបណ្តាលធនធានមនុស្ស កសាងហេដ្ឋារចនាសម្ព័ន្ធជំរុញការផលិតក្នុងស្រុកឲ្យឆ្លើយតបនឹងតម្រូវការទាំងបរិមាណ និងគុណភាព ចូលរួមថែរក្សា និងអភិរក្សសំណង់ចាស់ៗ និងត្រូវមានវិធានការគ្រប់គ្រងកាកសំណល់ឲ្យបានល្អ។
តើបច្ចុប្បន្នកន្លែងស្នាក់នៅ និងភោជនីយដ្ឋានអាចឆ្លើយតបនឹងកំណើនភ្ញៀវទេសចរដែរឬទេ?
រាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗនាពេលនេះយើងសង្កេតឃើញថា តម្រូវការកន្លែងស្នាក់នៅ និងអាហារដ្ឋានអាចឆ្លើយតបបានទៅនឹងកំណើនភ្ញៀវទេសចរ ប៉ុន្តែនៅតាមបណ្តាខេត្តជាច្រើនទៀតនៅមិនទាន់អាចឆ្លើយតបបាននោះទេ។
តើការព្យាករពីចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជានាពេលខាងមុខអាចសម្រេចបានដែរ ឬទេ?
ខ្ញុំគិតថា ប្រសិនបើយើងរៀបចំបានល្អកម្ពុជានឹងអាចសម្រេចបានដូចអ្វីដែលបានព្យាករ ខណៈបច្ចុប្បន្នក្រសួងទេសចរណ៍ និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាកំពុងខិតខំយ៉ាងសកម្មនៅក្នុងការចូលរួម និងរៀបចំព្រឹត្តិការណ៍ស្តីពីការផ្សព្វផ្សាយគោលដៅទេស ចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា និងរៀបចំដំណើរទស្សនកិច្ចសម្រាប់ក្រុមហ៊ុននៅក្រៅប្រទេសដើម្បីឲ្យពួកគាត់បានស្គាល់ប្រទេស កម្ពុជា បានកាន់តែច្បាស់៕LA