ភ្នំពេញៈ ខេត្ត​ត្បូងឃ្មុំ ដែល​ទើប​​បំបែក​ចេញ​ពី​ខេត្ត​កំពង់ចាម គឺ​ជា​តំបន់​ផលិត​ម្រេច​ខ្មៅ​មួយ​ដ៏​សំខាន់​របស់​កម្ពុជា ​ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ដំណាំ​កសិកម្ម​ដ៏​មាន​តម្លៃ​ខ្ពស់​មួយ​នេះ​កំពុង​តែ​ជម្នះ​នឹង​តម្លៃ​ទីផ្សារ​ដែល​កំពុង​ធ្លាក់ចុះ​។

អ្នក​យក​ព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ ​បាន​ជួប​​ជា​មួយ​កញ្ញា ​សឹង ​សុផា ​ប្រធាន​ចាត់​ការ​ទូទៅ​នៃ​​​​ក្រុមហ៊ុន ​Sela Pepper​ ដែល​ជា​ក្រុមហ៊ុន​កែច្នៃ​ និង​វេចខ្ចប់​ម្រេច​ខ្មៅ ​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​កាល​ពី​សប្តាហ៍​មុន ​ដើម្បី​ពិភាក្សា​អំពី​​បញ្ហា​ប្រឈម ​បញ្ហា​ទីផ្សារ​ និង​​វិធី​ផ្សព្វផ្សាយ ​ដើម្បី​លើក​កម្ពស់​​វិស័យ​ម្រេច​ខ្មៅ​នៅ​កម្ពុជា​។​

តើ​កញ្ញាអាច​រៀបរាប់​​ពី​ដំណើរការ​របស់​ក្រុមហ៊ុន ​Sela ​Pepper បាន​ទេ​ចាប់​តាំង​ពី​ផ្តើម​ដំណើរការ​មក​?

ក្រុមហ៊ុន​ Sela ​Pepper បាន​​​ចូល​​ក្នុង​វិស័យ​ផលិតកម្ម​ម្រេច​តាំង​ពី​ឆ្នាំ​ ​២០១៥​ ដើម្បី​ដំឡើង​​រោងចក្រ​កែច្នៃ​ម្រេច​ដែល​អាច​ផលិត​បាន ​១,៥ ​តោន​ក្នុង​ ​១ ​ម៉ោង។ ​វា​ជា​រោងចក្រ​កែច្នៃ​ និង​វេច​ខ្ចប់​ម្រេច​ដំបូង​បង្អស់​នៅ​ក្នុង​​ប្រទេស ​កម្ពុជា ​ដែល​យើង​បាន​វិនិយោគ​ជាង ​១ លាន​ដុល្លារ​។​ យើង​មាន​កន្លែង​លាង​សម្អាត​ដោយ​ចំហាយ​ទឹក ​និង​បន្ទប់​ពិសោធន៍ ​ហើយ​បន្ទាប់​មក​​យើង​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​កិន ​និង​​ការ​វេច​ខ្ចប់​បន្ថែម​ទៀត​នៅ​ឆ្នាំ ​២០១៧​​ និង​បន្ត​​វិនិយោគ​ផ្សេងៗ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ម្រេច​របស់​យើង​​ស្រប​ទៅ​តាម​ស្តង់ដារ ​និង​គុណភាព​ដែល​ទទួល​ស្គាល់​ដោយ​ទីផ្សារ​អន្តរ​ជាតិ។​

តើ​មាន​ការ​​ជំរុញ​ទីផ្សារ​ម្រេច​ខ្មៅ ​យ៉ាង​ដូច​ម្តេច​?

យើង​បាន​ចំណាយ​ពេល​​ជា​ច្រើន​ដើម្បី​កសាង​ទំនុក​ចិត្ត​អតិថិជន ​និង​​ទំនុក​ចិត្ត​លើ​ទីផ្សារ​។ ​យើង​កំពុង​ព្យាយាម​ផ្សព្វផ្សាយ ​និង​លើក​កម្ពស់​ម្រេច​ខ្មៅ​ក្នុង​ស្រុក ​និង​អន្ដរជាតិ​ដើម្បី​ឲ្យ​គ្រប់​​គ្នា​យល់​ដឹង​អំពី​គុណភាព​ និង​ការ​ធ្វើ​តេស្ត ​បញ្ជាក់​ពី​លក្ខណៈ​ល្អ ​ភាព​ឈ្ងុយ ​រសជាតិ​ហឺរ​ និង​ លក្ខណ​: រូបរាង​ខាង​ក្រៅ​ដែល​ល្អ​ជាង​គេ​ក្នុង​តំបន់​​ផលិត​ម្រេច​ផ្សេង​ទៀត​។

រហូត​មក​ទល់​ពេល​​នេះ ​យើង​បាន​នាំចេញ​ផលិតផល​ម្រេច​ខ្មែរ​ទៅ​កាន់​ប្រទេស ​ឥណ្ឌា អាមេរិក ​នូវែល​សេឡង់ ​តៃវ៉ាន់​ ថៃ ​អាល្លឺម៉ង់ ​ក៏​ដូច​ជា​ទិសដៅ​ទីផ្សារ​ថ្មីៗ​ផ្សេង​ទៀត​ដែល​នឹង​មក​ដល់។​ អ្វី​ដែល​យើង​​បាន​ឈាន​ដល់​ទីផ្សារ​រួច​ទៅ​ហើយ​នោះ​បាន​ន័យ​ថា ​ម្រេច​ខ្មៅរ​បស់​យើង​ត្រូវ​បាន​ទទួល​ស្គាល់​គុណភាព​ដែល​ជា​ផលិតផល​ដើម​ពី​ប្រទេស ​កម្ពុជា​។

កសិករនៅខេត្ត​ត្បូង ឃ្មុំបង្ហាញគ្រាប់ម្រេចខ្មៅដែល​​សម្អាតរួច​មុននឹង​ត្រូវ​ច្រកទុក​​​។ហេង ជីវ័ន

តើ​អ្វី​ជា​បញ្ហា​ប្រឈម​នៅ​ក្នុង​វិស័យ​ផលិតកម្ម​ម្រេច​កម្ពុជា ​នា​​ពេល​បច្ចុប្បន្ន?

មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដូច​​ជា​ ការ​គ្រប់គ្រង​កសិកម្ម ​បច្ចេកទេស​​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ និង​​ការ​ត្រួត​ពិនិត្យ​ហិរញ្ញវត្ថុ ​ក៏​ដូច​ជា​កង្វះ​​ខាត​ការ​យល់​ដឹង​ពី​របៀប​ផលិត​​ម្រេច​ដែល​មាន​គុណភាព។

ដូច​ដែល​យើង​ដឹង​ហើយ​​ថា កសិករ​មាន​កង្វះ​ខាត​ក្នុង​ការ​​គ្រប់គ្រង​កសិដ្ឋាន​របស់​ពួក​គេ​ឲ្យ​ទៅ​ជា​លក្ខណៈ​​ប្រព័ន្ធ ​ពួក​គាត់​គ្រាន់​តែ​ធ្វើ​កសិកម្ម​តាម​​គ្នា​ដោយ​គ្មាន​បច្ចេកទេស ​ប្រើប្រាស់​​ថ្នាំ​សម្លាប់​សត្វ​ល្អិត ​ជី ​និង​​ការ​ផ្តល់​ទឹក​មិន​បាន​ត្រឹមត្រូវ ​ដែល​​នាំ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ​ក្នុង​នោះ​ក៏​មាន​ការ​ខ្វះខាត​ផ្នែក​ហិរញ្ញ​វត្ថុ ផង​ដែរ​។​ ពួក​គាត់​​ចាប់​ផ្តើម​ខក​ចិត្ត​​ដោយសារ​​ចម្ការ​ម្រេច​របស់​ពួក​គេ ដែល​មិន​អាច​ផ្តល់​នូវ​ទិន្នផល​ខ្ពស់​ ខណៈ​តម្លៃ​នៅ​ក្នុង​​ទីផ្សារ​ចេះ​តែ​ធ្លាក់​ចុះ​។

បញ្ហា​ប្រឈម​មួយ​ទៀត​ គឺ​ការ​​យល់​ដឹង​ពី​គុណភាព​ម្រេច​​ខ្មៅ​របស់​អ្នក​ប្រើប្រាស់​ក្នុង​ស្រុក​​មាន​កម្រិត​​ដែល​យើង​ពិបាក​ក្នុង​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​ក្នុង​ស្រុក និង​នៅ​តាម​ទីផ្សារ​ទំនើប​។​ ហើយ​យើង​ជា​អ្នក​ផលិត​ក៏​​ប្រឈម​មុខ​នឹង​ការ​ចំណាយ​ខ្ពស់​ទៅ​លើ​ការ​ផលិត ​ការ​ដឹក​ជញ្ជូន ​និង​ការ​នាំចូល​សម្ភារ​​វេចខ្ចប់​ដែល​បន្ថែម​ការ-​ចំណាយ​បន្ថែម​ទៀត​ដល់​ផលិតផល​របស់​យើង ​និង​ពិបាក​ប្រកួត​ប្រជែង​ជា​មួយ​ទីផ្សារ​ក្នុង​តំបន់ ​និង​ទីផ្សារ​អន្តរជាតិ​​។

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ជួយ​លើក​កម្ពស់​ផលិតកម្ម​ម្រេច​ និង​សហគមន៍​ផលិត​ម្រេច​ ខណៈ​ដែល​វា​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ​ទីផ្សារ​ដូច​បច្ចុប្បន្ន​នេះ?​

បច្ចុប្បន្ន​យើង​កំពុង​ព្យាយាម​ជួយ​លើក​កម្ពស់​ផលិតផល​ម្រេច​​ខ្មែរ​តាម​រយៈ​ការ​នាំ​យក​ផលិតផល​នេះ​ទៅ​ចូលរួម​ក្នុង​ពិព័រណ៍​នៅ​ក្រៅ​ប្រទេស ​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​នៅ​តាម​ Billboard ​ជា​ដើម​ទាំង​នៅ​​​ក្នុង​ស្រុក ​និង​ទីផ្សារ​អន្ដរជាតិ​។​

យើង​កំពុង​ព្យាយាម​បញ្ជាក់​បន្ថែម​ពី​គុណភាព​នៃ​ម្រេច​ខ្មៅ​របស់​យើង​ទៅ​កាន់​ទីផ្សារ​ទិសដៅ​ថ្មី​ ដូច​ជា​ប្រទេស ​ចិន ​ដើម្បី​បង្កើន​ការ​នាំចេញ ​និង​ការ​​កសាង​​ម៉ាក។​​ ​រហូត​មក​ដល់​ពេល​នេះ​យើង​ធ្វើ​ការ​ជា​មួយ​នឹង​កសិករ​ចំនួន​ ៦០០ ​នាក់​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​ធ្វើ​កសិ​កម្ម​ដោយ​មាន​គុណភាព និង​បន្ថែម​តម្លៃ​​។​

តើ Sela​ Pepper ​មាន​ផែនការ​អ្វីខ្លះ​ដើម្បី​ជំរុញ​គុណភាព​ឧស្សាហកម្ម​ម្រេច​?

ដើម្បី​ធានា​បាន​នូវ​គុណភាព​ និង​ស្តង់ដា​កសិកម្ម​ម្រេច​ ក៏​ដូច​​ជា​ធានា​បាន​នូវ​តម្រូវ​ការ​ឧស្សាហកម្ម​ យើង​បាន​បង្កើត​មជ្ឈមណ្ឌល​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​ឧស្សាហកម្ម ​ដែល​មាន​ទីតាំង​​ក្នុង​ស្រុក​មេមត់​​ ខេត្ត​ត្បូងឃ្មុំ ​ដោយ​ធ្វើ​ការ​​ពាក់ព័ន្ធ​​​នឹង​ការ​ស្រាវជ្រាវ ​និង​​អភិវឌ្ឍន៍​​ទំនិញ​ដែល​នឹង​ត្រូវ​​​ដាក់​លក់​នៅ​​​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​។

គម្រោង​​នេះ​ក៏​នឹង​ជួយ​​លើក​កម្ពស់​បច្ចេកទេស​ធ្វើ​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព​ដែល​ធន់​​នឹង​អាកាសធាតុ​ និង​ចែក​រំលែក​ចំណេះ​ដឹង​ជា​មួយ​កសិករ​ក្នុង​ស្រុក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដាំ​ម្រេច​ខ្មៅ​ក៏​ដូច​ជា​ការ​ជួយ​​ផលិត​ម្រេច​ដែល​មាន​គុណភាព​ខ្ពស់​៕LA