ភ្នំពេញៈ ការនាំចេញអង្ករពីកម្ពុជាទៅទីផ្សារអន្តរជាតិហាក់បានឈានដល់ចំណុចកំពូលទៅហើយ ខណៈបរិមាណនៃការនាំចេញប្រចាំឆ្នាំលោតមិនផុតពីជាង ៦០ ម៉ឺនតោនទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) គឺជាស្ថាប័នកំពូលមួយក្នុងការជំរុញការនាំចេញអង្កររបស់កម្ពុជា។ ស្ថាប័ននេះកាលពីសប្តាហ៍មុនបានបោះឆ្នោតជ្រើសរើសប្រធានសម្រាប់អាណត្តិថ្មី ហើយជាលើកដំបូងដែលស្ថាប័នមួយនេះបានមើលឃើញប្រធានថ្មីចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ មក។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយ (Amru Rice) ដែលជាក្រុមហ៊ុនកែច្នៃ និងនាំចេញអង្ករដ៏ធំមួយនៅកម្ពុជាត្រូវបានជ្រើសរើសជាប្រធានថ្មីរបស់សហព័ន្ធស្រូវអង្ករកម្ពុជាសម្រាប់អាណត្តិទី ៣ នេះ។
លោក សុង សារ៉ន បានចាប់ផ្តើមប្រឡូកក្នុងវិស័យនេះចាប់តាំងពីឆ្នាំ ២០១១ តាមរយៈការបង្កើតក្រុមហ៊ុន អេមរុ រ៉ាយ។
នៅក្នុងបទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យម្សិលមិញអ្វីដែលលោក សុង សារ៉ន នឹងធ្វើដំបូងគេនៅក្នុងនាមជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានោះគឺចាប់ផ្តើមឡើងពីបណ្តាញកសិករ។
លោកថ្លែងថា៖ «ការងារដែលខ្ញុំនឹងជំរុញមុនគេសម្រាប់ប្រជាកសិករគឺការតភ្ជាប់ទីផ្សារតាមរយៈការធ្វើកិច្ចសន្យាកសិកម្មដូចជា ការប្រើប្រាស់ពូជ ការកាត់បន្ថយថ្លៃដើមផលិត»។
លោកបន្តថាដោយឡែកសម្រាប់ខាងរោងម៉ាស៊ីនកិនស្រូវគឺនឹងជំរុញឲ្យមានការប្រើប្រាស់ទុនបង្វិលឲ្យមានប្រសិទ្ធភាពសម្រាប់ការទិញស្រូវពីប្រជាកសិករ។
លោកបន្តថា៖ «យើងចង់ដាក់គោលការណ៍គឺការប្រើប្រាស់សាច់ប្រាក់ឲ្យមានរង្វិលជុំក្នុងការប្រមូលទិញស្រូវពីកសិករក្នុងរដូវច្រូតកាត់ ការពន្យល់ណែនាំឲ្យរោងម៉ាស៊ីននីមួយៗចេះរៀបចំបញ្ជីចំណូលចំណាយ ការរៀបចំបញ្ជីបង់ពន្ធ និងលិខិតស្នាមផ្សេងៗ ដើម្បីអភិវឌ្ឍខ្លួនជាស្ថាប័ន [ស្តង់ដា] ងាយស្រួលនៅពេលត្រូវការខ្ចីប្រាក់ពីធនាគារយកទៅវិនិយោគបន្ត»។
តាមលោក សុង សារ៉ន បញ្ហាឃ្លាំងស្តុក និងឡសម្ងួត គឺជារឿងចាំបាច់ដែលមិនអាចមើលរំលងបានតាមរយៈការពិនិត្យ និងជួយសម្របសម្រួលជាមួយក្រសួងជំនាញក្នុងការធ្វើការអភិវឌ្ឍឃ្លាំង និងឡសម្ងួត ការអភិវឌ្ឍឡូជីស្ទិក ដើម្បីបង្កើនភាពប្រកួតប្រជែងឲ្យកាន់តែខ្លាំង។
កម្ពុជានាំចេញអង្ករទៅបរទេសបាន ២៨១ ៥៣៨ តោននៅឆមាសទី ១ ឆ្នាំ ២០១៩ កើនឡើង ៣,៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ការនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារអឺរ៉ុបត្រូវបានកំណត់ឲ្យបង់ពន្ធ ដែលបានចាប់ផ្តើមកាលពីដើមឆ្នាំនេះ។ ទោះយ៉ាងនេះក្តីកម្ពុជាបានស្វះស្វែងរកទីផ្សារបន្ថែមក្រៅពីអឺរ៉ុបក្នុងនោះកម្ពុជាទទួលបានកូតានាំចេញទៅទីផ្សារចិនចំនួន ៤០ ម៉ឺនតោន។
ក្នុងនាមជាប្រធានថ្មីលោក សារ៉ន បានប្តេជ្ញានឹងជំរុញឲ្យការនាំចេញទៅប្រទេសចិនសម្រេចបានតាមកូតា ៤០ ម៉ឺនតោនដែលកម្ពុជាទទួលបាន។
លោកថ្លែងថា៖ «ចាប់តាំងពីមានការកំណត់ឲ្យបង់ពន្ធចំពោះអង្ករកម្ពុជាទៅទីផ្សារអឺរ៉ុប យើងឃើញថាការនាំចេញរបស់យើងទៅអឺរ៉ុបបានធ្លាក់ចុះប្រមាណ ២០ ភាគរយ ហេតុនេះទីផ្សារមួយនេះប្រហែលជាមិនរីកបានទៀតទេ ដូច្នេះយើងត្រូវតែមានផែនការរៀបចំទីផ្សាររបស់យើងឲ្យបានល្អឡើងវិញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ»។
រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការក្នុងការនាំចេញអង្ករឲ្យបាន ១ លានតោនត្រឹមឆ្នាំ ២០១៥ ប៉ុន្តែរហូតមកដល់ឆ្នាំ ២០១៨ ការនាំចេញអង្កររបស់កម្ពុជាសម្រេចបានត្រឹមតែជាង ៦២ ម៉ឺនតោនប៉ុណ្ណោះ។
ទោះយ៉ាងនេះក្តីលោក សុង សារ៉ន បានឲ្យដឹងថាកម្ពុជានឹងអាចសម្រេចបាន ១ លានតោនក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ លោកថ្លែងថា៖ «យើងនឹងខិតខំរៀបចំផែនការឡើងវិញជាមួយគ្រប់ផ្នែកពាក់ព័ន្ធទាំងវិស័យឯកជន និងរដ្ឋក្នុងក្តីរំពឹងយ៉ាងមុតមាំថានឹងអាចសម្រេចបានផែនការនាំចេញអង្ករ ១ លានតោននៅក្នុងឆ្នាំ ២០២២-២០២៣ ខាងមុខ»។
លោកបន្តថាដើម្បីឲ្យវិស័យស្រូវអង្ករបស់កម្ពុជាកាន់តែមានភាពរឹងមាំ ការចូលរួមពីវិស័យហិរញ្ញវត្ថុគឺជាការចាំបាច់ទាំងការផ្តល់កម្ចីដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ផលិតស្រូវ ខណៈដែលវិនិយោគិនធំៗគួរពិចារណាចំពោះការវិនិយោគទៅលើការកែច្នៃវត្ថុធាតុពីផលិតកម្មស្រូវដើមដើម្បីបង្កើនតម្លៃ៕ LA