បន្ទាប់ពី​ការឡើង​កាន់តំណែង​របស់​លោក Joe Biden ជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋអាមេរិក វា​អាច​ជា​ការផ្លាស់ប្តូរ​សម្រាប់​ការវិនិយោគ​ធំៗ​មួយចំនួន​ ខណៈ​ដែល​លោក​បាន​ហៅ​ការប្រែប្រួល​អាកាសធាតុ​ថា​ជា​បញ្ហា ទី​ ១ ​ដែល​មនុស្សជាតិ​កំពុង​ប្រឈម និង​បានប្រកាស​ផែនការ​កាត់បន្ថយ​ការបញ្ចេញ​កម្ដៅ​ឱ្យបាន​ដល់​កម្រិត​សូន្យ​នៅ​ឆ្នាំ​ ២០៥០​។

ប្រការនេះ​អាច​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុមហ៊ុន​ផ្ដោតលើ​បរិស្ថាន ហើយ​អាចជា​សុទិដ្ឋិនិយម​ផងដែរ​សម្រាប់​វិស័យ​ប្រេង​នៅ​ឆ្នាំនេះ បន្ទាប់ពី​ប្រទេស​ផលិត​ប្រេង​ភាគច្រើន​បាន​ចំណាយពេល​ពេញ​ ១ ឆ្នាំ​ ២០២០ ​កន្លង​មក​នេះ ផ្តោតលើ​ការកាត់បន្ថយ​ថ្លៃដើម​ដើម្បី​បន្ត​អាជីវកម្ម​នៅពេល​តម្លៃ​ប្រេង​មាន​កម្រិត​ទាប​។

ឆ្នាំ​ ២០២១ ​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ភាពល្អប្រសើរ​ជាង​មុន​សម្រាប់​ប្រទេស​ផលិត​ប្រេង​។ យោងតាម​គេហទំព័រ Nasdaq តម្លៃ​ប្រេង​បាន​កើនឡើង​ជាង​ ១០ ​ភាគរយ​ពោល​គឺ​កើនឡើង​លើសពី​ ៥០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ជា​លើកដំបូង​ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំមុន​។ ការឡើង​ថ្លៃ​នេះ​អាច​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ បើ​ពិនិត្យ​មើល​ពី​សារៈសំខាន់​នៃ​តម្លៃ​ ៥០ ​ដុល្លារ​សម្រាប់​ប្រទេស​ផលិត​ប្រេង​មួយចំនួន​។ ទោះជា​យ៉ាងណា តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ ១.០៣ ភាគរយ​ដល់ ៥១.៨៧ ដុល្លារ​ក្នុង​ ១ ​បារ៉ែល​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នៅ​អាស៊ី បន្ទាប់ពី​បាន​ធ្លាក់ចុះ​ច្រើន​បំផុត​ក្នុង​រយៈពេល​ជិត ៤ ​សប្តាហ៍ ដោយសារ​តែ​ប្រាក់​ដុល្លារ​ឡើងថ្លៃ ទិន្នន័យ​សេដ្ឋកិច្ច​មិនល្អ​របស់​សហរដ្ឋ​អាមេរិក និង​ចំនួន​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​កើនឡើង​ជា​លំដាប់​មិន​ធ្លាប់មាន​នៅលើ​ពិភពលោក​។

នៅក្នុង​សប្តាហ៍​នេះ ប្រេងឆៅ​អាច​មាន​និន្នាការ​នៃ​ការកើនឡើង​តម្លៃ​ខ្លះ​មកវិញ បន្ទាប់ពី​ការឡើង​កាន់តំណែង​របស់​លោក Biden នៅ​ថ្ងៃ​ពុធ​។ ដូច្នេះ​វិនិយោគិន​គួរ​រង់ចាំ​ទិញ​ប្រេង​ឆៅ​ក្នុង​តម្លៃ​ ៥០.៥០ ដុល្លារ ទៅ ៥១ ដុល្លារ​ក្នុង​ ១ ​បារ៉ែល និង​ទទួល​បាន​ប្រាក់ចំណេញ​ក្នុងតម្លៃ​ ៥២.៥០ ​ដុល្លារ​ជាមួយ​នឹង​ការខាត​នៅត្រឹម​តម្លៃ​ ៤៩,៨០ ដុល្លារ​។

សម្រាប់​អ្នកជួញដូរ​វិញ ពួកគេ​អាច​រង់ចាំ​លក់​ប្រេងឆៅ​ក្នុង​តម្លៃ ៥៣,៧០ ដុល្លារ​ក្នុង​ ១ ​បារ៉ែល និង​ទទួលបាន​ចំណេញ​ក្នុងតម្លៃ ៥២,៣០ ដុល្លារ ជាមួយ​នឹង​ការខាត​ក្នុងតម្លៃ​ ៥៥ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​៕