ភ្នំពេញៈ សួនសត្វកម្សាន្ត Safari World ដ៏ធំនៅជាយក្រុងភ្នំពេញ របស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាគឺឧកញ៉ា លី យ៉ុងផាត់ នឹងបើកដំណើរការនៅដើមឆ្នាំ២០១៧ ខណៈអ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍អះអាងថា វានឹងផ្តល់អត្ថប្រយោជន៍បន្ថែមសម្រាប់អ្នកនៅជុំវិញតំបន់នោះ។
លោក លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ពីថ្ងៃម្សិលមិញថា សួនកម្សាន្តដ៏ធំនេះនឹងបើកដំណើរការនៅមុនចូលឆ្នាំខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក។
ក្រុមហ៊ុនបានសម្រេចបង្វែរមកបង្កើតសួនសត្វកម្សាន្ត Safari World នេះនៅភ្នំពេញវិញ បន្ទាប់វាត្រូវបានដំណើរការនៅខេត្តកោះកុងជាច្រើនឆ្នាំនឹងមិនជោគជ័យមក។
លោក លី យ៉ុងផាត់ បានឲ្យដឹងថា៖ «ពីដំបូងប៉ាន់ស្មានថាធ្វើនៅកោះកុងអាចអូសទាញភ្ញៀវទេសចរពីថៃផង និងកម្ពុជាផងតែដល់ពេលធ្វើទៅមិនជោគជ័យដូចការគិត»។
លោកបន្តថា សម្រាក់អ្នកទេសចរក្នុងស្រុកវិញវាពិតជាមានទីតាំងឆ្ងាយដែលពួកគេមិនមានឱកាសក្នុងការទៅលេងកម្សាន្តនោះទេ។ លោករំពឹងថា ការប្តូរមកតាំងនៅភ្នំពេញនឹងទាក់ទាញទេសចរក្នុងស្រុកកាន់តែច្រើន។
លោកទទួលស្គាល់ថាការធ្វើសួនសត្វនៅកោះកុងគឺមានទីតាំងឆ្ងាយពេកពីទីប្រជុំជន ផ្លូវកោង ឡើងភ្នំ ដែលធ្វើឲ្យពលរដ្ឋពិបាកធ្វើដំណើរទៅដល់ទីនោះ។
លោកថ្លែងថា៖ «ការប្តូរទីតាំង មកដាក់នៅរាជធានីភ្នំពេញនឹងមានពលរដ្ឋជាច្រើនចូលរួមដើរកម្សាន្តច្រើន។ អ្វីក៏ដោយធ្វើនៅទីក្រុងម៉េចក៏គ្រាន់ជាងខេត្ត ព្រោះទីក្រុងភ្នំពេញភ្ញៀវទេសចរមកពីគ្រប់ទិស ឬមកពីព្រំដែនថៃ ឬវៀតណាមក៏បាន ហើយជិះយន្តហោះមកពីណាក៏មាន និយាយរួមអាចទាក់ទាញភ្ញៀវទេសចរបានច្រើន»។
លោក លី យ៉ុងផាត់ បដិសេធបង្ហាញពីការវិនិយោគលើសួនសត្វកម្សាន្តថ្មីនេះ ប៉ុន្តែលោកបានឲ្យដឹងថា តម្លៃសំបុត្រចូលទស្សនាដូចគ្នាកាលពីនៅកោះកុងដែរ ក្នុងនោះ៥ដុល្លារភ្ញៀវក្នុងស្រុក និង៧ ទៅ ១០ ដុល្លារសម្រាប់ជនបរទេស។
សួនសត្វកម្សាន្តថ្មីនេះមានទីតាំងនៅទល់មុខស្ថានីយទូរទស្សន៍ PNN ក្នុងខណ្ឌជ្រោយចង្វារ និងនៅលើផ្ទៃដីទំហំ៨០ហិកតា។
យោងតាមហ្វេសប៊ុករបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សួនកម្សាន្តថ្មីនេះមានឈ្មោះថា «សួនសត្វ Phnom Penh Safari World ដែលតាមគម្រោងនឹងមាន សាលសម្ដែងសត្វស្វា សត្វបក្សី សត្វខ្លា សត្វក្រពើ សួនសត្វគ្រប់ប្រភេទ សួនទឹក សួនផ្កា ស្មៅ រុក្ខជាតិ និងអគារអាហារដ្ឋានជាដើម។
លោក លី យ៉ុងផាត់ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សត្វទាំងអស់នឹងត្រូវនាំយកពីខេត្តកោះកុង មកដាក់នៅសួនសត្វនៅភ្នំពេញវិញ។
អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍បានស្វាគមន៍ចំពោះវត្តមានសួនកម្សាន្តដ៏ធំនេះ ហើយថាអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ក្នុងតំបន់នេះនឹងបានអត្ថប្រយោជន៍បន្ថែម។
លោក ហូ វណ្ឌី អនុប្រធានសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា មើលឃើញថានឹងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ជាពិសេសបង្កើនចំណូលដល់អ្នករស់នៅក្បែរនោះ។
លោកបន្តថា៖«ជារឿងល្អព្រោះឃើញថាគម្រោងនេះជាទំហំដ៏ធំធេង ហើយនេះជាផលិតផលកែច្នៃលំដាប់ទេសចរណ៍ដ៏ធំ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ»។
លោកបន្តថា៖ «វាអាចបង្កើនប្រាក់ចំណូលដល់អ្នកពាក់ព័ន្ធជាពិសេសដល់ក្រុមហ៊ុនដឹកជញ្ជូន អ្នករត់រ៉ឺម៉ក ម៉ូតូឌុប ស៊ីក្លូជាដើម មួយទៀតនៅពេលដែលចាប់ផ្តើមដំណើរការ រដ្ឋាភិបាលនឹងបានទទួលពន្ធពីអ្នកវិនិយោគនោះ»។
បើតាមលោកឧកញ៉ាលី យ៉ុងផាត់ សួនកម្សាន្តថ្មីនេះ នឹងផ្តល់ការងារដល់ប្រជាជនក្នុងស្រុកប្រមាណពី៣០០ ទៅ៤០០នាក់៕