ខេត្តបាក់និញៈ សួនឧស្សាហ​កម្ម​ Yen Phong 1 Industrial Park នៅខេត្ត Bac Ninh ភាគខាងជើង​បាន​ក្លាយជា​​សួនឧស្សាហ​កម្មលើក​ដំបូង​នៅក្នុងប្រទេស​វៀតណាម ដែលទទួល​បាន​​បណ្ដាញ​ទូរគមនា​គមន៍​ 5G ដោយ​បច្ចេកវិទ្យាថ្មីនេះ​​ បានដាក់​​ឲ្យដំណើរការ​នៅទីតាំងនោះ​ដោយ​ក្រុមហ៊ុន Viettel កាល​ពីថ្ងៃព្រហស្បតិ៍។​​

នៅពេលដាក់​​ឲ្យដំណើរការនេះ​ លោក​ Phan Tam អនុរដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន និងទូរគមនា​គមន៍ បាន​​ឲ្យ​ដឹងថា ដំណើរការសាកល្បង​បណ្ដាញ​​ 5G នៅ​សួនឧស្សាហកម្ម​​ Yen Phong 1 គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ ក្នុងការអនុវត្តគោលការណ៍​ណែនាំ​​​ Politburo Resolution No 52-NQ/TW ដែលបានចេញ​កាលពី​ខែកញ្ញា​ឆ្នាំ​ ២០១៩ លើគោល​នយោបាយ​មួយចំនួន​​សម្រាប់​​ការចូលរួម​សកម្មជាមុន​នៅក្នុង​​បដិវត្តន៍​ឧស្សាហ​កម្មទី៤ ដែលជួយ​ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល​​​ទំនើប​ ឆ្លើយតបនឹង​តម្រូវការ​ផ្លាស់ប្តូរ​​ឌីជីថល​របស់ក្រុមហ៊ុន។​​

លោកបញ្ជាក់ថា ​ការប្រើប្រាស់ប្រព័ន្ធ 5G ក៏មាន​​ប្រយោជន៍ដើម្បីទាក់ទាញ​គម្រោង​វិនិយោគផ្ទាល់បរទេស​​ជំនាន់ថ្មី​ដែល​​ប្រើប្រាស់​​បច្ចេកវិទ្យា​ខ្ពស់ និងបៃតងផងដែរ​។

ក្រៅពីនេះ​​លោក Tam បាន​ស្នើសុំ​ឲ្យ​ក្រុម​ហ៊ុន​ Viettel​​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ 5G ដើម្បី​ជួយសម្រួល​​ដល់​សហគ្រាស​ក្នុងប្រទេស​វៀតណាម​ អនុវត្ត​ដំណោះស្រាយ​​ផ្លាស់ប្តូរឌីជីថ​ល​ និង​ចាប់​ផ្ដើម​​ប្រើប្រាស់​បច្ចេកវិទ្យា​ 5G នៅក្នុងប្រតិបត្តិការ​របស់ពួកគេ​។​​

លោក​ក៏បាន​​ប្រាប់​អាជ្ញាធរ​ខេត្ត Bac Ninh ឲ្យបង្កើត​លក្ខខណ្ឌចាំបាច់​ដល់ក្រុម​ហ៊ុន​ Viettel ដើម្បីអភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​​ 5G នៅក្នុងសួន​ឧស្សាហកម្ម​​ក្នុងប្រទេស​វៀតណាម​ និង​ជំរុញ​​ឲ្យមាន​ការផ្លាស់ប្តូរឌីជីថល​​​ ជួយ​ប្រែក្លាយខេត្តនេះទៅជា​​ទីក្រុង​នវានុវត្តន៍​នៅក្នុង​តំបន់​ភាគខាងជើង​។​​

លោក​ Vuong Quoc Tuan អនុប្រធាន​គណៈកម្មាធិការ​​ប្រជាជនខេត្ត​ បាន​ឲ្យ​ដឹងថា សួនឧស្សាហ​កម្ម Yen Phong 1 គឺជា​​សួន​ឧស្សាហកម្ម​​លើកដំបូង​ នៅក្នុងប្រទេស​វៀតណាម​ ដែល​បណ្ដាញ​​​ 5G អាចរកបាន​។ លោក​បន្ថែមថា ការប្រើប្រាស់​បណ្ដាញ 5G នឹង​ជួយ​បង្កើន​ល្បឿន​ដំណើរ​ការផលិត​ និងទាក់ទាញ​​ការ​វិនិយោគ​កាន់តែ​ច្រើន​ចូលមក​​សួនឧស្សាហកម្មនេះ និងខេត្ត Bac Ninh ទាំងមូលផងដែរ៕ VNS-ANN/LA